អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការសម្រាប់បុគ្គលិកធ្វើការងារផ្ទះ

ទិដ្ឋាការសម្រាប់បុគ្គលិកធ្វើការងារផ្ទះ

លើទំព័រនេះ


ព័ត៌មានទូទៅ

ជំនួយការផ្ទាល់ខ្លួន ឬអ្នកធ្វើការងារផ្ទះដែលត្រូវរួមដំណើរ ជាមួយ និយោជក ឬធ្វើដំណើរទៅតាមនិយោជកទៅសហរដ្ឋអាមេរិកអាចនឹង មានលក្ខណៈសម្បតិ្តសម្រាប់ទិដ្ឋាការប្រភេទ B-1។ ប្រភេទការងារ សម្រាប់និយោជិតធ្វើការងារផ្ទះនេះរួមមាន អ្នកចាត់ការ (Butlers) អ្នកបើកបរ (Chauffeurs) អ្នកធ្វើការងារផ្ទះ (Housemaids) អ្នកទទួលចតរថយន្ត (Valets) អ្នកទិញឥវ៉ាន់ឬបើកទា្វរ (footmen) អ្នកថែទាំក្មេង (Nannies) ជំនួយការរបស់អ្នកម្តាយ (Mothers’ helpers) អ្នកថែសួន (Gardeners) និងអ្នកកំដរអោយបានជាគ្នា (Paid companions)។

អ្នករួមដំណើរ ឬអ្នកត្រូវធ្វើដំណើរទៅតាមនិយោជកដែលជាមន្ត្រីការទូត ឬមន្រ្តីរដ្ឋាភិបាលអាចមានលក្ខណៈសម្បតិ្តសម្រាប់ទិដ្ឋាការប្រភេទ A-3 ឬ G-5 អាស្រ័យទៅតាមស្ថានភាពទិដ្ឋាការរបស់និយោជកនោះ។

លក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការ

ប្រសិនបើអ្នកជានិយោជិតធ្វើការងារផ្ទះ ហើយចង់ដាក់ពាក្យសុំទិដ្ឋាការ ប្រភេទ B-1 អ្នកត្រូវតែបង្ហាញថា៖

  • គោលបំណងនៃការធ្វើដំណើររបស់អ្នកទៅសហរដ្ឋអាមេរិកគឺទៅធ្វើជាបុគ្គលិកធ្វើការងារផ្ទះ។
  • អ្នកមានគម្រោងស្នាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាក់លាក់មួយ ហើយមានកាលកំណត់។
  • និយោជករបស់អ្នកមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌតម្រូវ។
  • អ្នកមានភស្តុតាងដែលបញ្ជាក់ពីចំណងស្ថានភាពសង្គម និងចំណង សេដ្ឋកិច្ចនៅប្រទេសមួយក្រៅពីសហរដ្ឋអាមេរិក។
  • អ្នកមានលំនៅដ្ឋាននៅប្រទេសមួយក្រៅពីសហរដ្ឋអាមេរិក និងមាន ចំណងស្ថានភាពផ្សេងៗទៀតដែលធានាថាអ្នកនឹងចាកចេញពីសហរដ្ឋអាមេរិកនៅពេលដែលបានបញ្ចប់កិច្ចសន្យាការងារនោះ។

ការរួមដំណើរជាមួយអ្នកដែលមានទិដ្ឋាការមិនមែនអន្តោប្រវេសន័

ប្រសិនបើអ្នកជានិយោជិតធ្វើការងារផ្ទះ ហើយចង់រួមដំណើរឬទៅធ្វើការ អោយនិយោជកដែលមិនមែនជាពលរដ្ឋអាមេរិក ឬជាអ្នកមានសិទ្ធិរស់នៅ ស្របច្បាប់ជាអចិន្រ្តៃយ៍ ហើយពួកគេកំពុងតែស្វែងរកការអនុញ្ញាតដើម្បី ចូលទៅសហរដ្ឋអាមេរិក ឬក៏ជាអ្នកដែលបានស្ថិតនៅសហរដ្ឋអាមេរិករួច ហើយតាមរយៈទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ B E F H I J L M O P Q ឬប្រភេទ R នោះ អ្នកអាចមានលក្ខណៈសម្បតិ្តសម្រាប់ ទិដ្ឋាការប្រភេទ B-1 ប្រសិនបើអ្នកអាចបញ្ជាក់បង្ហាញថា៖

