អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការការងារ

ទិដ្ឋាការទៅធ្វើការ

លើទំព័រនេះ


សំណួរដែលសួរជាញឹកញាប់ (FAQ)

ព័ត៌មានទូទៅ

ប្រសិនបើអ្នកចង់ទៅធ្វើការជាលក្ខណៈបណ្តោះអាសន្នតាមស្ថានភាពមិនមែនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកតម្រូវឱ្យអ្នកមានទិដ្ឋាការជាក់លាក់មួយសមស្របទៅនឹងប្រភេទការងារដែលអ្នកនឹងធ្វើ។ ប្រភេទការងារជាបណ្តោះអាសន្នភាគច្រើនតម្រូវអោយបុគ្គលដែលនឹងក្លាយជានិយោជក ឬភ្នាក់ងាររបស់អ្នក ដាក់ឯកសារធានា ហើយត្រូវតែទទួលបានការអនុម័តពីស្ថាប័នខាងអន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក (USCIS) មុនពេលដែលអ្នកអាចដាក់ពាក្យសុំទិដ្ឋាការសម្រាប់ការងារនោះបាន។

ដើម្បីអោយបេក្ខជនទិដ្ឋាការប្រភេទ H L O P និងប្រភេទ Q ទាំងអស់អាចដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកបាន ពួកគេត្រូវតែទទួលបានការអនុម័តចំពោះសំណុំឯកសារធានារបស់គេពីស្ថាប័ន USCIS គឺទម្រង់ I-129 ជាមុនសិន។ នៅពេលដែលឯកសារធានាទទួលបានការអនុម័តរួចហើយ និយោជក ឬភ្នាក់ងាររបស់អ្នកនឹងទទួលបានការជូនដំណឹងមួយ (Notice of Action) តាមរយៈទម្រង់ I-797។ នៅពេលសម្ភាសន៍ មន្រ្តីកុងស៊ុលនឹងផ្ទៀងផ្ទាត់បញ្ជាក់ពីការអនុម័តនេះតាមរយៈសេវាគ្រប់គ្រងទិន្នន័យសំណុំឯកសារធានា (PIMS) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

នៅពេលមកសម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកអ្នកត្រូវយកលេខបង្កាន់ដៃសំណុំឯកសារធានានៃទម្រង់ I-129 មកជាមួយសម្រាប់ផ្ទៀងផ្ទាត់ ថាតើសំណុំឯកសារធានានោះពិតជាទទួលបានការអនុម័តមែនឬអត់។ ប្រសិនបើអ្នកមានច្បាប់ចម្លងរបស់ទម្រង់ I-129 នេះ អ្នកគួរយកមកជាមួយនៅថ្ងៃសម្ភាសន៍។ សូមចំណាំថាការអនុម័តចំពោះសំណុំឯកសារធានា មិនមែនជាការធានាដល់ការចេញទិដ្ឋាការជូននោះទេ ប្រសិនបើគេរកឃើញថាអ្នកមិនមានលក្ខណៈសម្បត្តិសម្រាប់ទទួលយកទិដ្ឋាការតាមច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក។

ការពន្យល់បកស្រាយ និងលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការ

ទិដ្ឋាការប្រភេទ H-1B (ការងារជាអ្នកឯកទេស)

ទិដ្ឋាការប្រភេទ H-1B សម្រាប់ទៅសហរដ្ឋអាមេរិកដើម្បីបំពេញការងារជាលក្ខណៈវិជ្ជាជីវៈដែលបានគ្រោងទុកជាមុន។ ដើម្បីអោយមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ អ្នកត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រកម្រិតខ្ពស់ជាងនេះ (ឬមានតម្លៃស្មើគ្នា) ក្នុងមុខជំនាញឯកទេសជាក់លាក់ដែលពាក់ព័ន្ធនឹងការងារដែលអ្នកត្រូវធ្វើ។ ស្ថាប័ន USCIS និងពិនិត្យពិចារណាថាតើការងាររបស់អ្នកគឺជាការងារបែបជំនាញឯកទេស ហើយអ្នកពិតជាមានជំនាញសម្រាប់ធ្វើការងារនោះដែរឬទេ។ ម្យ៉ាងទៀតនិយោជករបស់អ្នកក៏ត្រូវដាក់ពាក្យ Labor Condition Application ទៅក្រសួងការងារសហរដ្ឋអាមេរិកដោយផ្តល់ព័ត៌មានអំពីខ្លឹមសារ និងល័ក្ខខ័ណ្ឌនានាដែលត្រូវចែងនៅក្នុងកិច្ចសន្យាការងាររបស់អ្នក។

