អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការសិស្ស/និស្សិត

ទិដ្ឋាការសិស្ស និស្សិត

លើទំព័រនេះ


សំណួរដែលសួរជាញឹកញាប់ (FAQ)

ព័ត៌មានទូទៅ

សហរដ្ឋអាមេរិកទទួលស្វាគមន៍ដល់ជនបរទេសទាំងឡាយណាដែលមកសិក្សានៅសហរដ្ឋអាមេរិក។ មុនពេលដាក់ពាក្យសុំទិដ្ឋាការ បេក្ខជនសុំ ទិដ្ឋាការសិស្ស និស្សិតទាំងអស់ត្រូវតែទទួលបានការយល់ព្រម និងអនុម័ត ពីសាលារៀន ឬកម្មវិធីសិក្សារបស់ពួកគេជាមុនសិន។ នៅពេលដែលគេអនុម័តយល់ព្រមទទួលឱ្យចូលរៀន ស្ថាប័នអប់រំទាំងនោះនឹងផ្តល់ឯកសារឱ្យដល់សិស្ស និស្សិតម្នាក់ៗសម្រាប់យកទៅប្រើប្រាស់នៅពេលដែលពួកគេដាក់ពាក្យសុំទិដ្ឋាការសិស្ស និស្សិត។

ព័ត៌មានសំខាន់ៗ៖

ប្រសិនបើលោកអ្នកកំពុងដាក់ពាក្យសុំទិដ្ឋាការប្រភេទ F M ឬប្រភេទ “J” ហើយ (a) ជាអ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការ ឬ (b) ជាអ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសដែលមិនទទួលបានការលើកលែងទិដ្ឋាការនោះទេ ប៉ុន្តែធ្លាប់ទទួលបានទិដ្ឋាការអាមេរិកពីមុន សូមអានព័ត៌មានស្តីពីការផ្លាស់ប្ដូរលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទ F M ​​និងប្រភេទ J ដែលមាននៅលើគេហទំព័រនេះ។

លក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការ

ទិដ្ឋាការប្រភេទ F-1៖

ទិដ្ឋាការនេះគឺជាប្រភេទទិដ្ឋាការដ៏ពេញនិយមសម្រាប់សិស្ស និស្សិត។ ប្រសិនបើអ្នកមានបំណងចង់ទៅសិក្សានៅសហរដ្ឋអាមេរិកនៅវិទ្យាស្ថានអប់រំណាមួយដែលត្រូវបានគេទទួលស្គាល់ ដូចជានៅវិទ្យាស្ថានរង ឬសកល វិទ្យាល័យ អនុវិទ្យាល័យឯកជន ឬក៏ទៅសិក្សាកម្មវិធីភាសាអង់គ្លេស អ្នកត្រូវ សុំទិដ្ឋាការប្រភេទ F-1។ ម្យ៉ាងវិញទៀត អ្នកត្រូវសុំទិដ្ឋាការប្រភេទ F-1 នេះដែរ ប្រសិនបើរយៈពេលនៃសិក្សារបស់អ្នកច្រើនជាង18ម៉ោង ក្នុងមួយសប្តាហ៍។

ទិដ្ឋាការប្រភេទ M-1៖

ប្រសិនបើអ្នកមានបំណងទៅសិក្សាជាលក្ខណៈមិនមែនចំណេះទូទៅ (Non-academic) ឬទៅចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្ថាប័នអប់រំណា មួយនៅសហរដ្ឋអាមេរិក អ្នកត្រូវសុំទិដ្ឋាការប្រភេទ M-1។
ព័ត៌មានបន្ថែមអំពីប្រភេទទិដ្ឋាការទាំងនេះ និងឱកាសនានាសម្រាប់ទៅ សិក្សានៅសហរដ្ឋអាមេរិក អ្នកអាចអានបាននៅក្នុងគេហទំព័រ EducationUSA។

សាលារៀនរបស់រដ្ឋាភិបាល

ច្បាប់សហរដ្ឋអាមេរិកមិនអនុញ្ញាតឱ្យសិស្សដែលជាជនជាតិបរទេសទៅសិក្សានៅសាលាបឋមសិក្សារបស់រដ្ឋាភិបាល (គិតចាប់ពីថ្នាក់មតេ្តយ្យរហូត ដល់ថ្នាក់ទី៨) ឬកម្មវិធីអប់រំមនុស្សពេញវ័យដែលផ្តល់ថវិកាដោយរដ្ឋាភិបាលបានទេ។ អាស្រ័យហេតុនេះ ទិដ្ឋាការប្រភេទ F-1 មិនអាចផ្តល់ជូនសម្រាប់ការទៅសិក្សានៅសាលាទាំងនេះទេ។