  • អ្នកមានបទពិសោធន៍ការងារយ៉ាងហោចណាស់មួយឆ្នាំក្នុងនាមជា បុគ្គលិកផ្ទាល់ខ្លួន ឬជាអ្នកធ្វើការងារផ្ទះ ដូចបានរៀបរាប់ក្នុងសេចក្តី បញ្ជាក់របស់និយោជកមុនៗ។
    o អ្នកធ្លាប់បានធ្វើការងារអោយនិយោជកនៅប្រទេសផ្សេងក្រៅពី សហរដ្ឋអាមេរិកយ៉ាងហោចណាស់ក៏រយៈពេលមួយឆ្នាំមុនពេល ដែលអ្នកស្នើសុំការអនុញ្ញាតចូលទៅសហរដ្ឋអាមេរិកនេះ។ ឬ
    o ទំនាក់ទំនងក្នុងនាមជានិយោជក និងនិយោជិតនេះទើបនឹងកើតឡើង ភ្លាមៗមុនពេលដែលនិយោជកដាក់សំណើសម្រាប់ការងារនេះ ហើយនិយោជករបស់អ្នកអាចបង្ហាញថាប៉ុន្មានឆ្នាំកន្លងមកនេះគាត់ធ្លាប់មានអ្នកជួយធ្វើការងារផ្ទះ (ទោះជាពេញមួយឆ្នាំ ឬតាមរដូវ កាលក៏ដោយ) មុនពេលដែលគាត់ដាក់ពាក្យសុំនេះ។
  • អ្នកមិនអាចធ្វើការងារអ្វីផ្សេងទៀតបានទេ ហើយអ្នកនឹងទទួលបាន បន្ទប់សម្រាប់ស្នាក់នៅ ម្ហូបអាហារដោយឥតគិតថ្លៃ និងថ្លៃសំបុត្រយន្ត ហោះសម្រាប់ធ្វើដំណើរទៅនិងត្រឡប់មកវិញដោយមិនគិតប្រាក់ពី និយោជករបស់អ្នកដូចអ្វីដែលបានចែងក្នុងកិច្ចសន្យាការងារ។

ការរួមដំណើរជាមួយជនជាតិអាមេរិកាំង

ក) និយោជិតធ្វើការងារផ្ទះដែលត្រូវរួមដំណើរជាមួយជនជាតិអាមេរិក ឬត្រូវធ្វើដំណើរទៅធ្វើការអោយជនជាតិអាមេរិកដែលទទួលបានការតែងតាំងអោយទៅបំរើការងារជាលក្ខណៈបណ្តោះអាសន្ននៅសហរដ្ឋអាមេរិក អាចមានលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទ B-1 ប្រសិនបើគេអាច បំពេញនូវលក្ខខណ្ឌតម្រូវដូចខាងក្រោម៖

១) និយោជិតមានទីលំនៅនៅប្រទេសមួយក្រៅពីសហរដ្ឋអាមេរិក ហើយពួកគេមិនមានបំណងនឹងបោះបង់ចោលទីលំនៅនោះទេ។
២) គាត់ធ្លាប់បានធ្វើការងារអោយនិយោជកនៅក្រៅប្រទេសក្នុងនាម ជាអ្នកធ្វើការងារផ្ទះយ៉ាងតិចបំផុត៦ខែមុនពេលដែលនិយោជកធ្វើដំណើរទៅស្នើសុំការអនុញ្ញាតចូលសហរដ្ឋអាមេរិក ឬនិយោជកអាច បញ្ជាក់ថានៅពេលបំពេញការងារនៅក្រៅប្រទេសកន្លងមក គាត់ ធ្លាប់មានបុគ្គលិកធ្វើការងារផ្ទះអោយគាត់ដូចបេក្ខជននេះដែរ។
៣) និយោជិតអាចបញ្ជាក់ថាយ៉ាងតិចគាត់មានបទពិសោធន៍ការងារ រយៈពេល១ឆ្នាំក្នុងនាមជាបុគ្គលិកធ្វើការងារផ្ទះ ហើយត្រូវមាន ឯកសារបញ្ជាក់អំពីបទពិសោធន៍ការងារទាំំងនោះពីនិយោជកមុនៗ។ និង
៤) និយោជិតត្រូវមានកិច្ចសន្យាការងារច្បាប់ដើម ឬច្បាប់ចម្លង សម្រាប់បង្ហាញដល់មន្រ្តីនៅព្រលានយន្តហោះ ហើយកិច្ចសន្យា ការងារនេះត្រូវមានហត្ថលេខាច្បាប់ដើមរបស់និយោជក និងនិយោជិតផងដែរ។

