ពាក្យសុំទិដ្ឋាការដែលត្រូវបដិសេធដោយយោងតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) មាត្រា ២២១(g)
លើទំព័រនេះ
- ព័ត៌មានទូទៅ
- តើនរណាមានសិទ្ធិណាត់សម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍?
- ការណាត់ជួបរបស់ខ្ញុំ
- ដំណើរការផ្នែករដ្ឋបាល
- ភាពមិនមានសិទ្ធិទទួលបានទិដ្ឋាការ និងការសុំការលើកលែង
ព័ត៌មានទូទៅ
ការបដិសេធតាមមាត្រា ២២១(g) មានន័យថា ពាក្យសុំទិដ្ឋាការនោះខ្វះខាតព័ត៌មានសំខាន់ ឬពាក្យសុំនោះត្រូវរង់ចាំដំណើរការផ្នែករដ្ឋបាលបន្ថែមទៀត។ មន្ត្រីកុងស៊ុលដែលសម្ភាសអ្នកនឹងជម្រាបនៅពេលសម្ភាសចប់ប្រសិនបើករណីទិដ្ឋាការរបស់អ្នកត្រូវបានបដិសេធដោយយោងទៅតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ មាត្រា ២២១(g) នេះ។ មន្ត្រីកុងស៊ុលអាចនឹងជម្រាបអ្នកថាករណីទិដ្ឋាការរបស់អ្នកត្រូវរង់ចាំដំណើរការផ្នែករដ្ឋបាលបន្ត ឬស្នើរសុំអោយផ្តល់ព័ត៌មានបន្ថែម។
ប្រសិនបើអ្នកត្រូវបានស្នើរសុំអោយផ្តល់ព័ត៌មានបន្ថែម មន្ត្រីកុងស៊ុលនឹងពន្យល់ពីនិតិវិធីដើម្បីផ្តល់ព័ត៌មានបន្ថែមនោះ។ នៅពេលអ្នកត្រូវបានបដិសេធទិដ្ឋាការតាមមាត្រា ២២១(g) អ្នកនឹងទទួលបានសំបុត្រមួយដែលពន្យល់អំពីការបដិសេធ ហើយអ្នកមានពេល ១២ ខែចាប់ពីពេលស្នើសុំសម្រាប់ផ្តល់ឯកសារដែលស្នើសុំដោយមិនចាំបាច់ដាក់ពាក្យឡើងវិញនិងមិនចាំបាច់បង់ថ្លៃដាក់ពាក្យសុំឡើងវិញឡើយ។ ប្រសិនបើអ្នកមិនផ្តល់ឯកសារដែលស្នើសុំក្នុងអំឡុងពេលមួយឆ្នាំ នោះពាក្យសុំរបស់អ្នកនឹងត្រូវលុបចោលតាមមាត្រា ២០៣(g) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។
ប្រសិនបើស្ថានទូតសហរដ្ឋអាមេរិកស្នើរសុំអោយអ្នកផ្តល់ព័ត៌មាន ឬឯកសារបន្ថែម អ្នកត្រូវផ្ដល់ឯកសារទាំងនោះតាមការណែនាំនៅលើសំបុត្របដិសេធ ២២១(g) ដែលស្ថានទូតជូនទៅអ្នក។
តើនរណាមានសិទ្ធិណាត់សម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍?