ទិដ្ឋាការប្រភេទ H-1B1 (ការងារជាលក្ខណៈបណ្តោះអាសន្នតាមសទ្ធិសញ្ញា)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាជាមួយប្រទេសឈីលី និងប្រទេសសិង្ហបូរីបានអនុញ្ញាតអោយជនជាតិឈីលី និងជនជាតិសិង្ហបូរីអាចទៅធ្វើការជាលក្ខណៈបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកក្នុងស្ថានភាពមួយចំនួន។ ការអនុញ្ញាតនេះផ្តល់អោយតែជនជាតិឈីលី និងជនជាតិសិង្ហបូរីដែលជាបេក្ខជនគោលតែប៉ុណ្ណោះ ទោះបីជាសហព័ទ្ធ និងកូនៗរបស់គេអាចមានសញ្ជាតិផ្សេងក៏ដោយ។
បេក្ខជនដែលសុំទិដ្ឋាការប្រភេទ H-1B1 ត្រូវបានគេផ្តល់ការងារជាមុនដោយនិយោជកនៅសហរដ្ឋអាមេរិកតាមប្រភេទការងារដែលបេក្ខជនជ្រើសរើស ប៉ុន្តែនិយោជកនោះមិនចាំបាច់ដាក់សំណុំឯកសារធានាតាមទម្រង់ I-129 សំណុំឯកសារធានាសម្រាប់ការងារបណ្តោះអាសន្ននោះទេ ហើយបេក្ខជនទិដ្ឋាការមិនចាំបាច់ត្រូវមានការជូនដំណឹង (Notice of Approval) ពីការអនុម័តសំណុំឯកសារធានា I-797 មុនពេលដាក់ពាក្យសុំទិដ្ឋាការនោះទេ។ ទោះជាដូចនេះក៏ដោយ អ្នកធានាមិនចាំបាច់ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រកាងារសម្រាប់ជនបរទេស Foreign Labor Certification នៅក្រសួងការងារមុនពេលដាក់ពាក្យសុំទិដ្ឋាការនោះទេ។ សូមអានព័ត៌មានបនែ្ថមអំពីទិដ្ឋាការប្រភេទ H-1B1 នៅទីនេះ

ទិដ្ឋាការប្រភេទ H-2A (កម្មករធ្វើការងារកសិកម្មតាមរដូវកាល)

ទិដ្ឋាការប្រភេទ H-2A អនុញ្ញាតឱ្យនិយោជកអាមេរិកនាំយកជនបរទេសទៅសហរដ្ឋអាមេរិកដើម្បីទៅធ្វើការងារផ្នែកកសិកម្មជាលក្ខណៈបណ្តោះអាសន្ន ប្រសិនបើពួកគេមិនអាចរកកម្មករនៅសហរដ្ឋអាមេរិកឱ្យធ្វើការងារនេះបាន។ ប្រភេទទិដ្ឋាការ H-2A តម្រូវដល់បុគ្គលណាដែលត្រូវទៅធ្វើការងារខាងកសិកម្ម ឬប្រភេទការងារបណ្តោះអាសន្នណាផ្សេងទៀត ឬអាចជាការងារតាមរដូវកាលនៅសហរដ្ឋអាមេរិកជាលក្ខណៈបណ្តោះអាសន្ន។ និយោជកនៅសហរដ្ឋអាមេរិក (ឬសមាគមនៃផលិតករកសិកម្មសហរដ្ឋអាមេរិក ដែលប្រើឈ្មោះជាសហនិយោជក) ត្រូវដាក់ពាក្យស្នើសុំតាមទម្រង់ I-129 ឯកសារធានាយកបុគ្គលិកទៅធ្វើការជាលក្ខណៈបណ្តោះអាសន្ន។

ទិដ្ឋាការប្រភេទ H-2B (កម្មករជំនាញ និងកម្មករគ្មានជំនាញ)

