អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋាការអ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មាន

លើទំព័រនេះ


ព័ត៌មានទូទៅ

ទិដ្ឋាការសម្រាប់អ្នកផ្សព្វផ្សាយព័ត៌មាន (ប្រភេទ I) គឺជាប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់អ្នកតំណាងនៃសារព័ត៌មានអន្តរជាតិដែលនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកជាលក្ខណៈបណ្តោះអាសន្នដើម្បីចូលរួមក្នុងការងារដែលពាក់ព័ន្ធនឹងជំនាញវិជ្ជាជីវៈរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងមានទីស្នាក់ការសារព័ត៌មាននៅបរទេស។ នីតិវិធី និងតារាងតម្លៃមួយចំនួនស្ថិតក្រោមច្បាប់អន្តោប្រវេសន៍ទាក់ទងនឹងគោលការណ៍នៃប្រទេសកំណើតរបស់អ្នកធ្វើដំណើរ ហើយផ្ទុយមកវិញសហរដ្ឋអាមេរិកធ្វើតាមការអនុវត្តស្រដៀងគ្នានេះ ដែលយើងហៅថា "បដិភាព"។ នីតិវិធីសម្រាប់ផ្តល់ទិដ្ឋាការប្រភេទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដល់អ្នកតំណាងរបស់សារព័ត៌មានបរទេសនៃប្រទេសណាមួយ គេនឹងធ្វើការពិចារណាថាតើរដ្ឋាភិបាលរបស់អ្នកតំណាងនោះ នឹងផ្តល់សិទ្ធិពិសេសស្រដៀងគ្នា ឬជាលក្ខណៈបដិភាព (Reciprocal) ដល់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពីសហរដ្ឋអាមេរិកដែរឬទេ។

លក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការ

មានល័ក្ខខ័ណ្ឌតម្រូវជាក់លាក់ណាស់ ដែលបានចែងនៅក្នុងច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ហើយបេក្ខជនទិដ្ឋាការត្រូវតែបំពេញនូវល័ក្ខខ័ណ្ឌតម្រូវនេះទើបអាចទទួលបានទិដ្ឋាការប្រភេទអ្នកផ្សព្វផ្សាយព័ត៌មាន (ប្រភេទ I) នេះ។ ដើម្បីអោយមានលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទនេះ បេក្ខជនត្រូវបញ្ជាក់បង្ហាញថាពួកគេមានលក្ខណៈសម្បត្តិពេញលេញសម្រាប់ទទួលយកទិដ្ឋាការប្រភេទអ្នកផ្សព្វផ្សាយព័ត៌មាននេះ។

ទិដ្ឋាការអ្នកផ្សព្វផ្សាយព័ត៌មានគឺសម្រាប់ "អ្នកតំណាងនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ" ដែលរួមមានសមាជិកសារព័ត៌មាន វិទ្យុ ខ្សែភាពយន្ត ឬកាសែត ដែលសកម្មភាពរបស់ពួកគេមានភាពចាំបាច់ចំពោះការងារតួនាទីជាអ្នកផ្សព្វផ្សាយព័ត៌មានបរទេស ដូចជាអ្នកយកព័ត៌មាន បុគ្គលិកខាងផ្នែកភាពយន្ត អ្នកនិពន្ធ និងបុគ្គលផ្សេងៗទៀតដែលមានជំនាញស្រដៀងគ្នានេះតាមការតម្រូវនៃច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក ហើយពួកគេត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងការងារដែលជាវិជ្ជាជីវៈរបស់ពួកគេ។ បេក្ខជនត្រូវតែចូលរួមក្នុងសកម្មភាពការងារដែលទាក់ទងនឹងអង្គភាពផ្សព្វផ្សាយដែលមានការិយាល័យដើមរបស់ខ្លួននៅបរទេស។ សកម្មភាពនេះត្រូវតែជាព័ត៌មានសំខាន់ និងជាទូទៅពាក់ព័ន្ធនឹងដំណើរការប្រមូលព័ត៌មាន ការរាយការណ៍អំពីព្រឹត្តិការណ៍ពិតប្រាកដដែលកំពុងកើតឡើង ទើបពួកគេមានលក្ខណៈសម្បត្តិអាចសុំទិដ្ឋាការប្រភេទអ្នកផ្សព្វផ្សាយព័ត៌មានបាន។ មន្រ្តីកុងស៊ុលនឹងពិចារណាថាតើសកម្មភាពនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រភេទទិដ្ឋាការជាអ្នកផ្សព្វផ្សាយព័ត៌មានដែរឬទេ។ តាមធម្មតា ការរាយការណ៍ព័ត៌មានអំពីព្រឹត្តិការណ៍កីឡាមានលក្ខណៈសម្បត្តិសមស្របសម្រាប់ប្រភេទទិដ្ឋាការអ្នកផ្សព្វផ្សាយព័ត៌មាននេះដែរ។ ខាងក្រោមជាឧទាហរណ៍នៃសកម្មភាពមួយចំនួន ដែលទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មាន៖