ទិដ្ឋាការប្រភេទ F-1 អាចផ្តល់ជូនសម្រាប់ការទៅសិក្សានៅអនុវិទ្យាល័យ របស់រដ្ឋាភិបាល (ថ្នាក់ទី៩-១២) ប៉ុន្តែរយៈពេលសិក្សារបស់ពួកគេត្រូវបាន គេកម្រិតជាអតិបរមាត្រឹម១២ខែ។ សាលារៀនទាំងនោះត្រូវតែបញ្ជាក់នៅ លើទម្រង់ I-20 ថាសិស្សនេះបានបង់ប្រាក់ថ្លៃសាលារួចហើយ ហើយប្រាក់ នេះមិនមែនជាប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សាទេ ហើយការបង់ប្រាក់របស់ សិស្សរូបនេះគឺសម្រាប់ថ្លៃសិក្សាតែម្តង។

សម្រាប់ព័ត៌មានបន្ថែមអំពីតម្រូវការស្របច្បាប់នៃទិដ្ឋាការប្រភេទ F-1 សូម អានព័ត៌មានក្នុងគេហទំព័ររបស់ក្រសួងការបរទេសហរដ្ឋអាមេរិក។

សម្គាល់៖ បុគ្គលដែលកាន់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ A ប្រភេទ E ប្រភេទ F-2 ប្រភេទ G ប្រភេទ H-4 ប្រភេទ J-2 ប្រភេទ L-2 ប្រភេទ M-2 ឬបុគ្គលដែលទទួលបានទិដ្ឋាការអាស្រ័យដោយបេក្ខជនគោល (Derivative nonimmigrant visas) អាចនឹងចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន។

ជំនួយសម្រាប់សិស្ស និស្សិត ការស្វែងរកសាលានៅសហរដ្ឋអាមេរិក
សិស្ស និស្សិតដែលមានបំណងចុះឈ្មោះចូលរៀននៅស្ថាប័នអប់រំណាមួយ នៅសហរដ្ឋអាមេរិកគួរតែចូលអានព័ត៌មានក្នុងគេហទំព័រ និងទាក់ទងទៅ http://educationusa.state.gov/

