អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / បំពេញពាក្យសុំទម្រង់ DS-160

បំពេញពាក្យសុំទម្រង់ DS-160

លើទំព័រនេះ


ការប្រុងប្រយ័ត្ន:

  1. គ្រប់បេក្ខជនទាំងអស់ត្រូវតែបំពេញទម្រង់ DS-160 ថ្មីសម្រាប់រាល់ពាក្យសុំទិដ្ឋាការសហរដ្ឋអាមេរិកថ្មី។ រាល់ទម្រង់DS-160ដែលបានដាក់ពីមុនទាំងអស់មិនអាចប្រើសម្រាប់ការសម្ភាសន៍ទិដ្ឋាការថ្មីបានទេ។
  2. ការប្រើលេខ Barcode ពីទម្រង់ DS-160 ដែលមិនទាន់បានបញ្ជូន​(Submit)ត្រឹមត្រូវ ទៅធ្វើការណាត់ថ្ងៃសម្ភាសន៍ នោះការណាត់សម្ភាសន៍របស់អ្នកនឹងត្រូវបានលុបចោល ។
  3. លេខ Barcode នៅលើទំព័របញ្ជាក់ DS-160 ដែលអ្នកនាំយកមកនៅថ្ងៃសម្ភាសន៍ត្រូវតែដូចគ្នានឹងលេខដែលអ្នកប្រើពេលណាត់ថ្ងៃសម្ភាសន៍។ ការខកខានក្នុងការបង្ហាញទំព័របញ្ជាក់ DS-160​ដែលលេខBarcodeដូចគ្នានឹងលេខដែលអ្នកប្រើពេលណាត់ថ្ងៃសម្ភាសន៍​​នោះការណាត់សម្ភាសន៍របស់អ្នកនឹងត្រូវបានលុបចោល ។

ទិដ្ឋភាព​ទូទៅ

បេក្ខជនទិដ្ឋាការម្នាក់ៗទោះបីជាកុមារក៏ដោយ ក៏ចាំចាច់ត្រូវតែមានពាក្យសុំទិដ្ឋាការ DS-160 ផ្ទាល់ខ្លួនរបស់ពួកគេដែរ។ ទម្រង់ DS-160 ត្រូវតែបំពេញ និងបញ្ជូនតាមប្រព័ន្ធអ៊ីនធឺណិតមុនពេលមកសម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ លេខបារកូដនៅលើទំព័របញ្ជាក់នៃទម្រង់ DS-160 គឺត្រូវការចាំបាច់ដើម្បីណាត់ពេលវេលាសម្ភាសន៍។ ទម្រង់ DS-160 ត្រូវតែបញ្ជូនតាមប្រព័ន្ធអ៊ីនធឺណិត ពីព្រោះស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកមិនអាចទទួលយកពាក្យសុំដែលសរសេរដោយដៃ ឬក៏វាយជាអក្សរពុម្ពបានទេ ហើយគេនឹងមិនអនុញ្ញាតឲ្យអ្នកចូលសម្ភាសន៍ដោយមិនមានទំព័របញ្ជាក់របស់ទម្រង់ DS-160 ដែរ។

នៅពេលអ្នកចុះហត្ថលេខាជាលក្ខណៈអេឡិចត្រូនិកនៅលើទម្រង់ DS-160 មានន័យថាអ្នកយល់ព្រមទទួលស្គាល់ថាគ្រប់ព័ត៌មានទាំងអស់ដែលផ្តល់នៅក្នុងពាក្យសុំនេះ គឺជាព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ។ ការផ្តល់ព័ត៌មានមិនពិតប្រាកដណាមួយ អាចនាំឲ្យអ្នកបាត់បង់សិទ្ធិចូលសហរដ្ឋអាមេរិក។ សូមពិនិត្យសាឡើងវិញថាចម្លើយរបស់អ្នកទាំងអស់គឺជាចម្លើយពិតប្រាកដ ហើយរាល់សំណួរទាំងអស់បានឆ្លើយត្រឹមត្រូវហើយ។

សម្គាល់៖ សំណួរ-ចំងល់ផ្សេងៗពាក់ព័ន្ធនឹងការបំពេញពាក្យសុំ DS-160 អាចរកបាននៅក្នុង គេហទំព័រ នេះ ។ យើងមិនអាចជួយឆ្លើយសំណួរនៅក្នុងពាក្យសុំ ឬផ្តល់យោបល់បន្ថែមលើសពីអ្វីដែលមាននៅក្នុងការណែនាំក្នុងគេហទំព័រខាងលើនេះទេ។