  • បុគ្គលិកគោលនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសដែលធ្វើការងារទាក់ទងនឹងការថតយកព្រឹត្តិការណ៍ព័ត៌មាន ឬភាពយន្តឯកសារ។
  • សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលធ្វើការងារទាក់ទងនឹងការផលិតខ្សែភាពយន្ត ឬការចែកចាយខែ្សភាពយន្តអាចនឹងមានលក្ខណៈសម្បត្តិទទួលបានទិដ្ឋាការសម្រាប់អ្នកផ្សព្វផ្សាយព័ត៌មាន ប្រសិនបើខ្សែភាពយន្តដែលបានផលិតនោះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មាន ឬផ្តល់ជាដំណឹងប៉ុណ្ណោះ។ លើសពីនេះប្រភពនៃទុន និងការបែងចែកថវិកាត្រូវតែធ្វើនៅក្រៅសហរដ្ឋអាមេរិក។
  • អ្នកសារព័ត៌មានជាប់កិច្ចសន្យា។ បុគ្គលដែលទទួលបានការអនុញ្ញាតពីសមាគមអ្នកឯកទេសសារព័ត៌មាន ប្រសិនបើធ្វើការនៅក្រោមកិច្ចសន្យាស្តីពីផលិតផលដែលនឹងត្រូវយកទៅប្រើនៅក្រៅប្រទេសដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឬវប្បធម៌ក្នុងន័យដើម្បីគ្រាន់តែផ្សព្វផ្សាយព័ត៌មាន ឬផ្តល់ដំណឹង ហើយមិនមែនក្នុងគោលបំណងចម្បងសម្រាប់ការកំសាន្ដពាណិជ្ជកម្ម ឬការផ្សាយពាណិជ្ជកម្មឡើយ។ សូមចងចាំថា ក្នុងស្ថានភាពនេះតម្រូវអោយអ្នកមានកិច្ចសន្យាការងារដែលមានសុពលភាព។
  • និយោជិតនៃក្រុមហ៊ុនផលិតកម្មឯករាជ្យនៅពេលដែលបុគ្គលិកទាំងនោះទទួលបានការអនុញ្ញាតពីសមាគមអ្នកឯកទេសសារព័ត៌មាន។
  • អ្នកសារព័ត៌មានបរទេសដែលកំពុងធ្វើការអោយទីស្នាក់ការសារព័ត៌មានអន្តរជាតិ ឬសាខារបស់បណ្តាញសារព័ត៌មានសហរដ្ឋអាមេរិក ស្ថាប័នកាសែត ឬហាងលក់សារព័ត៌មាន ប្រសិនបើអ្នកសារព័ត៌មានត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទៅធ្វើបទយកការណ៍ទាំងស្រុងអំពីហេតុការណ៍នៅសហរដ្ឋអាមេរិកដើម្បីផ្សព្វផ្សាយដល់អ្នកអាន ឬទស្សនិកជនដែលជាជនជាតិបរទេស។
  • អ្នកតំណាងដែលត្រូវបានគេទទួលស្គាល់នៃការិយាល័យទេសចរណ៍ដែលត្រូវបានទទួលការត្រួតពិនិត្យ បានធ្វើប្រតិបត្តិការ ឬនៅក្នុងការឧបត្ថម្ភទាំងមូលឬជាផ្នែកដោយរដ្ឋាភិបាលបរទេសមួយ ដែលបានចូលរួមជាចម្បងនៅក្នុងការផ្សព្វផ្សាយព័ត៌មានអំពីវិស័យទេសចរណ៍ពិតប្រាកដនៃប្រទេសនោះ ហើយដែលពួកគេមិនមានលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទ A-2។
  • ព័ត៌មានអំពីបច្ចេកវិទ្យាឧស្សាហកម្ម។ និយោជិតរបស់ការិយាល័យនៃស្ថាប័ននានានៅសហរដ្ឋអាមេរិកដែលចែកចាយព័ត៌មានអំពីបច្ចេកវិទ្យាឧស្សាហកម្ម។