មានតែអ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (រួមទាំងប្រភេទ K-1 និង SB-1) ដែលបានទទួលលិខិតជាលាយលក្ខណ៍អក្សរដោយមានការណែនាំជាក់លាក់ដើម្បីណាត់ជួប ដែលអាចណាត់ពេលដើម្បីវិលត្រឡប់ទៅស្ថានទូតវិញ និងផ្តល់ព័ត៌មាននិង / ឬឯកសារបន្ថែម។ បេក្ខជនដែលមិនបានទទួលលិខិតជាលាយលក្ខណ៍អក្សរដែលមានការណែនាំបែបនេះ មិនគួរណាត់ជួបនៅលើទំព័រនេះទេ។
ការណាត់ជួបរបស់ខ្ញុំ
នៅពេលដែលអ្នកទទួលបានព័ត៌មាននិង / ឬឯកសារទាំងអស់ដែលបានរាយនៅក្នុងលិខិត សូមធ្វើតាមការណែនាំជាជំហានៗ ដូចខាងក្រោមដើម្បីណាត់ជួបហើយនិងត្រឡប់ទៅស្ថានទូតដើម្បីផ្តល់ព័ត៌មានបន្ថែមនិង / ឬឯកសារដោយផ្ទាល់។
ជំហានទី១ – បង្កើតគណនី here ។ ប្រសិនបើអ្នកមានគណនីផ្ទាល់ខ្លួនរួចហើយ សូមទៅជំហានទី២។
ជំហានទី២ – Log in ចូលទៅក្នុងគណនីរបស់អ្នក។
ជំហានទី៣ – បន្ទាប់ពីចូលទៅក្នុងគណនីរបស់អ្នក អ្នកនឹងត្រូវនាំទៅផ្ទាំងDashboard សូមមើលខាងឆ្វេងនៃ Dashboard ចុចលើ “New Application / Schedule Appointment”
ហើយធ្វើតាមការណែនាំដូចខាងក្រោម៖
- រើស “ទិដ្ឋាការអន្ដោប្រវេសន៍” បន្ទាប់មកចុច “បន្ដ”។
- រើស “Follow up appointment” បន្ទាប់មកចុច “បន្ដ”។
- បំពេញគ្រប់ព័ត៌មានដែលទាមទារ បន្ទាប់មកចុច “បន្ត”។
- ឆ្លើយសំណួរដោយ “បាទ/ចាស” ឬ “ទេ” ដើម្បីបន្ត។
- បំពេញលេខសំណុំរឿង Case ID number របស់អ្នក បន្ទាប់មកចុច “បន្ត”។
- ជ្រើសរើសកាលបរិច្ឆេទនិងពេលវេលាដែលអ្នកចង់បានពីប្រតិទិន បន្ទាប់មកចុច “Schedule Appointment”។ ប្រសិនបើគ្មានកាលបរិច្ឆេទទំនេរ សូមត្រលប់មកប្រព័ន្ធណាត់ពេលវេលាម្តងទៀតនៅពេលក្រោយ។ ការិយាល័យរបស់យើងជាទូទៅរៀបចំកាលវិភាគណាត់ពេលវេលាបន្ថែមតទៅមុខទៀតសម្រាប់ការណាត់ជួប ២២១(g)ដោយផ្អែកទៅតាមតំរូវការ។ ដូច្នេះ យើងសូមណែនាំឱ្យអ្នកពិនិត្យមើលប្រព័ន្ធណាត់ពេលវេលាជារឿយៗសម្រាប់កាលបរិច្ឆេទទំនេរ។
- ចុចលើ “Printable Version” ហើយព្រីននូវលិខិតបញ្ជាក់ការណាត់សម្ភាសន៍ចេញមកក្រៅ។
នៅពេលដែលអ្នកបានណាត់ជួបនិងព្រីននូវលិខិតបញ្ជាក់ការណាត់២២១(g) អ្នកអាចត្រឡប់ទៅការិយាល័យទិដ្ឋាការអន្តោប្រវេសន៍នៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាដោយមានឯកសារដូចខាងក្រោម៖