ទិដ្ឋាការប្រភេទនេះ សម្រាប់ទៅធ្វើការងារនៅសហរដ្ឋអាមេរិកជាលក្ខណៈបណ្តោះអាសន្ន ឬតាមរដូវកាល ប្រសិនបើនៅសហរដ្ឋអាមេរិកមិនមានកម្មករគ្រប់គ្រាន់សម្រាប់ធ្វើការងារប្រភេទនេះ។ និយោជកត្រូវស្នើសុំទៅក្រសួងការងារសហរដ្ឋអាមេរិកអោយផុ្តល់វិញ្ញាបនបត្របញ្ជាក់ថាពិតជាមិនមានកម្មករនៅសហរដ្ឋអាមេរិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើការងារដែលគេកំពុងតែដាក់ឯកសារធានានេះ។

ទិដ្ឋាការប្រភេទ H-3 (អ្នកហ្វឹកហាត់ការងារ)

ត្រូវសុំទិដ្ឋាការប្រភេទ H-3 ប្រសិនបើអ្នកទៅសហរដ្ឋអាមេរិកដើម្បីទទួលការបណ្តុះបណ្តាលពីនិយោជកក្នុងជំនាញណាមួយដែលអ្នកជ្រើសរើស ប៉ុន្តែមិនមែនជាវគ្គបណ្តុះបណ្តាលដែលនឹងត្រូវប្រឡងបញ្ចប់ការសិក្សា ឬដែលមានរយៈពេលរហូតដល់ទៅពីរឆ្នាំនោះទេ។ គេអាចផ្តល់ប្រាក់កម្រៃដល់អ្នកក្នុងអំឡុងពេលទទួលការបណ្តុះបណ្តាល ឬធ្វើការជាលក្ខណៈអនុវត្តជាក់ស្តែង។ ការបណ្តុះបណ្តាលនេះមិនអាចក្នុងន័យផ្តល់ការងារផលិតកម្មទេ ហើយអ្នកពិតជាមិនអាចស្វែងរកការបណ្តុះបណ្តាលប្រភេទនេះនៅក្នុងប្រទេសរបស់អ្នកបានទេ។

ទិដ្ឋាការប្រភេទ H-4 (សមាជិកគ្រួសារក្នុងបន្ទុក)

ប្រសិនបើអ្នកជាបេក្ខជនគោលដែលមានទិដ្ឋាការប្រភេទ H ដែលនៅមានសុពលភាពនោះ សហព័ទ្ធ (ប្តី ឬប្រពន្ធ) ឬកូនៗដែលនៅលីវ (អាយុក្រោម 21ឆ្នាំ) ក៏អាចនឹងសុំទិដ្ឋាការប្រភេទ H-4 នេះដើម្បីធ្វើដំណើរជាមួយអ្នកទៅសហរដ្ឋអាមេរិកបាន។ ទោះជាដូចនេះក៏ដោយ សហព័ទ្ធនិងកូនៗរបស់អ្នក មិនអាចធ្វើការក្នុងអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិកបានទេ។

ទិដ្ឋាការប្រភេទ L-1 (សម្រាប់អ្នកដែលត្រូវផ្ទេរការងារនៅក្នុងក្រុមហ៊ុន)

ត្រូវសុំទិដ្ឋាការប្រភេទ L-1 ប្រសិនបើអ្នកជានិយោជិតនៃក្រុមហ៊ុនអន្តរជាតិដែលត្រូវបានគេផ្ទេរជាបណ្តោះអាសន្នឱ្យទៅធ្វើការនៅសាខាដើម ឬសាខាក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគ្នា ឬសាខាណាផ្សេងទៀតនៅក្នុងក្រុមហ៊ុនតែមួយនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអន្តរជាតិនេះអាចជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ឬជាក្រុមហ៊ុនរបស់ប្រទេសណាផ្សេងទៀតក៏បានដែរ។ ដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទិដ្ឋាការប្រភេទ L-1 នេះ អ្នកត្រូវតែមានឋានៈតួនាទីការងារកម្រិតជាអ្នកគ្រប់គ្រង ឬជាអ្នកប្រតិបត្តិ ឬត្រូវមានជំនាញឯកទេស ហើយអ្នកនឹងទទួលបានការតែងតាំងមុខតំណែងកម្រិតបែបនេះនៅក្នុងក្រុមហ៊ុននៅសហរដ្ឋអាមេរិក ប៉ុន្តែមិនចាំបាច់ត្រូវមានមុខតំណែងដូចគ្នានឹងមុខតំណែងដែលអ្នកធ្លាប់ធ្វើពីមុនឡើយ។ លើសពីនេះក៏មានតម្រូវការថា អ្នកធ្លាប់បានធ្វើការរយៈពេលមួយឆ្នាំនៅក្រុមហ៊ុនអន្តរជាតិមួយនៅប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិកក្នុងរយៈពេលបីឆ្នាំមុនពេលដែលអ្នកដាក់ពាក្យស្នើសុំការអនុញ្ញាតចូលទៅសហរដ្ឋអាមេរិក។ អ្នកអាចដាក់ពាក្យសុំទិដ្ឋាការប្រភេទ L-1 នេះបានបន្ទាប់ពីក្រុមហ៊ុន ឬសាខាក្រុមហ៊ុននៅសហរដ្ឋអាមេរិកទទួលបានការអនុម័តឯកសារធានាពី USCIS ទោះបីជាតាមរយៈសំណុំឯកសារធានាជាលក្ខណៈចំហ “Blanket” ឬជាលក្ខណៈបុគ្គលក៏ដោយ។