អ្នកសារព័ត៌មានឯករាជ្យ (Freelance) នឹងអាចទទួលបានការពិចារណា​សម្រាប់ទិដ្ឋាការប្រភេទ I

ប្រសិនបើគេមានលក្ខណៈសម្បត្តិត្រូវតាម​ល័ក្ខខ័ណ្ឌតម្រូវដូចខាងក្រោម។ អ្នកសារព័ត៌មាននេះត្រូវតែ៖

  • ទទួលបានការអនុញ្ញាតពីសមាគមអ្នកឯកទេសសារព័ត៌មាន។
  • ស្ថិតក្រោមកិច្ចសន្យាជាមួយអង្គភាពផ្សព្វផ្សាយព័ត៌មាន។
  • ធ្វើការផ្សព្វផ្សាយព័ត៌មាន ឬដំណឹងដែលមិនមែនក្នុងគោលបំណងជាចម្បងសម្រាប់ការកំសាន្ដជាលក្ខណៈពាណិជ្ជកម្ម ឬការផ្សាយពាណិជ្ជកម្មនោះទេ។

អ្នកថតរូបភាពសន្លឹក (Still) អាចត្រូវបានគេអនុញ្ញាតឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិកតាមទិដ្ឋាការប្រភេទ B-1 សម្រាប់គោលបំណងទៅថតរូប ប្រសិនបើពួកគេមិនទទួលបានប្រាក់កម្រៃពីប្រភពនៅសហរដ្ឋអាមេរិកទេនោះ។ 

ការកំហិត

ពលរដ្ឋពីប្រទេសបណ្តាប្រទេសដែលចូលរួមក្នុងកម្មវិធីលើកលែងទិដ្ឋាការ ដែលមានបំណងចង់ទៅសហរដ្ឋអាមេរិកជាលក្ខណៈបណ្តោះអាសន្នក្នុងនាមជាអ្នកតំណាងនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសដើម្បីទៅបំពេញការងារនៅសហរដ្ឋអាមេរិកក្នុងជំនាញវិជ្ជាជីវៈជាអ្នកផ្សព្វផ្សាយព័ត៌មាន ឬអ្នកសារព័ត៌មាន ដំបូងពួកគេត្រូវដាក់ពាក្យសុំទិដ្ឋាការប្រភេទអ្នកផ្សព្វផ្សាយព័ត៌មានជាមុនសិន។ ពួកគេមិនអាចធ្វើដំណើរដោយមិនមានទិដ្ឋាការតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ (Visa Waiver Program) ឬធ្វើដំណើតាមរយៈទិដ្ឋាការទេសចរណ៌ (ប្រភេទ B) បានទេ។ ការព្យាយាមធ្វើដំណើរតាមមធ្យោបាយដែលបានរៀបរាប់នេះ អាចអោយពួកគេប្រឈមមុខនឹងការបដិសេធមិនអនុញ្ញាតអោយចូលសហរដ្ឋអាមេរិកដោយមន្រ្តីគយ និងមន្ត្រីការពារព្រំដែននៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនៅព្រលានយន្តហោះ។ តារាងខាងក្រោមរៀបរាប់ពីស្ថានភាពផ្សេងៗដែលអាចប្រើប្រាស់ទិដ្ឋាការប្រភេទទេសចរណ៍ ឬប្រើប្រាស់កម្មវិធីលើកលែងទិដ្ឋាការ។ 

ការរួមដំណើរជាមួយអ្នកមានទិដ្ឋាការទេសចរណ៍

អ្នកអាចប្រើប្រាស់ទិដ្ឋាការទេសចរណ៍បាន ប្រសិនបើគោលបំណងនៃការធ្វើដំណើរដូចខាងក្រោម៖

ការទៅចូលរួមសិក្ខាសាលា ឬចូលរួមកិច្ចប្រជុំ
អ្នកតំណាងនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចូលរួមសិក្ខាសាលា ឬចូលរួមកិច្ចប្រជុំណាមួយក្នុងនាមជាសិក្ខាកាម ហើយមិនធ្វើបទយកការណ៍ពីការប្រជុំនោះ ទោះបីក្នុងកំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិក ឬពេលត្រឡប់មកដល់ប្រទេសខ្លួនក៏ដោយ អាចធ្វើដំណើរដោយប្រើទិដ្ឋាការទេសចរណ៍បាន។ លក្ខណៈខុសគ្នាក្នុងច្បាប់អន្តោប្រវេសន៍គឺថាតើពួកគេនឹង “ចូលរួមក្នុងនាមជំនាញវិជ្ជាជីវៈរបស់ពួកគេ” ដែរឬទេ។