សំណុំឯកសារនៃពាក្យសុំ

ដើម្បីសុំទិដ្ឋាការប្រភេទ F ឬប្រភេទ M អ្នកត្រូវមានឯកសារដូចខាងក្រោមនេះ៖

  • ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធវិបសាយ ទម្រង់ DS-160 ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះសម្រាប់ព័ត៌មាន បន្ថែមអំពីទម្រង់ DS-160។
  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយនៅ មានសុពលភាពយ៉ាងតិចបំផុតប្រាំមួយខែក្រោយពីរយៈពេលដែលអ្នកគ្រោងទៅស្នាក់នៅសហរដ្ឋអាមេរិក (លើកលែងតែក្នុងករណីដែលមាន កិច្ចព្រមព្រៀងពីបណ្តាប្រទេសទាំងនោះយល់ព្រមផ្ដល់នូវការលើក លែងនេះ)។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមានឈ្មោះបុគ្គលណា ផ្សេងទៀត បុគ្គលម្នាក់ៗដែលត្រូវការទិដ្ឋាការសហរដ្ឋអាមេរិក ត្រូវតែ ដាក់ពាក្យសុំសម្រាប់ខ្លួនគេផ្ទាល់ដែរ។
  • រូបថតមួយសន្លឹកទំហំ 2"x2" (5សម x 5សម) ដែលទើបថតក្នុង រយៈពេល៦ខែចុងក្រោយ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះអំពីលក្ខខណ្ឌតម្រូវរបស់រូបថត។
  • វិក្កយបត្របង់ប្រាក់ US$160 ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ហើយដែលទឹកប្រាក់នេះមិនអាចបង្វិលសងទៅបេក្ខជនវិញបានទេ។ ការបង់ប្រាក់នេះអាចបង់ជាដុល្លារសហរដ្ឋអាមេរិក ឬរូបិយប័ណ្ណក្នុងស្រុកក៏បានដែរ។ គេហទំព័រនេះមានព័ត៌មានបន្ថែមអំពីការបង់ប្រាក់នេះ។ ប្រសិនបើគេសម្រេចផ្តល់ទិដ្ឋាការជូន ជួនកាលអ្នកអាចនឹងត្រូវបង់ប្រាក់ថ្លៃបដិភាព (Visa Issuance Reciprocity Fee) បន្ថែមខ្លះទៀត អាស្រ័យទៅតាមសញ្ជាតិរបស់អ្នក។ សូមអានគេហទំព័ររបស់ក្រសួងការបរទេស ដើម្បីឱ្យដឹងថាតើអ្នកត្រូវបង់ប្រាក់ថ្លៃបដិភាពនេះដែរឬអត់ ហើយតើមានតម្លៃប៉ុន្មានដែរ។
  • ទម្រង់ I-20 ដែលចេញដោយសាលា ឬកម្មវិធីសិក្សានៅសហរដ្ឋអាមេរិក។
  • សូមយកវិក័យប័ត្របញ្ជាក់ថាអ្នកបានបង់ប្រាក់ថ្លៃស៊ីវីស (SEVIS Fee) រួចហើយ។ គេហទំព័រនេះមានព័ត៌មានជាច្រើនពីការបង់ប្រាក់ថ្លៃស៊ីវីស។​​ អ្នកអាចអានការណែនាំអំពីការបង់ប្រាក់នៅក្នុងគេហទំព័រនេះ

ក្រៅពីសំណុំឯកសារខាងលើនេះ អ្នកក៏ត្រូវយកលិខិតបញ្ជាក់ការណាត់ សម្ភាសន៍ (Appointment Confirmation Letter) ដែលបញ្ជាក់ថាអ្នកបានណាត់ពេលវេលាតាមប្រព័ន្ធអ៊ិនធើណិតរួចហើយ។ ម៉្យាងទៀតអ្នកអាចយកមកជាមួយនូវឯកសារយោងផ្សេងៗ ដែលអ្នកគិតថាអាចជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ជូនទៅមន្រ្តីកុងស៊ុល។

របៀបដាក់ពាក្យសុំ 

ជំហានទី 1៖

បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តាមប្រព័ន្ធវេបសាយ DS-160។

ជំហានទី 2៖

បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។

ជំហានទី 3៖

ណាត់ពេលវេលាតាមប្រព័ន្ធវិបសាយសម្រាប់សម្ភាសន៍។ ដើម្បីអាចណាត់ពេលវេលាសម្ភាសន៍បាន អ្នកត្រូវមានព័ត៌មានខាងក្រោមនេះ៖

  • លេខលិខិតឆ្លងដែន
  • លេខវិក្កយបត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ សូមចុចទីនេះ ប្រសិនបើអ្នកត្រូវការរកលេខវិក្កយបត្រ។
  • លេខដប់ខ្ទង់នៃបារកូដរបស់ទំព័របញ្ជាក់ទម្រង់ DS-160។

ជំហានទី 4៖

អញ្ជើញទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់។ អ្នកត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ ទំពរ័បញ្ជាក់របស់ទម្រង់ DS-160 រូបថតចំនួនមួយសន្លឹកដែលទើបតែថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ និងច្បាប់ដើមនៃវិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការផង។ ពាក្យសុំទិដ្ឋាការដែលមិនមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់កន្លងមកនេះនឹងមិនអាចអនុញ្ញាតិអោយសម្ភាសន៍បានទេ។

ឯកសារយោងនានា

ឯកសារយោងគឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗជាច្រើនទៀតដែលមន្រ្តីកុងស៊ុលនឹងពិចារណានាពេលសម្ភាសន៍។ មន្រ្តីកុងស៊ុលពិនិត្យមើលពាក្យសុំនីមួយៗដាច់ដោយឡែកពីគ្នា ហើយនឹងពិចារណាចំពោះស្ថានភាពការងារវិជ្ជាជីវៈ ស្ថានភាពសង្គម វប្បធម៌ និងស្ថានភាពផ្សេងៗទៀតដែរ។ មន្រ្តីកុងស៊ុលក៏អាចនឹងពិចារណាអំពីគោលបំណងជាក់លាក់របស់អ្នក ស្ថានភាពគ្រួសារ រួមទាំងគម្រោងផែនការរយៈពេលវែង និងទស្សនៈវិស័យរបស់អ្នកនៅក្នុងប្រទេសដែលអ្នកកំពុងស្នាក់នៅ។ ករណីទិដ្ឋាការនីមួយៗនឹងត្រូវបានគេពិនិត្យពិចារណាជាលក្ខណៈដាច់ដោយឡែកពីគ្នា ហើយរាល់ការសម្រចចិត្តចំពោះពាក្យសុំទិដ្ឋាការត្រូវតែសមស្របទៅនឹងតម្រូវការរបស់ច្បាប់ដែរ។