១. លិខិតបដិសេធ
២. លិខិតបញ្ជាក់ការណាត់ជួបមាត្រា ២២១ (g)
៣. រាល់ព័ត៌មាននិង / ឬឯកសារទាំងអស់ដែលមានក្នុងលិខិតបដិសេធ
៤. លិខិតឆ្លងដែនច្បាប់ដើមរបស់គ្រប់បេក្ខជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់និងដែលត្រូវធ្វើដំណើរ។
អ្នកមិនអាចចូលស្ថានទូតដោយមិនមានលិខិតបដិសេធនិងលិខិតបញ្ជាក់ការណាត់ជួបមាត្រា ២២១(g) នោះទេ។
ប្រសិនបើអ្នកមានសំណួរ សូមដាក់ទម្រង់បែបបទសាកសួរទៅកាន់អ៊ីម៉ែល៖ IVPhnomPenh@state.gov
ដំណើរការផ្នែករដ្ឋបាល
ការបដិសេធពាក្យសុំទិដ្ឋាការមួយចំនួនអាចនឹងត្រូវគេបដិសេធតាមមាត្រា ២២១(g) ដោយតម្រូវឲ្យបេក្ខជនរង់ចាំនូវដំណើរការផ្នែករដ្ឋបាល។ មន្ត្រីកុងស៊ុលដែលសម្ភាសអ្នកនឹងជម្រាបនៅពេលសម្ភាសចប់ប្រសិនបើករណីទិដ្ឋាការរបស់អ្នកត្រូវបានគេបដិសេធតាមមាត្រា ២២១(g) ដោយតម្រូវឲ្យរង់ចាំដំណើរការផ្នែករដ្ឋបាល។ ពេលវេលានៃការរង់ចាំដំណើរការផ្នែករដ្ឋបាលអាចនឹងខុសប្លែកពីគ្នាអាស្រ័យទៅតាមស្ថានភាពនៃករណីទិដ្ឋាការនីមួយៗ។ មុននឹងធ្វើការសាកសួរតាមដានពីលទ្ធផលនៃដំណើរការផ្នែករដ្ឋបាល យ៉ាងហោចណាស់បេក្ខជនត្រូវរង់ចាំឲ្យបាន១៨០ថ្ងៃសិន គិតចាប់ពីថ្ងៃសម្ភាសន៍ ឬចាប់ពីថ្ងៃដែលបានផ្ដល់ឯកសារបន្ថែម ដោយចាប់ផ្តើមរាប់ពីថ្ងៃក្រោយគេបង្អស់លើកលែងតែក្នុងករណីដែលអ្នកត្រូវធ្វើដំណើរជាបន្ទាន់ប៉ុណ្ណោះ (ឧ. មានជំងឺធ្ងន់ធ្ងរ រងរបួស ឬមានសមាជិកគ្រួសារជិតដិតណាម្នាក់ស្លាប់ជាដើម)។
អ្នកអាចតាមដានស្ថានភាពពាក្យសុំទិដ្ឋាការតាមប្រព័ន្ធអនឡាញនៅ ទីនេះ ដោយបញ្ចូលទីតាំងសម្ភាសន៍ និងលេខសំណុំរឿងរបស់អ្នក។ សូមសម្គាល់ថា សំណុំរឿងរបស់អ្នកនឹងស្ថិតក្នុងការបដិសេធរហូតទាល់តែមន្រ្តីកុងស៊ុលអាចសម្រេចលើលក្ខណសម្បត្តិសម្រាប់ទិដ្ឋាការរបស់អ្នក។
ភាពមិនមានសិទ្ធិទទួលបានទិដ្ឋាការ និងការសុំការលើកលែង
ប្រសិនបើអ្នកត្រូវបានជូនដំណឹងដោយមន្រ្តីកុងស៊ុលថាអ្នកត្រូវបានគេរកឃើញថាមិនមានសិទ្ធិទទួលបានទិដ្ឋាការ ប៉ុន្តែមានសិទ្ធិដាក់ពាក្យសុំការលើកលែងលើការបដិសេធសិទ្ធិទទួលបានទិដ្ឋាការនោះ សូមចូលមើលគេហទំព័ររបស់ស្ថាប័នសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក(USCIS) សម្រាប់ព័ត៌មានទាក់ទងនឹងនីតិវិធីនៃការដាក់ពាក្យសុំការលើកលែង។