ទិដ្ឋាការប្រភេទ L-2 (សមាជិកគ្រួសារក្នុងបន្ទុក)

ប្រសិនបើអ្នកគឺជាបេក្ខជនគោលដែលមានទិដ្ឋាការប្រភេទ L ដែលនៅមានសុពលភាព សហព័ទ្ធ ឬកូនៗដែលនៅលីវ (អាយុក្រោម២១ឆ្នាំ) អាចនឹងទទួលបានប្រភេទទិដ្ឋាការដូចគ្នានេះដែរ។ អាស្រ័យដោយមានការផ្លាស់ប្តូរនៃច្បាប់កាលពីពេលថ្មីៗនេះ សហព័ទ្ធរបស់អ្នកអាចដាក់ពាក្យស្នើសុំការអនុញ្ញាតដើម្បីធ្វើការងារបាន។ សហព័ទ្ធរបស់អ្នកអាចចូលទៅសហរដ្ឋអាមេរិកតាមរយ ទម្រង់ I-765 (អាចរកទម្រង់នេះបានពីស្ថាប័ន USCIS)​ រួមជាមួយនឹងថ្លៃដាក់ពាក្យសុំ។ កូនៗរបស់អ្នកមិនអាចនឹងអនុញ្ញាតអោយធ្វើការនៅសហរដ្ឋអាមេរិកបានទេ។

ទិដ្ឋាការប្រភេទ O

ទិដ្ឋាការប្រភេទ O នេះនឹងផ្តល់ដល់ជនដែលមានសមត្ថភាពវិសាមញ្ញខាងវិស័យវិទ្យាសាស្រ្ត សិល្បៈ ការអប់រំសិក្សា ការងារមុខជំនួញ និងខាងផ្នែកអត្តពលកម្ម ឬជាអ្នកដែលមានស្នាដៃជាពិសេសខាងរូបភាពគំនូរជីវចល និងផលិតកម្មទូរទស្សន៍ រួមជាមួយនឹងបុគ្គលិកដែលជាអ្នកជួយការងាររបស់ពួកគេ។

ទិដ្ឋាការប្រភេទ P (សិល្បករ អ្នកសម្តែង)

ទិដ្ឋាការប្រភេទ P នោះនឹងផ្តល់ដល់អត្តពលករមួយចំនួន អ្នកសម្តែង សិល្បករ និងបុគ្គលិកចាំបាច់របស់គេ ដែលត្រូវទៅសម្តែងនៅសហរដ្ឋអាមេរិក។

ទិដ្ឋាការប្រភេទ Q

ទិដ្ឋាការ Q គឺសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិកទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិដើម្បីផ្ដល់ការបណ្ដុះបណ្ដាល ឬការងារបែបអនុវត្ត និងធ្វើការចែករំលែកអំពីប្រវត្តិសាស្រ្ត វប្បធម៌ និងទំនៀមទំលាប់ប្រពៃណីនៃប្រទេសកំណើតរបស់អ្នក។ អ្នកឧបត្ថម្ភកម្មវិធីនេះ ត្រូវតែដាក់សំណុំឯកសារធានាអ្នក ហើយត្រូវទទួលបានការអនុម័តពីស្ថាប័ន USCIS។