ទៅធ្វើបទបង្ហាញ ទៅបង្រៀន ឬទៅចូលរួមក្នុងសកម្មភាពសិក្សា
អ្នកតំណាងនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីធ្វើបទបង្ហាញ ទៅបង្រៀន ឬទៅចូលរួមក្នុងសកម្មភាពសិក្សាផ្សេងៗទៀតនៅស្ថាប័នដែលពាក់ព័ន្ធ ឬនៅសាខារបស់ស្ថាប័នដែលមិនស្វែងរកប្រាក់ចំណេញ អង្គការដែលធ្វើការស្រាវជ្រាវដោយមិនស្វែងរកប្រាក់ចំណេញ អង្គការស្រាវជ្រាវរបស់រដ្ឋាភិបាល ឬស្ថាប័នអប់រំជាន់ខ្ពស់ណាដែលបេក្ខជននឹងទទួលបាននូវប្រាក់សគុណ។ ទោះជាដូចនេះក៏ដោយ ការធ្វើបទបង្ហាញនេះមិនត្រូវមានរយៈពេលហួសពីប្រាំបួនថ្ងៃនៅស្ថាប័ននីមួយៗ ហើយវាគ្មិននេះមិនអាចទទួលយកប្រាក់កំរៃពីស្ថាប័ន ឬអង្គការណាលើសពីប្រាំនោះទេក្នុងកំឡុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។

ការទៅទិញសម្ភារៈសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
និយោជិតនៃស្ថាប័នសារព័ត៌មានបរទេសដែលត្រូវធ្វើដំណើរទៅទិញសម្ភារៈឬសិទ្ធិផ្សាយបន្ត ឬដើម្បីទៅបញ្ជាទិញសម្ភារៈសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស ឬទៅបញ្ជាទិញសិទ្ធិផ្សព្វផ្សាយបន្ត សកម្មភាពទាំងអស់នេះអាចអនុញ្ញាតអោយប្រើទិដ្ឋាការទេសចរណ៍បាន។

ការសំរាកវិស្សមកាល
អ្នកសារព័ត៌មាននៃសារព័ត៌មានបរទេសអាចសំរាកវិស្សមកាលនៅសហរដ្ឋអាមេរិកបានដោយប្រើទិដ្ឋាការប្រភេទទេសចរណ៍ ហើយពួកគេមិនចាំបាច់សុំទិដ្ឋាការអ្នកផ្សព្វផ្សាយព័ត៌មានទេ ដរាបណាពួកគេមិនធ្វើបទយកការណ៍អំពីព្រិត្ដការណ៍ដែលគួរអោយចាប់អារម្មណ៍ណាមួយទេនោះ។ 

ការរួមដំណើរជាមួយអ្នកមានទិដ្ឋាការការងារជាលក្ខណៈបណ្តោះអាសន្ន

ខណៈពេលដែលសកម្មភាពមួយចំនួនមានលក្ខណៈសម្បត្តិសមស្របសម្រាប់ទិដ្ឋាការអ្នកផ្សព្វផ្សាយព័ត៌មាន ព្រោះជាការយកព័ត៌មាន និងដំណឹងនៅក្នុងមាតិកា សកម្មភាពភាគច្រើនគ្មានលក្ខណៈសម្បត្តិសមស្របឡើយ។ ពាក្យសុំទិដ្ឋាការនីមួយៗអាចនឹងទទួលបានការពិចារណាប្រកបដោយលក្ខណៈពេញលេញទៅតាមស្ថានភាពជាក់ស្តែងរបស់ករណីនោះ។ មន្រ្តីកុងស៊ុលនឹងធ្វើការពិចារណាថាតើគោលបំណងនៃការធ្វើដំណើរនេះគឺក្នុងន័យព័ត៌មានសំខាន់ៗ និងថាតើវាជាទូទៅជាប់ពាក់ព័ន្ធនឹងនឹងដំណើរការប្រមូលព័ត៌មាន ទើបអាចកំណត់ថាតើបេក្ខជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទិដ្ឋាការអ្នកផ្សព្វផ្សាយព័ត៌មានដែរឬទេ។ តារាងខាងក្រោមនេះរៀបរាប់អំពីស្ថានភាពនៅពេលដែលទិដ្ឋាការសម្រាប់បុគ្គលិកធ្វើការងារជាបណ្តោះអាសន្ន ដូចជាប្រភេទ H ប្រភេទ O ឬ ប្រភេទ P ត្រូវបានតម្រូវ ជំនួសឱ្យទិដ្ឋាការអ្នកសារព័ត៌មាន ឬ អ្នកផ្សព្វផ្សាយព័ត៌មានប្រភេទ I។