ខ) និយោជកដែលជាជនជាតិអាមេរិក ជាទូទៅធ្លាប់បានផ្ទេរការងារទៅ បរទេសញឹកញាប់ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ឬយូរជាងនេះដោយសារ ជាលក្ខខណ្ឌតម្រូវនៃការងាររបស់គេដូចការបញ្ជាក់របស់ការិយាល័យបុគ្គលិកនៃនិយោជកនោះ ហើយការត្រឡប់ទៅធ្វើការនៅសហរដ្ឋអាមេរិក នេះនឹងមិនលើសពីរយៈពេល៦ឆ្នាំនោះទេ។ និយោជិតអាចធ្វើការងារបាន អោយនិយោជកនេះតែប៉ុណ្ណោះ ហើយនិយោជកត្រូវផ្តល់ទីកន្លែងស្នាក់នៅ និងចំណីអាហារដោយមិនគិតប្រាក់ និងត្រូវផ្តល់សំបុត្រយន្តហោះដោយ មិនគិតប្រាក់សម្រាប់ការធ្វើដំណើរទៅនិងត្រឡប់ពីសហរដ្ឋអាមេរិកវិញ ដូចអ្វីដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាការងារនោះ។ និង

គ) កិច្ចសន្យាការងារនេះត្រូវបានចុះហត្ថលេខា និងចុះកាលបរិច្ឆេទដោយ និយោជក និងនិយោជិតហើយមានការធានាអំពីភាគីនិយោជកបន្ថែមទៅ លើអ្វីដែលបានរៀបរាប់នៅក្នុងចំណុច “ខ” ខាងលើថា និយោជិតនឹងទទួល បានប្រាក់កម្រៃអប្បបរមា ឬលើសពីនេះសម្រាប់ការងារ៨ម៉ោងក្នុងមួយ ថ្ងៃ។ ម៉្យាងទៀតកិច្ចសន្យាការងារនេះត្រូវចែងអោយច្បាស់អំពីផល ប្រយោជន៍ទាំងឡាយណាដែលជាទូទៅនិយោជិតធ្វើការងារផ្ទះនៅសហរដ្ឋអាមេរិកនឹងទទួលបានសម្រាប់ប្រភេទការងារដូចគ្នានេះ។ និយោជកត្រូវ ជូនដំណឹងអំពីការចង់បញ្ឈប់ការងារយ៉ាងតិចបំផុតក៏រយៈពេលពីរសប្តាហ៍មុន ឯនិយោជិតវិញក៏អាចជូនដំណឹងដល់និយោជកអំពីបំណងចង់លា ឈប់ពីការងារក្នុងកំឡុងពេលមិនលើសពីពីរសប្តាហ៍ដែរ។

ការរួមដំណើរជាមួយអ្នកមានសិទ្ធរស់នៅស្របច្បាប់ជាអចិន្រ្តៃយ៍នៅសហរដ្ឋអាមេរិក

អ្នកដែលមានសិទ្ធិរស់នៅស្របច្បាប់ជាអចិន្រ្តៃយ៍នៅអាមេរិក (អ្នកកាន់ ប័ណ្ណពណ៌បៃតង) មិនអាចអនុញ្ញាតអោយយកបុគ្គលិកធ្វើការងារផ្ទះទៅ សហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការប្រភេទ B-1 បានទេ ទោះបីជាក្នុង ស្ថានភាពណាក៏ដោយ។

លក្ខខណ្ឌតម្រូវនៃកិច្ចសន្យាការងារសម្រាប់អ្នកកាន់ទិដ្ឋាការប្រភេទ B-1

ក្នុងនាមជាបុគ្គលិកធ្វើការផ្ទះដែលដាក់ពាក្យសុំទិដ្ឋាការប្រភេទ B-1 អ្នកត្រូវតែបង្ហាញកិច្ចសន្យាការងារដែលមានហត្ថលេខារបស់អ្នក និងហត្ថលេខានិយោជករបស់អ្នក ដែលរួមមានលក្ខខណ្ឌខាងក្រោម៖