គួរដាក់ពាក្យសុំនៅពេលណា

ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកអាចនឹងដំណើរការពាក្យសុំទិដ្ឋាការប្រភេទ H L O P ឬប្រភេទ Q របស់អ្នកបានក្នុងអំឡុងពេលរហូតដល់ 90ថ្ងៃ មុនពេលថ្ងៃចាប់ផ្តើមនៃការងារដែលបានកំណត់នៅលើទម្រង់ I-797 របស់អ្នក។ ទោះជាដូចនេះក៏ដោយ នៅពេលរៀបចំគម្រោងធ្វើដំណើរ អ្នកត្រូវចងចាំថា អាស្រ័យតាមបទប្បញ្ញត្តិនៃច្បាប់សហព័ន្ធ អ្នកអាចប្រើទិដ្ឋាការនេះដើម្បីស្នើសុំចូលទៅសហរដ្ឋអាមេរិកក្នុងរយៈពេលដប់ថ្ងៃមុនថ្ងៃចាប់ផ្តើមដូចដែលបានអនុម័តនៅលើទម្រង់ I-797 តែប៉ុណ្ណោះ។

សំណុំឯកសារនៃពាក្យសុំ

ប្រសិនបើអ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទ H L O P ឬប្រភេទ Q អ្នកត្រូវមានឯកសារដូចខាងក្រោមនេះ៖

  • ទម្រង់ DS-160 ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធអេឡិចត្រូនិច។ សូមចូលអានព័ត៌មានក្នុងគេហទំព័រនេះ សម្រាប់ព័ត៌មានបន្ថែមអំពីទម្រង់ DS-160។
  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយនៅមានសុពលភាពនៅសល់យ៉ាងតិចប្រាំមួយខែក្រោយពីរយៈពេលដែលអ្នកចង់ទៅស្នាក់នៅសហរដ្ឋអាមេរិក (លុះត្រាតែមានការព្រមព្រៀងពីប្រទេសជាក់លាក់យល់ព្រមផ្តល់នូវការលើកលែងនេះ)។ ប្រសិនបើនៅក្នុងលិខិតឆ្លងដែនរបស់អ្នកមានដាក់ឈ្មោះរបស់បុគ្គលណាផ្សេងទៀត បុគ្គលម្នាក់ៗដែលគ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកត្រូវដាក់ពាក្យសុំទិដ្ឋាការរៀងៗខ្លួន។
  • រូបថត១សន្លឹក ទំហំ 2x2 អ៊ីញ (5x5 ស.ម) ទើបថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ។ គេហទំព័រនេះមានព័ត៌មានអំពីតម្រូវការរូបថត។
  • វិក្កយបត្របង់ប្រាក់ ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ អ្នកអាចបង់ជាដុល្លារអាមេរិក ឬជារូបិយប័ណ្ណក្នុងស្រុកក៏បានដែរ ហើយទឹកប្រាក់ដែលបង់នេះមិនអាចប្រគល់ជូនអ្នកវិញបានទេ។ គេហទំព័រនេះមានព័ត៌មានបន្ថែមអំពីការបង់ប្រាក់នេះ។ ប្រសិនបើគេសម្រេចចិត្តចេញទិដ្ឋាការជូន អាចនឹងមានការតម្រូវអោយបង់ប្រាក់ថ្លៃបដិភាព (Visa Issuance Reciprocity Fee) បន្ថែមខ្លះទៀតអាស្រ័យទៅតាមសញ្ជាតិរបស់អ្នក។ គេហទំព័រនៃក្រសួងការបរទេសហរដ្ឋអាមេរិកអាចជួយអ្នកអោយស្វែងយល់ថាតើអ្នកត្រូវបង់ប្រាក់ថ្លៃបដិភាពនៃការចេញទិដ្ឋាការដែរឬអត់ ហើយតើតម្លៃប៉ុន្មានដែរ។
  • ប្រសិនបើអ្នកជាបេក្ខជនទិដ្ឋាការប្រភេទ L-1 នៃសំណុំឯកសារនានា Blanket Petition អ្នកត្រូវបង់ប្រាក់ថ្លៃសេវាបង្ការ និងទប់ស្កាត់ការក្លែងបន្លំ (អាចអានព័ត៌មានបន្ថែមនៅអំពីតម្រូវការបង់ប្រាក់នៅទីនេះ)។
  • លេខបង្កាន់ដៃដែលមាននៅលើទម្រង់ I-129 ដែលគេបានអនុម័តអោយ។
  • ទម្រង់ I-797 មិនតម្រូវអោយយកទៅជាមួយនៅពេលសម្ភាសន៏ទេ។

ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះ អ្នកត្រូវតែបង្ហាញលិខិតបញ្ជាក់ការណាត់ពេលវេលាសម្ភាសន៍តាមគេហទំព័រនេះ។ អ្នកអាចយកឯកសារយោងផ្សេងៗដែលអ្នកគិតថាអាចនឹងជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ទៅមន្រ្តីកុងស៊ុល។ 

របៀបដាក់ពាក្យសុំ

ជំហានទី 1៖

បំពេញទម្រង់ DS-160 ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធអេឡិចត្រូនិច។

ជំហានទី 2៖
បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។

ជំហានទី 3៖

ណាត់ពេលវេលាតាមប្រព័ន្ធវិបសាយសម្រាប់សម្ភាសន៍។ ដើម្បីអាចណាត់ពេលវេលាសម្ភាសន៍បាន អ្នកត្រូវមានព័ត៌មានខាងក្រោមនេះ៖

  • លេខលិខិតឆ្លងដែន
  • លេខវិក្កយបត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ សូមចុចទីនេះ ប្រសិនបើអ្នកត្រូវការរកលេខវិក្កយបត្រ។
  • លេខដប់ខ្ទង់នៃបារកូដរបស់ទំព័របញ្ជាក់ទម្រង់ DS-160។

ជំហានទី 4៖

អញ្ជើញទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់។ អ្នកត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ ទំពរ័បញ្ជាក់របស់ទម្រង់ DS-160 រូបថតចំនួនមួយសន្លឹកដែលទើបតែថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ និងច្បាប់ដើមនៃវិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការផង។ ពាក្យសុំទិដ្ឋាការដែលមិនមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់កន្លងមកនេះនឹងមិនអាចអនុញ្ញាតិអោយសម្ភាសន៍បានទេ។

ឯកសារយោងនានា

ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះ អ្នកត្រូវតែបង្ហាញលិខិតបញ្ជាក់ការណាត់ពេលវេលាសម្ភាសន៍។ អ្នកអាចយកឯកសារយោងផ្សេងៗ ដែលអ្នកគិតថាអាចនឹងជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ទៅមន្រ្តីកុងស៊ុល។

សូមប្រុងប្រយ័ត្ន៖ មិនត្រូវបង្ហាញឯកសារក្លែងក្លាយឡើយ។ រាល់ការក្លែងបន្លំ និងការផ្តល់ព័ត៌មានមិនពិតប្រាកដអាចនឹងបណ្តាលឱ្យអ្នកលែងមានសិទ្ធិទទួលបានទិដ្ឋាការអាមេរិកជាអចិន្រ្តៃយ៍តែម្តង។ ប្រសិនបើមានការព្រួយបារម្ភពីការរក្សាការសម្ងាត់ អ្នកគួរយកឯកសាររបស់អ្នកទៅស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកដោយដាក់នៅក្នុងស្រោមសំបុត្របិទជិត។ ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនឹងមិនធ្វើឱ្យបែកធ្លាយព័ត៌មាននោះទៅដល់បុគ្គលណាម្នាក់ទៀតឡើយ ហើយយើងនឹងគោរពដល់ការសម្ងាត់នៃព័ត៌មានរបស់អ្នក។

មន្រ្តីកុងស៊ុលពិនិត្យមើលពាក្យសុំទិដ្ឋាការនីមួយជាករណីដាច់ដោយឡែកហើយនឹងធ្វើការពិចារណាទៅលើកត្តាវិជ្ជាជីវៈ សង្គម វប្បធម៌ និងកត្តាផ្សេងៗទៀតក្នុងអំឡុងពេលធ្វើការវិនិច្ឆ័យពាក្យសុំ។ មន្រ្តីកុងស៊ុលអាចនឹងពិនិត្យមើលអំពីគោលបំណងជាក់លាក់របស់អ្នក ស្ថានភាពគ្រួសារ គម្រោង និងទស្សនវិស័យរយៈពេលយូរអង្វែងរបស់អ្នកនៅក្នុងប្រទេសដែលអ្នកស្នាក់នៅ។ ករណីទិដ្ឋាការនីមួយៗនឹងត្រូវបានគេពិនិត្យពិចារណាជាលក្ខណៈដាច់ដោយឡែកពីគ្នា ហើយរាល់ការសម្រេចចិត្តចំពោះករណីទិដ្ឋាការនីមួយៗនឹងធ្វើឡើងស្របតាមល័ក្ខខ័ណ្ឌតម្រូវនៃច្បាប់។