ការណែនាំដើម្បីបំពេញទម្រង់ DS-160

បំពេញ និងបញ្ជូនទម្រង់ DS-160 របស់អ្នក បន្ទាប់ពីបានអាន ដំណើរការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ។ អ្នកត្រូវតែបញ្ជូនពាក្យសុំ DS-160 របស់អ្នកតាមប្រព័ន្ធអ៊ីនធឺណិត មុនពេលដែលអ្នកណាត់សម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។

  • ស្ថានទូត ឬស្ថានកុងស៊ុលដែលអ្នកជ្រើសរើសនៅពេលចាប់ផ្ដើមបំពេញទម្រង់ DS-160 ត្រូវតែជាស្ថានទូត ឬស្ថានកុងស៊ុលតែមួយ ដែលអ្នកនឹងណាត់ពេលវេលាសម្ភាសន៍។
  • សំណួរទាំងអស់ត្រូវតែឆ្លើយជាភាសាអង់គ្លេស ដោយប្រើតួអក្សរភាសាអង់គ្លេស លើកលែងតែចំពោះសំណួរដែលគេសួរអោយអ្នកផ្តល់ឈ្មោះពេញរបស់អ្នកជាភាសាកំណើតតែប៉ុណ្ណោះ។
  • នៅថ្ងៃសម្ភាសន៍អ្នកចាំបាច់ត្រូវយកមកជាមួយនូវរូបថតមួយសន្លឹកដែលបានថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ ។ សូមអានការណែនាំលម្អិតពីការថតរូប និងល័ក្ខខ័ណ្ឌតម្រូវរបស់រូបថតដែលមានគុណភាពល្អអាចទទួលយកបាន។
  • ប្រសិនបើអ្នកផ្អាកមិនបំពេញពាក្យសុំនេះលើសពី 20នាទី ពេលវេលាអនុញ្ញាតសម្រាប់អោយបំពេញពាក្យសុំនឹងផុតកំណត់ ហើយអ្នកនឹងត្រូវចាប់ផ្ដើមសាជាថ្មីឡើងវិញ លើកលែងតែអ្នកបានកត់ត្រាទុកលេខ ID របស់ពាក្យសុំ ឬបានរក្សា (Save) ពាក្យសុំនេះទុកជាឯកសារមួយនៅក្នុងកុំព្យូទ័ររបស់អ្នក។ សូមកត់ត្រាទុកលេខ ID របស់ពាក្យសុំដែលមាននៅជ្រុងខាងស្ដាំប៉ែកខាងលើនៃទំព័រនេះ។ ប្រសិនបើអ្នកត្រូវការបិទកម្មវិធីសម្រាប់មើលគេហទំព័រ (Web browser) មុនពេលបញ្ជូនពាក្យសុំរបស់អ្នក អ្នកនឹងត្រូវការលេខ ID របស់ពាក្យសុំនេះទើបអាចបន្តបំពេញពាក្យសុំដដែលនេះនៅពេលក្រោយទៀត។
  • ពាក្យសុំ DS-160 ដែលបានបំពេញចប់រួចរាល់ នឹងបង្កើតជាទំព័របញ្ជាក់មួយដែលមានបារកូដជាតួអក្សរ និងលេខ។ សូមព្រីនទំព័របញ្ជាក់នេះទុក។ ទំព័របញ្ជាក់ដែលបានព្រីននេះ គឺចាំបាច់ត្រូវយកទៅសម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។
  • ក្រោយពីបានព្រីនទំព័របញ្ជាក់ដែលមានបារកូដរួចរាល់ហើយ សូមចុចប៊ូតុង “ត្រឡប់ Back” ដែលមាននៅលើ Web browser រួចហើយផ្ញើច្បាប់ចម្លងនៃទំព័របញ្ជាក់នេះទៅអ៊ីម៉ែលរបស់អ្នកសម្រាប់ទុកជាឯកសារបម្រុង ហើយឯកសារនេះជាប្រភេទ PDF ដែលតម្រូវអោយមានកម្មវិធ Adobe Acrobat ទើបអាចបើកមើល ឬព្រីនបាន។

ព័ត៌មាន​បន្ថែម

សំណួរ-ចំងល់ពាក់ព័ន្ធនឹងការបំពេញទម្រង់ DS-160 អាចរកអានបាននៅ គេហទំព័រ នេះ។ យើងមិនអាចជួយឆ្លើយសំណួរនៅក្នុងពាក្យសុំ ឬផ្តល់យោបល់បន្ថែមលើសពីអ្វីដែលមាននៅក្នុងការណែនាំក្នុងគេហទំព័រខាងលើនេះទេ។
ពាក្យសុំ DS-160 អាចបំពេញបាន នៅទីនេះ