  • ការរៀបរាប់អំពីតួនាទីការងាររបស់អ្នកនៅសហរដ្ឋអាមេរិក។
  • ចំនួនម៉ោងដែលអ្នកនឹងធ្វើការក្នុងសប្តាហ៍នីមួយៗ។
  • ចំនួនថ្ងៃឈប់សម្រាក វិស្សមកាល និងថ្ងៃឈប់សម្រាកពេលមានជំងឺដែលត្រូវបានអនុញ្ញាតក្នុងឆ្នាំនីមួយៗ។
  • ថ្ងៃឈប់សម្រាកប្រចំាសប្តាហ៍។
  • អត្រាប្រាក់ខែ៖ យ៉ាងហោចណាស់ក៏ត្រឹមប្រាក់កម្រៃទូទៅ ឬកម្រៃជា អប្បបរមាក្នុងមួយម៉ោងអាស្រ័យទៅច្បាប់សហព័ន្ធ (អត្រាមួយណា ខ្ពស់ជាង) នៅរដ្ឋដែលអ្នកត្រូវទៅធ្វើការសម្រាប់ម៉ោងការងាររបស់ អ្នក។ អត្រាប្រាក់កម្រៃអប្បបរមាបច្ចុប្បន្ននៅតាមរដ្ឋនានានៅសហរដ្ឋ អាមេរិកអាចអានបាននៅទីនេះ ហើយអត្រាប្រាក់កម្រៃទូទៅបច្ចុប្បន្ន អាចអានបាននៅទីនេះ
  • ការបញ្ជាក់ថាអ្នកនឹងទទួលបានបន្ទប់ស្នាក់នៅ និងម្ហូបអាហារដោយ ឥតគិតថ្លៃ។
  • ការបញ្ជាក់ថានិយោជករបស់អ្នកនឹងធានារ៉ាប់រងរាល់ការចំណាយ ផ្សេងៗ ហើយមិនអោយអ្នកក្លាយជាបន្ទុករបស់រដ្ឋាភិបាលអាមេរិកទេខណៈពេលដែលអ្នកធ្វើការឱ្យនិយោជកនោះ។
  • ការបញ្ជាក់ថាអ្នកនឹងមិនទទួលយកការងារណាផ្សេង ខណៈពេលធ្វើ ការឱ្យនិយោជករបស់អ្នក។
  • ការបញ្ជាក់ថានិយោជករបស់អ្នកនឹងមិនដកហូតយកលិខិតឆ្លងដែន របស់អ្នកទេ។
  • ការបញ្ជាក់ពីភាគីទាំងពីរដែលបានព្រមព្រៀងគ្នាថា គេនឹងមិនតម្រូវ អោយអ្នកស្ថិតនៅក្នុងបរិវេណការងារ ក្រៅពីម៉ោងការងាររបស់អ្នក ដោយមិនផ្តល់ប្រាក់កម្រៃនោះទេ។
  • ការបញ្ជាក់ថានិយោជករបស់អ្នកនឹងផ្តល់ប្រាក់ថ្លៃចំណាយសម្រាប់ ការធ្វើដំណើរជាដំបូងទៅកាន់សហរដ្ឋអាមេរិក និងការធ្វើដំណើរ ទៅកាន់កន្លែងការងារណាផ្សេងទៀតដែលនិយោជកត្រូវផ្ទេរទៅធ្វើការ ឬថ្លៃចំណាយសម្រាប់ការធ្វើដំណើរត្រឡប់មកប្រទេសដើមវិញនៅ ពេលដែលបានបញ្ចប់ការងារ។

ការរួមដំណើរជាមួយអ្នកកាន់ទិដ្ឋាការប្រភេទ A-1 A-2 ឬ ប្រភេទ G-1 - G-4 (ទិដ្ឋាការប្រភេទ A-3 ឬ G-5)