ប្រសិនបើអ្នកជាបេក្ខជនដែលទើបតែដាក់ពាក្យសុំទិដ្ឋាការជាលើកដំបូង អ្នកអាចនឹងសន្សំពេលវេលាបានខ្លះប្រសិនបើអ្នកយកឯកសារដូចខាងក្រោមនេះទៅសម្ភាសន៍៖

  • ភស្តុតាងដែលបញ្ជាក់ពីល័ក្ខខ័ណ្ឌតម្រូវនៃលក្ខណៈសម្យត្តិសម្រាប់ការងាររបស់អ្នក រួមទាំងសញ្ញាបត្រពីសកលវិទ្យាល័យនានាផង។
  • លិខិតច្បាប់ដើមពីនិយោជកបច្ចុប្បន្ន និងនិយោជកពីមុនដែលរៀបរាប់លម្អិតអំពីមុខតំណែង និងគម្រោងនានាដែលអ្នកធ្លាប់បានធ្វើកាលពីពេលកន្លងមក និងរយៈពេលដែលអ្នកបានបម្រើការងារអោយនិយោជកនោះ។
  • ប្រសិនបើអ្នកកំពុងបម្រើការងារ និងកំពុងតែមានទិដ្ឋាការប្រភេទ H-1B អ្នកត្រូវដាក់តារាងបៀវត្សរ៍ក្នុងរយៈពេលមួយឆ្នាំនេះ និងរបាយការបង់ពន្ធរដ្ឋរបស់អ្នក (IRS ទម្រង់ 1040 និងទម្រង់ W-2) សម្រាប់គ្រប់ឆ្នាំទាំងអស់ដែលអ្នកបានធ្វើការងារនៅសហរដ្ឋអាមេរិក។ អ្នកគួរយកឯកសារខាងក្រោមនេះមកជាមួយដែរ៖
    • តារាងបៀវត្សរ៍នៃការងារបច្ចុប្បន្ន ឬការងារចុងក្រោយបំផុតរបស់អ្នក។
    • ឈ្មោះ និងលេខទូរស័ព្ទបច្ចុប្បន្នរបស់អ្នកគ្រប់គ្រងផ្នែកបុគ្គលិកនៅកន្លែងធ្វើការបច្ចុប្បន្ន និងកន្លែងធ្វើការពីមុនរបស់អ្នក។
    • ប្រវត្តិរូបសង្ខេបរបស់អ្នក។

សមាជិកគ្រួសារនៅក្នុងបន្ទុក

សមាជិកគ្រួសារក្នុងបន្ទុករបស់អ្នកគួរយកមកជាមួយនូវឯកសារចាំបាច់ទាំងអស់សម្រាប់ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ រួមជាមួយនឹងឯកសារខាងក្រោម៖

  • សំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើម (របស់សហព័ទ្ធអ្នក) និង/ឬ សំបុត្រកំណើត (សម្រាប់កូនដែលនៅលីវ អាយុក្រោម២១ឆ្នាំ) ប្រសិនបើចាំបាច់។
  • លិខិតពីនិយោជកដែលបញ្ជាក់ពីការងាររបស់អ្នក និងការបន្តការងារបស់អ្នកទៅថ្ងៃក្រោយទៀត។
  • ប្រសិនបើសហព័ទ្ធរបស់អ្នកបច្ចុប្បន្នកំពុងធ្វើការងារនៅសហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការប្រភេទ H1-B អ្នកត្រូវយកតារាងបៀវត្សរ៍របស់គាត់ក្នុងរយៈពេលមួយឆ្នាំរួមទាំងរបាយការណ៍បង់ពន្ធរដ្ឋ (IRS ទម្រង់ 1040 និង W-2) គ្រប់ឆ្នាំទាំងអស់ដែលគាត់បានបម្រើការនៅសហរដ្ឋអាមេរិកតាមទិដ្ឋាការប្រភេទ H-1B នេះ។

ព័ត៌មានផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែមអំពីទិដ្ឋាការប្រភេទ H, L, O, P និង Q សូមមើលគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមរិកស្តីពីការងារជាលក្ខណៈបណ្តោះអាសន្ន។