សូមប្រុងប្រយ័ត្ន៖ អ្នកមិនត្រូវប្រើប្រាស់ឯកសារក្លែងក្លាយនោះទេ។ ការក្លែងបន្លំ និងការប្រើប្រាស់ឯកសារ និងព័ត៌មានមិនពិតប្រាកដណាមួយអាចបណ្តាលឱ្យអ្នកបាត់បង់សិទ្ធិមិនអាចទទួលបានទិដ្ឋាការជាអចិន្រ្តៃយ៍តែម្តង។ ប្រសិនបើអ្នកព្រួយបារម្ភពីការរក្សាភាពសម្ងាត់ អ្នកគួរតែយកឯកសារទាំងនេះទៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដោយដាក់នៅក្នុងស្រោមសំបុត្រដែលបិទជិត។ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យបែកធ្លាយ ឬលេចឮព័ត៌មាននេះ ដល់បុគ្គលណាផ្សេងទៀតឡើយ ហើយយើងនឹងគោរពដល់ការសម្ងាត់នៃព័ត៌មានទាំងនេះ។

អ្នកត្រូវយកឯកសារខាងក្រោមនេះទៅសម្ភាសន៍៖

  • ឯកសារបង្ហាញអំពីស្ថានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ស្ថានភាពសង្គម និងចំណងក្រុមគ្រួសារនៅក្នុងប្រទេសកំណើតរបស់អ្នក ដែលជាមូលហេតុតម្រូវឱ្យអ្នកត្រឡប់ទៅប្រទេសរបស់អ្នកវិញបន្ទាប់ពីបានបញ្ចប់កម្មវិធីនៃការសិក្សារបស់អ្នកនៅសហរដ្ឋអាមេរិក។
  • ឯកសារហិរញ្ញវត្ថុ និងឯកសារផ្សេងៗទៀតដែលអ្នកជឿជាក់ថាអាចនឹងជួយគាំទ្រដល់ពាក្យសុំទិដ្ឋាការរបស់អ្នក ហើយដែលជាភស្តុតាងគួរឱ្យជឿថាអ្នកមានថវិកាគ្រប់គ្រាន់ដើម្បីការចំណាយទាំងអស់សម្រាប់ឆ្នាំ សិក្សាដំបូង ហើយអ្នកក៏មានលទ្ធភាពសម្រាប់ចំណាយលើកម្រៃផ្សេងៗទៀតខណៈពេលអ្នកស្ថិតនៅសហរដ្ឋអាមេរិក។ បេក្ខជនសុំទិដ្ឋាការប្រភេទ M-1 ត្រូវតែបញ្ជាក់បង្ហាញអំពីលទ្ធភាពបង់ថ្លៃសិក្សាទាំងអស់ និងថ្លៃចំណាយផ្សេងៗសម្រាប់ការរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលដែលគេគ្រោងទៅស្នាក់នៅសហរដ្ឋអាមេរិកទាំងស្រុងតែម្តង។
  • ច្បាប់ថតចម្លងនៃរបាយការណ៍ធនាគារមិនអាចទទួលយកបានទេ លុះត្រាតែអ្នកយកច្បាប់ដើមនៃរបាយការណ៍ធនាគារ ឬក៏សៀវភៅធនាគារទៅជាមួយដែរ។
  • ប្រសិនបើអ្នកទទួលបានការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីបុគ្គលណាម្នាក់ សូមយកភស្តុតាងបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកជាមួយអ្នកឧបត្ថម្ភនោះ (ដូចជាសំបុត្រកំណើតរបស់អ្នក) ឯកសារបង់ពន្ធច្បាប់ដើមឆ្នាំចុងក្រោយរបស់អ្នកឧបត្ថម្ភ សៀវភៅធនាគាររបស់អ្នកឧបត្ថម្ភ និង/ឬវិក្កយបត្រផ្ញើប្រាក់មានកាលកំណត់របស់អ្នកឧបត្ថម្ភ។ឯកសារបញ្ជាក់ការសិក្សាដែលបង្ហាញពីគម្រោងសិក្សា។ ឯកសារសំខាន់ៗផ្សេងៗទៀត មានដូចជាព្រឹត្តិបត្រពិន្ទុ (គួរយកច្បាប់ដើម) ដែលមានបញ្ជាក់អំពីចំណាត់ថ្នាក់ វិញ្ញាបនបត្របញ្ជាក់ពីការប្រឡងថ្នាក់ជាតិ (ចំណាត់ថ្នាក់និទេស A ។ល។) លទ្ធផលពិន្ទុប្រលងបទដ្ឋាន (SAT TOEFL ។ល។) និងសញ្ញាបត្រផ្សេងៗទៀត។