ប្រសិនបើអ្នកជាអ្នករួមដំណើរ អ្នកធ្វើការផ្ទះ ឬជាជំនួយការផ្ទាល់របស់ បុគ្គលណាម្នាក់ដែលមានទិដ្ឋាការប្រភេទ A-1 ប្រភេទ A-2 ឬ ប្រភេទ G-1 រហូតដល់ប្រភេទ G-4 នោះអ្នកមានលក្ខណៈសម្បត្តិសមស្របសម្រាប់ ទិដ្ឋាការប្រភេទ A-3 ឬ G-5 ។ អ្នកត្រូវតែបញ្ជាក់បង្ហាញពីលក្ខណៈ សម្បត្តិរបស់អ្នកសម្រាប់ទិដ្ឋាការប្រភេទ A-3 ឬ G-5 (ឧទាហរណ៍ ដូច ជាមានលិខិតបញ្ជាក់គុណសម្បត្តិការងារពីនិយោជកមុន ភស្តុតាងបញ្ជាក់ ការងារពីមុនក្នុងជំនាញដូចគ្នានេះជាដើម)។ មន្រ្តីកុងស៊ុលត្រូវបញ្ជាក់ពី ស្ថានភាពផ្លូវការរបស់និយោជកព្រមទាំងបំណងរបស់ភាគីទាំងពីរក្នុងការបន្តការងារក្នុងនាមជានិយោជក និងនិយោជិត។ លើសពីនេះទៀត បុគ្គលិកធ្វើការងារផ្ទះរបស់មន្រ្តីការទូត (A-3) និងបុគ្គលិកអង្គការ អន្ដរជាតិ (G-5) ដំបូងត្រូវចុះឈ្មោះនៅការិយាល័យគ្រប់គ្រងប្រព័ន្ធ ព័ត៌មានបេសកម្មអន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក Department of State's Office of Foreign Mission Management Information System (TOMIS) មុនពេលដាក់ពាក្យសុំទិដ្ឋាការ។ សម្រាប់ព័ត៌មានលម្អិតពីការចុះឈ្មោះក្នុងប្រព័ន្ធ TOMIS សូមទាក់ទង ការិយាល័យគ្រប់គ្រងប្រព័ន្ធព័ត៌មានបេសកម្មអន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ មន្ត្រីកុងស៊ុលត្រូវសម្ភាសរាល់បេក្ខជនដែលដាក់ ពាក្យសុំទិដ្ឋាការប្រភេទ A-3 និង G-5 ។ ពួកគេត្រូវតែធ្វើតាមនីតិវិធីដាក់ពាក្យសុំទិដ្ឋាការជាលក្ខណៈធម្មតាលើកលែងតែចំណុចមួយប៉ុណ្ណោះគឺ បេក្ខជនសុំទិដ្ឋាការប្រភេទ A-3 និង G-5 មិនចាំបាច់បង់ប្រាក់ថ្លៃដាក់ពាក្យ សុំទិដ្ឋាការនោះទេ។

  • មន្រ្តីកុងស៊ុលត្រូវតែមានការជឿជាក់ថាប្រាក់កម្រៃដែលបេក្ខជនទិដ្ឋាការប្រភេទ A-3 ឬ G-5 នឹងត្រូវទទួលបាន គឺជាប្រាក់កម្រៃសមស្រប ប្រសិនបើប្រៀបធៀបជាមួយនឹងប្រាក់កម្រៃដែលអ្នកផ្សេងទទួលបាន ក្នុងប្រភេទការងារដូចគ្នានេះ ហើយក៏ជាប្រាក់កម្រៃដែលគ្រប់គ្រាន់ មិនធ្វើអោយគេក្លាយជាបន្ទុករបស់រដ្ឋាភិបាលអាមេរិកនោះទេ។ ពាក្យសុំទិដ្ឋាការប្រភេទនេះត្រូវភ្ជាប់ជាមួយនូវកិច្ចសន្យាការងារដែលបានចុះហត្ថលេខាដោយភាគីនិយោជក និងនិយោជិត។

លក្ខខណ្ឌតម្រូវនៃកិច្ចសន្យាការងារសម្រាប់អ្នកកាន់ទិដ្ឋាការប្រភេទ A-3 ឬប្រភេទ G-5

ក្នុងនាមជាបុគ្គលិកធ្វើការផ្ទះដែលដាក់ពាក្យសុំទិដ្ឋាការប្រភេទ A-3 ឬប្រភេទ G-5 ត្រូវតែបង្ហាញកិច្ចសន្យាការងារដែលមានហត្ថលេខា របស់អ្នក និងនិយោជករបស់អ្នកដែលរួមមានលក្ខខណ្ឌខាងក្រោម៖