ទិដ្ឋាការសម្រាប់អ្នកធ្វើការជាលក្ខណៈបណ្តោះអាសន្នអាចប្រើបានប្រសិនបើគោលបំណងនៃការធ្វើដំណើរគឺសម្រាប់សកម្មភាពដូចខាងក្រោម៖

ថតសម្រាប់កម្មវិធីកំសាន្តពាណិជ្ជកម្ម ឬគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម
មិនអាចប្រើប្រាស់ទិដ្ឋាការសម្រាប់អ្នកផ្សព្វផ្សាយព័ត៌មានបានទេ ប្រសិនបើគោលបំណងនៃការធ្វើដំណើរទៅសហរដ្ឋអាមេរិកគឺដើម្បីទៅថត ឬធ្វើការងារដែលទាក់ទងនឹងការថតសម្រាប់យកទៅប្រើក្នុងគោលបំណងជាចម្បងនៅក្នុងកម្មវិធីកំសាន្តខាងពាណិជ្ជកម្ម ឬគោលបំណងជាការផ្សាយពាណិជ្ជកម្ម។ ពួកគេត្រូវសុំទិដ្ឋាការប្រភេទការងារជាលក្ខណៈបណ្តោះអាសន្នវិញ។

តួនាទីជាអ្នកគាំទ្រដល់ផលិតកម្ម ដូចជាអ្នកត្រួតពិនិត្យ បណ្ណារក្ស និងអ្នកឌីហ្សាញ
អ្នកដែលចូលរួមក្នុងសកម្មភាពដែលជាប់ពាក់ព័ន្ធនឹងការផលិត ដូចជាអ្នកត្រួតពិនិត្យកំណែអក្សរ (Proofreader) បណ្ណារក្ស អ្នកឌីហ្សាញ ជាដើម មិនមានលក្ខណៈសម្បតិ្តសម្រាប់ទិដ្ឋាការប្រភេទអ្នកផ្សព្វផ្សាយព័ត៌មានទេ ពួកគេអាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រភេទទិដ្ឋាការផ្សេងទៀត ដូចជាទិដ្ឋាការប្រភេទ H ប្រភេទ O ឬប្រភេទ P ជាដើម។

រឿងរ៉ាវដែលជាព្រឹត្តិការណ៍ កម្មវិធីទូរទស្សន៍ និងកម្មវិធីសំណួរចម្លើយជាលក្ខណៈសម្តែង
រឿងរ៉ាវពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលគេប្រឌិតឡើងឬក៏ជាសាច់រឿងសម្តែងលើឆាក ទោះបីជាមិនមានប៉ារ៉ូល (Unscripted) ក៏ដោយ ដូចជាកម្មវិធីទូរទស្សន៍ កម្មវិធីសំណួរនិងចម្លើយ គឺមិនមែនជាព័ត៌មានចម្បង និងជាទូទៅមិនពាក់ព័ន្ធនឹងការងារជាអ្នកសារព័ត៌មាននោះទេ។ ស្រដៀងគ្នានេះដែរ ភាពយន្តឯកសារដែលពាក់ព័ន្ធនឹងការសម្តែងជាការកំសាន្តដោយមានតារាសម្ដែងនានាក៏មិនអាចចាត់ទុកថាព័ត៌មានបានដែរ។ សមាជិកនៃក្រុមដែលធ្វើការអោយផលិតកម្មបែបនេះនឹងមិនមានលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទអ្នកផ្សព្វផ្សាយព័ត៌មានទេ។ ស្ថានីយទូរទស្សន៍ វិទ្យុ និងក្រុមហ៊ុនផលិតកម្មភាពយន្តអាចនឹងមានបំណងចង់ស្វែងរកការពិគ្រោះយោបល់ឯកទេសពីមេធាវីអន្តោប្រវេសន៍ដែលមានជំនាញក្នុងកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្តល់ដំបូន្មានជាក់លាក់តាមគម្រោងបច្ចុប្បន្នរបស់ពួកគេ។