សមាជិកគ្រួសារនៅក្នុងបន្ទុក

សហព័ទ្ធ និង/ឬកូនដែលមានអាយុក្រោម២១ឆ្នាំមិនទាន់រៀបការ ដែលមានបំណងរួមដំណើរ ឬទៅស្នាក់នៅជាមួយបេក្ខជនគោលក្នុងកំឡុងពេលនៃការសិក្សា ត្រូវការទិដ្ឋាការប្រភេទ F ឬ M (derivative visas) ក្នុងនាមជាសមាជិកគ្រួសារ។ មិនមានទិដ្ឋាការសមាជិកគ្រួសារ (derivative visas) សម្រាប់ឪពុកឬម្តាយរបស់បុគ្គលដែលកាន់ទិដ្ឋាការប្រភេទ F ឬ M ទេ។

សមាជិកគ្រួសារដែលមិនមានបំណងទៅស្នាក់នៅសហរដ្ឋអាមេរិកជាមួយបេក្ខជនទិដ្ឋាការគោលទេនោះ ប៉ុន្តែចង់ទៅលេងជាលក្ខណៈវិស្សមកាល អាចមានលក្ខណៈសម្បត្តិសុំទិដ្ឋាការប្រភេទទេសចរណ៍ (B-2) បាន។

សហព័ទ្ធ និងសមាជិកគ្រួសារក្នុងបន្ទុកមិនអាចធ្វើការងារនៅសហរដ្ឋអាមេរិកដោយប្រើទិដ្ឋាការក្នុងនាមជាសមាជិកគ្រួសារប្រភេទ F ឬ M នេះបានទេ។ ប្រសិនបើសហព័ទ្ធ ឬកូនត្រូធ្វើការងារ ពួកគេចាំបាច់ត្រូវសុំទិដ្ឋាការប្រភេទសម្រាប់ការងារវិញ។

ឯកសារយោងសម្រាប់សមាជិកគ្រួសារនៅក្នុងបន្ទុក

បេក្ខជនទិដ្ឋាការដែលមានសមាជិកគ្រួសារក្នុងបន្ទុកត្រូវផ្តល់៖

  • ភស្តុតាងបញ្ជាក់ពីទំនាក់ទំនងរបស់បេក្ខជនជាសិស្ស និស្សិតជាមួយសហព័ទ្ធ និងឬកូន (សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រកំណើត)។
  • ជាការប្រសើរជាងប្រសិនបើសមាជិកគ្រួសារមួយដាក់ពាក្យសុំទិដ្ឋាការនៅពេលតែមួយជាមួយគ្នា ប៉ុន្តែប្រសិនបើសហព័ទ្ធ និងឬកូនត្រូវសុំទិដ្ឋាការនៅពេលក្រោយនោះ ពួកគេគួរតែយកច្បាប់ចម្លងនៃទិដ្ឋាការ និងច្បាប់ចម្លងនៃលិខិតឆ្លងដែនរបស់សិស្ស និសិ្សត ព្រមទំាងឯកសារចាំបាច់ផ្សេងៗទៀតមកជាមួយផង។

ព័ត៌មានផ្សេងៗ

ការបណ្តុះបណ្តាលបន្ថែមបែបអនុវត្តជាក់ស្តែង (OPT)