  • ការធានាអះអាងថាអ្នកនឹងទទួលបានប្រាក់កម្រៃតាមអត្រាជាអប្បបរមា ឬអត្រាជាលក្ខណៈទូទៅរបស់រដ្ឋ ឬសហព័ន្ធ អាស្រ័យទៅតាម អត្រាមួយណាដែលខ្ពស់ជាង។ អត្រាប្រាក់កម្រៃអប្បបរមាបច្ចុប្បន្ននៅ តាមរដ្ឋនានានៅសហរដ្ឋអាមេរិកអាចអានបាននៅទីនេះ ហើយអ្នកអាច អានអត្រាប្រាក់កម្រៃទូទៅបច្ចុប្បន្ននៅទីនេះ
  • សេចក្តីបញ្ចាក់ថាបន្ទាប់ពីរយៈពេល90ថ្ងៃដំបូងនៃការងារ ការទូទាត់ ប្រាក់កម្រៃទាំងអស់ត្រូវធ្វើឡើងតាមរយៈមូលប្បទានបត្រ ឬការផ្ទេរ តាមប្រព័ន្ធអេឡិចត្រូនិចទៅគណនីធនាគាររបស់អ្នក។ និយោជក ឬ សមាជិកគ្រួសាររបស់ពួកគេមិនមានសិទ្ធិប្រើប្រាស់ឬដកប្រាក់ពី គណនីធនាគាររបស់អ្នកបានទេ។
  • នៅពេលដែលនិយោជកគឺជាមន្រ្តីការទូត បុគ្គលិកធ្វើការងារផ្ទះដែល ស្នាក់នៅជាមួយនិយោជក យោងតាមការអនុវត្តទូទៅគេនឹងទទួលបាន ទីកន្លែងស្នាក់នៅនិងម្ហូបអាហារដោយឥតគិតថ្លៃបន្ថែមពីលើប្រាក់ បៀវត្សរ៍បស់ពួកគេ។
  • ការសន្យាថាអ្នកនឹងមិនទទួលយកការងារអ្វីផ្សេងខណៈពេលធ្វើការឱ្យនិយោជករបស់អ្នក។
  • ការសន្យាពីនិយោជករបស់អ្នកថាគេនឹងមិនដកហូតយកលិខិតឆ្លងដែន របស់អ្នកទេ រួមទាំងលិខិតព្រមព្រៀងពីភាគីទាំងពីរយល់ព្រមថាគេ មិនអាចតម្រូវឱ្យអ្នកស្ថិតនៅក្នុងបរិវេណការងារក្រៅពីម៉ោងធ្វើការដោយមិនទូទាត់ប្រាក់សំណងឱ្យនោះទេ។
  • កិច្ចសន្យាការងារគឺមានសារៈសំខាន់ណាស់សម្រាប់ដំណើរការនេះ ហើយវាផ្តល់ឱ្យអ្នកនូវក្របខ័ណ្ឌដែលអ្នកអាចស្វែងរកការងារដែលជាក់លាក់ពិតប្រាកដ ឬទទួលបាននូវការការពារផ្នែកសិទ្ធិមនុស្ស។ និយោជករបស់អ្នកត្រូវតែផ្តល់ប្រាក់ថ្លៃចំណាយលើការធ្វើដំណើរលើកដំបូងទៅសហរដ្ឋអាមេរិក និងថ្លៃធ្វើដំណើរផ្សេងៗទៀតទៅកាន់ទី កន្លែងការងារណាដែលនិយោជកត្រូវទៅធ្វើការ ហើយត្រូវទទួលរ៉ាប់ រងនូវថ្លៃចំណាយសម្រាប់ការធ្វើដំណើរទៅប្រទេសរបស់អ្នកវិញនៅ ពេលដែលបានបញ្ចប់ការងារ។

សំណុំឯកសារនៃពាក្យសុំ

ដើម្បីដាក់ពាក្យសុំទិដ្ឋាការប្រភេទ B-1 ប្រភេទ A-3 ឬប្រភេទ G-5 អ្នកត្រូវមានឯកសារដូចខាងក្រោមនេះ៖

  • ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទម្រង់ DS-160 ដែលបំពេញ តាមប្រព័ន្ធអេឡិចត្រូនិច។ សូមចូលអានព័ត៌មានក្នុងគេហទំព័រនេះ សម្រាប់ព័ត៌មានបន្ថែមអំពីទម្រង់ DS-160។
  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយនៅ មានសុពលភាពនៅសល់យ៉ាងតិចប្រាំមួយខែក្រោយពីរយៈពេលដែលអ្នកគ្រោងទៅស្នាក់នៅសហរដ្ឋអាមេរិក (លុះត្រាតែមានការព្រមព្រៀងពី ប្រទេសជាក់លាក់យល់ព្រមផ្តល់នូវការលើកលែងនេះ)។ ប្រសិនបើ នៅក្នុងលិខិតឆ្លងដែនរបស់អ្នកមានដាក់ឈ្មោះរបស់បុគ្គលណាផ្សេងទៀត បុគ្គលម្នាក់ៗដែលគ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកត្រូវដាក់ ពាក្យសុំទិដ្ឋាការរៀងៗខ្លួន។
  • រូបថត១សន្លឹក ទំហំ 2x2អ៊ីញ (5x5 ស.ម) ទើបថតក្នុងរយៈពេល ប្រាំមួយខែចុងក្រោយ។ គេហទំព័រនេះមានព័ត៌មានអំពីតម្រូវការរូប ថត។
  • សម្រាប់បេក្ខជនសុំទិដ្ឋាការប្រភេទ B-1 តែប៉ុណ្ណោះ៖ វិក្កយបត្របង់ ប្រាក់ ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ អ្នក អាចបង់ជាដុល្លារអាមេរិកឬជារូបិយប័ណ្ណក្នុងស្រុកក៏បានដែរ ហើយ ទឹកប្រាក់ដែលបានបង់នេះមិនអាចប្រគល់ជូនអ្នកវិញបានទេ។ គេហទំព័រនេះមានព័ត៌មានបន្ថែមអំពីការបង់ប្រាក់។ ប្រសិនបើគេសម្រេចចិត្ត ចេញទិដ្ឋាការជូន អាចនឹងមានការតម្រូវអោយបង់ប្រាក់បន្ថែមថ្លៃ បដិភាព (Visa Issuance Reciprocity Fee) អាស្រ័យទៅតាម សញ្ជាតិរបស់អ្នក។ គេហទំព័រនៃក្រសួងការបរទេសសហរដ្ឋអាមេរិកអាចជួយអ្នកអោយស្វែងយល់ថាតើអ្នកត្រូវបង់ប្រាក់ថ្លៃបដិភាពដែរឬអត់ហើយតើតម្លៃប៉ុន្មានដែរ។
  • ច្បាប់ចម្លងនៃទិដ្ឋាការរបស់និយោជក ឬច្បាប់ចម្លងនៃឯកសារណា ដែលនិយោជកនឹងប្រើដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិក (ច្បាប់ ចម្លងនៃលិខិតឆ្លងដែនសម្រាប់អ្នកដែលអាចប្រើប្រាស់កម្មវិធីលើក លែងទិដ្ឋាការ ឬច្បាប់ចម្លងលិខិតឆ្លងដែនរបស់អ្នកដែលមានសញ្ជាតិ អាមេរិកាំង)។
  • កិច្ចសន្យាការងារដែលមានចុះហត្ថលេខាដោយភាគីទាំងពីរ គឺអ្នកនិង និយោជករបស់អ្នកហើយមានបញ្ជាក់ពីលក្ខខណ្ឌតម្រូវដូចខាងលើ។
  • សម្រាប់បេក្ខជនទិដ្ឋាការប្រភេទ A-3 និងប្រភេទ G-5 តែប៉ុណ្ណោះ៖ កំណត់ទូតដែលបញ្ជាក់ពីស្ថានភាពការងាររបស់បេក្ខជនគោល ថ្ងៃចេញដំណើរ គោលបំណងនៃការធ្វើដំណើរ និងរយៈពេលដែល គ្រោងទៅស្នាក់នៅសហរដ្ឋអាមេរិក។ បេក្ខជនសុំទិដ្ឋាការប្រភេទ A-3 និងប្រភេទ G-5 មិនចាំបាច់បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការនោះទេ។

ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះ អ្នកត្រូវតែបង្ហាញលិខិតបញ្ជាក់ថា អ្នកបានណាត់ពេលវេលាសម្ភាសន៍តាមប្រព័ន្ធវិបសាយនេះរួចហើយ។ អ្នកអាចយកឯកសារយោងផ្សេងៗដែលអ្នកគិតថាអាចនឹងជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ទៅមន្រ្តីកុងស៊ុល។

របៀបដាក់ពាក្យសុំ

ជំហានទី 1៖

បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តាមប្រព័ន្ធវេបសាយ DS-160។

ជំហានទី 2៖

បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។

ជំហានទី 3៖

ណាត់ពេលវេលាតាមប្រព័ន្ធវិបសាយសម្រាប់សម្ភាសន៍។ ដើម្បីអាចណាត់ពេលវេលាសម្ភាសន៍បាន អ្នកត្រូវមានព័ត៌មានខាងក្រោមនេះ៖

  • លេខលិខិតឆ្លងដែន
  • លេខវិក្កយបត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ សូមចុចទីនេះ ប្រសិនបើអ្នកត្រូវការរកលេខវិក្កយបត្រ។
  • លេខដប់ខ្ទង់នៃបារកូដរបស់ទំព័របញ្ជាក់ទម្រង់ DS-160។