ការផលិតព័ត៌មានអំពីវិស័យសិល្បៈ
អ្នកផ្សព្វផ្សាយព័ត៌មានដែលនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងគោលបំណងទៅចូលរួមនៅក្នុងការផលិតព័ត៌មានអំពីវិស័យសិល្បៈ (ដែលសម្តែងដោយសិល្បករ) នឹងមិនមានលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទអ្នកផ្សព្វផ្សាយព័ត៌មានឡើយ។ ស្ថានីយទូរទស្សន៍ វិទ្យុ និងក្រុមហ៊ុនផលិតកម្មភាពយន្តអាចនឹងមានបំណងចង់ស្វែងរកការពិគ្រោះយោបល់ឯកទេសពីមេធាវីអន្តោប្រវេសន៍ដែលមានជំនាញក្នុងកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្តល់ដំបូន្មានជាក់លាក់តាមគម្រោងបច្ចុប្បន្នរបស់ពួកគេ។ 

សមាជិកគ្រួសារក្នុងបន្ទុក

សហព័ទ្ធ ឬកូនៗដែលមិនទាន់រៀបការណ៍មានអាយុក្រោម21ឆ្នាំដែលមានបំណងចង់ចូលរួមធ្វើដំណើរ ឬទៅចូលរួមស្នាក់នៅសហរដ្ខអាមេរិកជាមួយបេក្ខជនគោលក្នុងកំឡុងពេលនៃការស្នាក់នៅដើម្បីការងាររបស់គាត់ តម្រូវឱ្យមានទិដ្ឋាការប្រភេទ I ដែរ ក្នុងនាមជាសមាជិកគ្រួសាររបស់បេក្ខជនគោល ។ សហព័ទ្ធ ឬកូនៗដែលមិនមានបំណងចង់ទៅស្នាក់នៅសហរដ្ឋអាមេរិកជាមួយបេក្ខជនទិដ្ឋាការគោលទេនោះ ប៉ុន្តែមានបំណងចង់ទៅសម្រាកលំហែវិស្សមកាល អាចមានលក្ខណៈសម្បត្តិម្រាប់ទិដ្ឋាការទេសចរប្រភេទ B-2 វិញ។

សហព័ទ្ធ ឬសមាជិកគ្រួសារក្នុងបន្ទុកប្រហែលជាមិនអាចធ្វើការនៅសហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការប្រភេទ I ក្នុងនាមជាសមាជិកគ្រួសាររបស់បេក្ខជនគោលបានទេ។ ប្រសិនបើសហព័ទ្ធ ឬកូនៗក្នុងបន្ទុកចង់ស្វែករកការងារធ្វើ ពួកគេចាំបាច់ត្រូវសុំទិដ្ឋាការការងារដែលសមស្របទៅនឹងប្រភេទការងារនោះ។