សិស្ស និស្សិតដែលមានទិដ្ឋាការប្រភេទ F-1 អាចមានសិទ្ធិទទួលបានការបណ្តុះបណ្តាលបន្ថែមបែបអនុវត្តជាក់ស្តែងរហូតដល់ទៅ12ខែ បន្ទាប់ពីបានបំពេញតម្រូវការនៃការសិក្សា (ដោយមិនរាប់បញ្ចូលពីការធ្វើនិក្ខេមបទ ឬសមមូលភាពទេ) ឬបន្ទាប់ពីបានបំពេញតម្រូវការទាំងអស់រួចហើយ។ OPT ស្ថិតនៅដាច់ដោយឡែកពីកិច្ចការសិក្សារបស់សិស្សនិស្សិត ហើយពេលវេលាសម្រាប់ OPT ជាធម្មតានឹងមិនបង្ហាញឱ្យឃើញក្នុងរយៈពេលសិក្សារបស់សិស្សនិស្សិត ឬនៅក្នុងកាលបរិច្ឆេទនៃការបញ្ចប់ការសិក្សានេះទេ។ សិស្សនិស្សិតដែលដាក់ពាក្យសុំទិដ្ឋាការប្រភេទ F ដើម្បីទៅចូលរួមកម្មវិធី OPT អាចបង្ហាញទម្រង់ I-20 ដែលមានដាក់កាលបរិច្ឆេទដើមនៃការបញ្ចប់ការសិក្សាបាន ទោះបីជាកាលកាលបរិច្ឆេទនោះបានហួសទៅហើយក៏ដោយ។ ទោះជាដូចនេះក៏ដោយទម្រង់ I-20 នេះត្រូវតែមានកំណត់ពន្យល់ពីមន្ត្រីរបស់សាលា ដែលឆ្លុះបញ្ចាំងពីការអនុម័តឱ្យចូលរួមក្នុងកម្មវិធី OPT ហើយពេលវេលាបញ្ចប់ការសិក្សាត្រូវបានពន្យារ។ លើសពីនេះទៀត សិស្សនិស្សិតត្រូវតែមានភស្តុតាងបញ្ជាក់ថាស្ថាប័ន USCIS បានអនុម័តឱ្យពួកគេចូលរួមក្នុងកម្មវិធី OPT ឬក៏ពាក្យសុំចូលរួមកម្មវិធី OPT របស់ពួកគេកំពុងតែរង់ចាំការពិនិត្យសម្រេច ទោះបីជាតាមរយៈទម្រង់នៃប័ណ្ណអនុញ្ញាតឱ្យធ្វើការងារដែលត្រូវបានអនុម័តរួចហើយ ឬក៏តាមរយៈទម្រង់ I-797 ដែលបង្ហាញថាពួកគេមានសំណើ OPT ដែលកំពុងរង់ចាំការពិនិត្យសម្រេច។

សុពលភាពទិដ្ឋាការសិស្ស និស្សិតបន្ទាប់ពីបានផ្អាកការសិក្សាមួយរយៈ

សិស្ស និស្សិតដែលមិនបានចូលរៀនលើសពីរយៈពេលប្រាំខែទៅ អាចនឹង រំពឹងទុកថាពួកគេនឹងត្រូវដាក់ពាក្យសុំទិដ្ឋាការសិស្ស និស្សិតឡើងវិញ ហើយ ពួកគេអាចនឹងទទួលបានទិដ្ឋាការប្រភេទ F-1 ឬប្រភេទ M-1 ដើម្បីត្រឡប់ទៅចូលរៀនវិញបន្ទាប់ពីបានបញ្ចប់ការធ្វើដំណើរក្រៅប្រទេសដូចអ្វីដែល ពន្យល់រៀបរាប់ខាងក្រោមនេះ៖