ជំហានទី 4៖

អញ្ជើញទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់។ អ្នកត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ ទំពរ័បញ្ជាក់របស់ទម្រង់ DS-160 រូបថតចំនួនមួយសន្លឹកដែលទើបតែថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ និងច្បាប់ដើមនៃវិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការផង។ ពាក្យសុំទិដ្ឋាការដែលមិនមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់កន្លងមកនេះនឹងមិនអាចអនុញ្ញាតិអោយសម្ភាសន៍បានទេ។

ឯកសារយោងនានា

ឯកសារយោងគឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលមន្រ្តីកុងស៊ុលនឹងពិចារណានាពេលសម្ភាសន៍។ មន្ត្រីកុងស៊ុលនឹងពិនិត្យពិចារណា ពាក្យសុំទិដ្ឋាការនីមួយៗជាលក្ខណៈដាច់ដោយឡែកពីគ្នា ហើយនឹង ពិចារណាអំពីការងារវិជ្ជាជីវៈ ស្ថានភាពសង្គម វប្បធម៌ និងស្ថានភាព ផ្សេងៗទៀត។ ម្យ៉ាងវិញទៀតមន្ត្រីកុងស៊ុលអាចនឹងពិនិត្យពិចារណាអំពីគោលបំណងជាក់លាក់ ស្ថានភាពគ្រួសារ ផែនការ និងទស្សនៈវិស័យរយៈពេលយូរអង្វែង នៅក្នុងប្រទេសដែលអ្នកកំពុងស្នាក់នៅ។ ពាក្យសុំទិដ្ឋាការនីមួយៗនឹង ទទួលបាននូវការពិនិត្យពិចារណាដាច់ដោយឡែកពីគ្នា ហើយការសម្រេច ចិត្តចំពោះពាក្យសុំទិដ្ឋាការនីមួយៗគឹសមស្របទៅតាមតម្រូវការនៃច្បាប់។

សូមប្រុងប្រយ័ត្ន៖ មិនត្រូវប្រើឯកសារក្លែងក្លាយនោះទេ។ រាល់ការក្លែងបន្លំ និងការផ្តល់ព័ត៌មានមិនពិតប្រាកដអាចនឹងបណ្តាលឱ្យអ្នកលែងមានសិទ្ធិ ទទួលបានទិដ្ឋាការសហរដ្ឋអាមេរិកជាអចិន្រ្តៃយ៍តែម្តង។ ប្រសិនបើមាន ការព្រួយបារម្ភពីការរក្សាការសម្ងាត់ អ្នកគួរយកឯកសាររបស់អ្នកទៅ ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកដោយដាក់នៅក្នុងស្រោមសំបុត្របិទ ជិត។ ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនឹងមិនធ្វើឱ្យបែកធ្លាយព័ត៌មាន នោះទៅដល់បុគ្គលណាម្នាក់ទៀតឡើយ ហើយយើងនឹងគោរពដល់ការ សម្ងាត់នៃព័ត៌មានរបស់អ្នក។

អ្នកត្រូវយកឯកសារដូចខាងក្រោមនេះទៅសម្ភាសន៍៖

  • ភស្តុតាងដែលបញ្ជាក់ថានិយោជករបស់អ្នកមានលទ្ធភាពក្នុងការផ្តល់ប្រាក់កម្រៃដូចអ្វីដែលបានសន្យា។ សម្គាល់៖ ប្រសិនបើអ្នកកំពុងតែដាក់ពាក្យសុំទិដ្ឋាការប្រភេទ A-3 ឬប្រភេទ G-5 នោះ លក្ខខណ្ឌតម្រូវនេះ ចាំបាច់ត្រូវអនុវត្តក្នុងករណីដែលនិយោជកមានឋានៈតួនាទីជាទីប្រឹក្សាទូត ឬមានឋានៈតួនាទីទាបជាងនេះតែប៉ុណ្ណោះ។
  • ភស្តុតាងដែលបង្ហាញថាការស្នាក់នៅសហរដ្ឋអាមេរិករបស់អ្នកគឺជាលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ។
  • សូមអានព័ត៌មានក្នុងគេហទំព័ររបស់ក្រសួងការបរទេសសម្រាប់ព័ត៌ មានបន្ថែម។

ព័ត៌មានបន្ថែម

សូមអានព័ត៌មានក្នុងគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ព័ត៌មានបន្ថែមអំពីទិដ្ឋាការប្រភេទ A-3ប្រភេទ B-1 និងប្រភេទ G-5 ។