សំណុំឯកសារនៃពាក្យសុំ

ដើម្បីដាក់ពាក្យសុំទិដ្ឋាការប្រភេទ I អ្នកត្រូវមានលក្ខខណ្ឌដូចតទៅ៖

  • ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធវិបសាយ ទម្រង់ DS-160 ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះសម្រាប់ព័ត៌មាន បន្ថែមអំពីទម្រង់ DS-160។
  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយនៅ មានសុពលភាពយ៉ាងតិចបំផុតប្រាំមួយខែក្រោយពីរយៈពេលដែលអ្នកគ្រោងទៅស្នាក់នៅសហរដ្ឋអាមេរិក (លើកលែងតែក្នុងករណីដែលមាន កិច្ចព្រមព្រៀងពីបណ្តាប្រទេសទាំងនោះយល់ព្រមផ្ដល់នូវការលើក លែងនេះ)។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមានឈ្មោះបុគ្គលណា ផ្សេងទៀត បុគ្គលម្នាក់ៗដែលត្រូវការទិដ្ឋាការសហរដ្ឋអាមេរិក ត្រូវតែ ដាក់ពាក្យសុំសម្រាប់ខ្លួនគេផ្ទាល់ដែរ។
  • រូបថតមួយសន្លឹកទំហំ 2"x2" (5សម x 5សម) ដែលទើបថតក្នុង រយៈពេល៦ខែចុងក្រោយ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះអំពីលក្ខខណ្ឌតម្រូវរបស់រូបថត។
  • វិក្កយបត្របង់ប្រាក់ US$160 ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ហើយដែលទឹកប្រាក់នេះមិនអាចបង្វិលសងទៅបេក្ខជនវិញបានទេ។ ការបង់ប្រាក់នេះអាចបង់ជាដុល្លារសហរដ្ឋអាមេរិក ឬរូបិយប័ណ្ណក្នុងស្រុកក៏បានដែរ។ គេហទំព័រនេះមានព័ត៌មានបន្ថែមអំពីការបង់ប្រាក់នេះ។ ប្រសិនបើគេសម្រេចផ្តល់ទិដ្ឋាការជូន ជួនកាលអ្នកអាចនឹងត្រូវបង់ប្រាក់ថ្លៃបដិភាព (Visa Issuance Reciprocity Fee) បន្ថែមខ្លះទៀត អាស្រ័យទៅតាមសញ្ជាតិរបស់អ្នក។ សូមអានគេហទំព័ររបស់ក្រសួងការបរទេស ដើម្បីឱ្យដឹងថាតើអ្នកត្រូវបង់ប្រាក់ថ្លៃបដិភាពនេះដែរឬអត់ ហើយតើមានតម្លៃប៉ុន្មានដែរ។
  • ភស្តុតាងបញ្ជាក់អំពីការងារ៖
    o អ្នកសារព័ត៌មានដែលធ្វើការអោយស្ថាប័នសារព័ត៌មានជាក់លាក់៖ លិខិតពីនិយោជកដែលបញ្ជាក់នូវឈ្មោះ តួនាទីមុខតំណែងរបស់អ្នក នៅក្នុងក្រុមហ៊ុន និងគោលបំណងនៃការធ្វើដំណើរ និងរយៈពេលដែលត្រូវទៅស្នាក់នៅសហរដ្ឋអាមេរិក។
    o អ្នកសារព័ត៌មានឯករាជ្យស្ថិតនៅក្រោមកិច្ចសន្យាជាមួយអង្គភាព ផ្សព្វផ្សាយព័ត៌មាន៖ ច្បាប់ចម្លងនៃកិច្ចសន្យាការងារជាមួយអង្គភាពផ្សព្វផ្សាយព័ត៌មានដែលបញ្ជាក់ពីឈ្មោះ តួនាទីមុខតំណែងរបស់អ្នកនៅក្នុងក្រុមហ៊ុន រយៈពេលនៃកិច្ចសន្យា និងគោលបំណងនៃការធ្វើដំណើរ និងរយៈពេលដែលត្រូវស្នាក់នៅសហរដ្ឋអាមេរិក។
    o បុគ្គលិកផ្នែកភាពយន្ត៖ លិខិតពីនិយោជកដែលបញ្ជាក់នូវឈ្មោះ តួនាទីមុខតំណែងរបស់អ្នកនៅក្នុងក្រុមហ៊ុន និងការពិពណ៌នាសង្ខេបអំពីកម្មវិធីដែលនឹងត្រូវថត និងគោលបំណងនៃការធ្វើដំណើរ និងរយៈពេលដែលត្រូវស្នាក់នៅសហរដ្ឋអាមេរិក។
    o ក្រុមហ៊ុនផលិតកម្មឯករាជ្យស្ថិតនៅក្រោមកិច្ចសន្យាជាមួយអង្គភាពប្រព័ន្ធផ្សព្វផ្សាយ៖ លិខិតពីអង្គភាពដែលផ្តល់សិទ្ធអំណាចការងារ ហើយមានបញ្ជាក់ឈ្មោះ តួនាទីមុខតំណែង និងការពិពណ៌នាសង្ខេបអំពីកម្មវិធីដែលនឹងត្រូវថត រយៈពេលនៃកិច្ចសន្យា និងរយៈពេលដែលត្រូវទៅថតនៅសហរដ្ឋអាមេរិក។

ក្រៅពីសំណុំឯកសារខាងលើនេះ អ្នកក៏ត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ (Appointment Confirmation Letter) ដែលបញ្ជាក់ថាអ្នកបានណាត់ពេលវេលាតាមប្រព័ន្ធអ៊ិនធើណិតរួចហើយ។ ម៉្យាងទៀតអ្នកអាចយកមកជាមួយនូវឯកសារយោងផ្សេងៗ ដែលអ្នកគិតថាអាចជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ជូនទៅមន្រ្តីកុងស៊ុល។ 

របៀបដាក់ពាក្យសុំ

ជំហានទី 1៖

បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តាមប្រព័ន្ធវេបសាយ DS-160។

ជំហានទី 2៖

បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។

ជំហានទី 3៖

ណាត់ពេលវេលាតាមប្រព័ន្ធវិបសាយសម្រាប់សម្ភាសន៍។ ដើម្បីអាចណាត់ពេលវេលាសម្ភាសន៍បាន អ្នកត្រូវមានព័ត៌មានខាងក្រោមនេះ៖

  • លេខលិខិតឆ្លងដែន
  • លេខវិក្កយបត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ សូមចុចទីនេះ ប្រសិនបើអ្នកត្រូវការរកលេខវិក្កយបត្រ។
  • លេខដប់ខ្ទង់នៃបារកូដរបស់ទំព័របញ្ជាក់ទម្រង់ DS-160។