សិស្សនិស្សិតដែលបានស្ថិតនៅសហរដ្ឋអាមេរិក

សិស្សនិស្សិត (ប្រភេទ F-1 ឬប្រភេទ M-1) ដែលខកខានមិនបានចូលរៀនក្នុងរយៈ ពេលប្រាំខែបន្ទាប់ពីថ្ងៃផ្ទេរសាលា ឬផ្ទេរកម្មវិធីសិក្សាអាចប្រឈមមុខនឹងការបាត់បង់ស្ថានភាពជាសិស្ស និសិ្សត ដោយយោងទៅតាមតម្រូវការច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក។ ក្នុងករណីដែលសិស្ស និស្សិតណាម្នាក់បាត់បង់ស្ថានភាព ទិដ្ឋាការប្រភេទ F-1 ឬប្រភេទ M-1 របស់ពួគគេនឹងអស់សុពលភាពសម្រាប់ការធ្វើដំណើរចូលទៅសហរដ្ឋអាមេរិកនាពេលអនាគត លុះត្រាតែស្ថាប័ន USCIS យល់ព្រមអនុម័តផ្តល់ស្ថានភាពសិស្សនិស្សិតឱ្យពួកគេវិញ។ សូមអានព័ត៌មានបន្ថែមនៅក្នុងគេហទំព័របស់ស្ថាប័ន USCIS និងការណែនាំអំពីនិតិវិធីសម្រាប់ស្នើសុំការបន្ត ឬសុំផ្លាស់ប្តូរស្ថានភាពមិនមែនអន្តោប្រវេសន៍តាមទម្រង់ I-539 ស្នើសុំឱ្យផ្តល់ស្ថានភាពជាសិស្ស និស្សិតឱ្យវិញ។

សិស្ស និសិ្សត-ការធ្វើដំណើរវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញបន្ទាប់ពីបាន ធ្វើដំណើរនៅក្រៅប្រទេស

សិស្ស និស្សិតដែលបានចាកចេញពីសហរដ្ឋអាមេរិកដើម្បីសម្រាកវិស្សមកាលរយៈពេលប្រាំខែ ឬយូរជាងនេះ អាចប្រឈមមុខនឹងការបាត់បង់ស្ថាន ភាពទិដ្ឋាការប្រភេទ F-1 ឬប្រភេទ M-1 របស់ពួកគេលើកលែងតែសកម្មភាពដែលពួកគេទៅធ្វើនៅក្រៅសហរដ្ឋអាមេរិកនោះពាក់ព័ន្ធនឹងការសិក្សា។ មុនពេលធ្វើដំណើរ សិស្ស និស្សិតគួរពិភាក្សាជាមួយមន្ត្រីដែលទទួលបន្ទុកនៅសាលា ប្រសិនបើពួកគេមានសំណួរឬចំងល់ថាតើសកម្មភាពដែលពួកគេនឹងធ្វើអាចជាប់ពាក់ព័ន្ធនឹងការសិក្សាដែរឬអត់។
នៅពេលដែលមន្ត្រីគយ និងមន្ត្រីការពារសន្តិសុខព្រំដែន (CPB) នៅច្រកចូល ត្រូវបានគេបង្ហាញទិដ្ឋាការប្រភេទ F-1 ឬប្រភេទ M-1 ដែលបានប្រើប្រាស់រួចហើយ ប៉ុន្តែទិដ្ឋាការនោះមិនទាន់ផុតសុពលភាពនៅឡើយដើម្បីវិលត្រឡប់ចូលទៅសហរដ្ឋអាមេរិកវិញបន្ទាប់ពីពួកគេបាននៅក្រៅសហរដ្ឋអាមេរិកហើយបានបាត់បង់ស្ថានភាពជាសិស្ស និស្សិតរយៈពេលយូរជាងប្រាំខែ មន្ត្រី CPB អាចនឹងបដិសេធមិនអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិកដោយសារពួកគេមិនមានទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលនៅមានសុពលភាព។ មន្ត្រី CPB អាចលុបចោលទិដ្ឋាការបន្ទាប់ពីបានយល់ព្រមអនុម័តឱ្យសិស្ស និស្សិតនោះដកសំណើស្នើសុំចូលទៅសហរដ្ឋអាមេរិក។ អាស្រ័យដូចនេះហើយវាជា ប្រការសំខាន់ណាស់ដែលពួកគេត្រូវដាក់ពាក្សសុំទិដ្ឋាការឡើងវិញនៅស្ថាន ទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកមុនពេលធ្វើដំណើរត្រឡប់ចូលទៅសហរដ្ឋអាមេរិកវិញដើម្បីបន្តការសិក្សាទៀតបន្ទាប់ពីពួកគេបានអវត្តមានរយៈ ពេលយូរជាងប្រាំខែដោយមិនពាក់ព័ន្ធនឹងសកម្មភាពនៃការសិក្សារបស់ពួកគេ។