អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ប្រភេទ​ទិដ្ឋាការ

ប្រភេទ​ទិដ្ឋាការ

លើទំព័រនេះ


ទិដ្ឋភាព​ទូទៅ

ជាទូទៅពលរដ្ឋនៃបណ្តាប្រទេសផ្សេងៗដែលមានបំណងចង់ទៅសហរដ្ឋអាមេរិក ដំបូងត្រូវសុំទិដ្ឋាការជាមុនសិន ដែលទិដ្ឋាការនោះអាចជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់ការស្នាក់នៅជាបណ្ដោះអាសន្ន ឬក៏ជាទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ការតាំងទីលំនៅជាអចិន្ត្រៃយ៍។ ពលរដ្ឋនៃប្រទេសដែលទទួលបានសិទ្ធិមួយចំនួន អាចធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយមិនចាំបាច់មានទិដ្ឋាការ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ។ អ្នកដំណើរដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកតាមកម្មវិធីលើកលែងទិដ្ឋាការទាំងអស់ ត្រូវតែទទួលបានការអនុញ្ញាតតាមរយៈប្រព័ន្ធអេឡិចត្រូនិចសម្រាប់អនុញ្ញាតការធ្វើដំណើរ (ESTA) មុនពេលដែលពួកគេមានគំរោងធ្វើដំណើរទៅសហរដ្ឋអាមេរិក។
ប្រសិនបើអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីលើកលែងទិដ្ឋាការ ហើយអ្នកចង់ធ្វើដំណើរទៅសិក្សា ទៅធ្វើការ ឬទៅចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្ដូរសិក្សា ឬក៏មានគោលបំណងអ្វីផ្សេងទៀតដែលមិនមែនជាការធ្វើដំណើរតាមរយៈទិដ្ឋាការប្រភេទ B ទេនោះ អ្នកត្រូវការទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទណាមួយទើបអាចធ្វើដំណើរបាន។
ការទទួលបានទិដ្ឋាការក៏មិនអាចធានាថាអ្នកនឹងត្រូវបានគេអនុញ្ញាតឲ្យចូលទៅសហរដ្ឋអាមេរិកនោះដែរ។ ការផ្តល់ទិដ្ឋាការ គ្រាន់តែបញ្ជាក់ថាមន្ត្រីកុងស៊ុលសហរដ្ឋអាមេរិកបានកំណត់ថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីស្នើសុំចូលទៅសហរដ្ឋអាមេរិកសម្រាប់គោលបំណងជាក់លាក់ណាមួយ។

ទិដ្ឋាការមិនមែនអន្តោប្រវេសន៍

ទិដ្ឋាការមិនមែនអន្តោប្រវេសន៍គឺសំរាប់អ្នកទេសចរ អ្នកជំនួញ សិស្សនិស្សិត ឬអ្នកឯកទេសដែលមានបំណងទៅស្នាក់នៅសហរដ្ឋអាមេរិកក្នុងកំឡុងពេលជាក់លាក់ណាមួយដើម្បីបំពេញបេសកកម្មរបស់គេ។ យោងតាមច្បាប់ និងបទបញ្ញត្តិនៃទិដ្ឋាការសហរដ្ឋអាមេរិក បេក្ខជនទិដ្ឋាការមិនមែនអន្តោប្រវេសន៍ភាគច្រើនត្រូវតែបង្ហាញអោយមន្ត្រីកុងស៊ុលជឿជាក់ថា ពួកគេមានចំណងស្ថានភាពរឹងមាំនៅប្រទេសដែលគេកំពុងរស់នៅ ហើយពួកគេ ត្រូវតែបញ្ជាក់បង្ហាញថាពួកគេនឹងត្រូវតែចាកចេញពីសហរដ្ឋអាមេរិកបន្ទាប់ពីការស្នាក់នៅជាបណ្ដោះអាសន្ន។