ជំហានទី 4៖

អញ្ជើញទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់។ អ្នកត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ ទំពរ័បញ្ជាក់របស់ទម្រង់ DS-160 រូបថតចំនួនមួយសន្លឹកដែលទើបតែថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ និងច្បាប់ដើមនៃវិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការផង។ ពាក្យសុំទិដ្ឋាការដែលមិនមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់កន្លងមកនេះនឹងមិនអាចអនុញ្ញាតិអោយសម្ភាសន៍បានទេ។

ឯកសាយោងនានា

ឯកសារយោងគឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗជាច្រើនទៀតដែលមន្រ្តីកុងស៊ុលនឹងពិចារណានាពេលសម្ភាសន៍។ មន្រ្តីកុងស៊ុលពិនិត្យមើលពាក្យសុំនីមួយៗដាច់ដោយឡែកពីគ្នា ហើយនឹងពិចារណាចំពោះស្ថានភាពការងារវិជ្ជាជីវៈ ស្ថានភាពសង្គម វប្បធម៌ និងស្ថានភាពផ្សេងៗទៀតដែរ។ មន្រ្តីកុងស៊ុលក៏អាចនឹងពិចារណាអំពីគោលបំណងជាក់លាក់របស់អ្នក ស្ថានភាពគ្រួសារ រួមទាំងគម្រោងផែនការរយៈពេលវែង និងទស្សនវិស័យរបស់អ្នកនៅក្នុងប្រទេសដែលអ្នកកំពុងស្នាក់នៅ។ ករណីទិដ្ឋាការនីមួយៗនឹងត្រូវបានគេពិនិត្យពិចារណាជាលក្ខណៈដាច់ដោយឡែកពីគ្នា ហើយរាល់ការសម្រចចិត្តចំពោះពាក្យសុំទិដ្ឋាការត្រូវតែសមស្របទៅនឹងតម្រូវការរបស់ច្បាប់ដែរ។

សូមប្រុងប្រយ័ត្ន៖ អ្នកមិនត្រូវប្រើប្រាស់ឯកសារក្លែងក្លាយនោះទេ។ ការក្លែងបន្លំ និងការប្រើប្រាស់ឯកសារ និងព័ត៌មានមិនពិតប្រាកដណាមួយអាចបណ្តាលឱ្យអ្នកបាត់បង់សិទ្ធិមិនអាចទទួលបានទិដ្ឋាការជាអចិន្រ្តៃយ៍តែម្តង។ ប្រសិនបើអ្នកព្រួយបារម្ភពីការរក្សាភាពសម្ងាត់ អ្នកគួរតែយកឯកសារទាំងនេះទៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដោយដាក់នៅក្នុងស្រោមសំបុត្រដែលបិទជិត។ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យបែកធ្លាយ ឬលេចឮព័ត៌មាននេះដល់បុគ្គលណាផ្សេងទៀតឡើយ ហើយយើងនឹងគោរពដល់ការសម្ងាត់នៃព័ត៌មានទាំងនេះ។

អ្នកត្រូវយកឯកសារខាងក្រោមនេះទៅជាមួយនៅពេលទៅសម្ភាសន៍៖

  • ប័ណ្ណសារព័ត៌មាន/ប័ណ្ណផ្តល់សិទ្ធ
  • លិខិតពីនិយោជកដែលបញ្ជាក់ពីគោលបំណងនៃការធ្វើដំណើរ រយៈពេលដែលអ្នកគ្រោងទៅស្នាក់នៅ រយៈពេលដែលអ្នកបានធ្វើការជាមួយនិយោជកនេះ និងចំនួនឆ្នាំនៃបទពិសោធន៍ការងារក្នុងនាមជាអ្នកសារព័ត៌មាន ។

ឯកសារយោងសម្រាប់សមាជិកគ្រួសារក្នុងបន្ទុក

ប្រសិនបើសហព័ន្ធ និងឬកូនៗរបស់អ្នក ដាក់ពាក្យសុំទិដ្ឋាការនៅពេលក្រោយ សូមយកច្បាប់ចម្លងនៃទិដ្ឋាការអ្នកផ្សព្វផ្សាយសារព័ត៌មានរបស់អ្នកទៅជាមួយនឺងពាក្យសុំទិដ្ឋាការរបស់ពួកគេផង។

ព័ត៌មានបន្ថែម

សម្រាប់ព័ត៌មានបន្ថែមអំពីទិដ្ឋាការអ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មាន សូមចូលមើលគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។