អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ពាក្យសុំទិដ្ឋាការដែលត្រូវបដិសេធដោយយោងតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) មាត្រា ២២១(g)

ពាក្យសុំទិដ្ឋាការដែលត្រូវបដិសេធដោយយោងតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) មាត្រា ២២១(g)

លើទំព័រនេះ


ព័ត៌មានទូទៅ

ការបដិសេធតាមមាត្រា ២២១(g) មានន័យថា ពាក្យសុំទិដ្ឋាការនោះខ្វះខាតព័ត៌មានសំខាន់ ឬពាក្យសុំនោះត្រូវរង់ចាំដំណើរការផ្នែករដ្ឋបាលបន្ថែមទៀត។ មន្ត្រីកុងស៊ុលដែលសម្ភាសអ្នកនឹងជម្រាបនៅ ពេលសម្ភាសចប់ប្រសិនបើករណីទិដ្ឋាការរបស់អ្នកត្រូវបានបដិសេធដោយយោងទៅតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ មាត្រា ២២១(g)​ នេះ។ មន្ត្រីកុងស៊ុលអាចនឹងជម្រាបអ្នកថាករណីទិដ្ឋាការរបស់អ្នកត្រូវរង់ចាំដំណើរការផ្នែករដ្ឋបាលបន្ត ឬស្នើរសុំ​អោយផ្តល់ព័ត៌មានបន្ថែម។ 

ប្រសិនបើគេស្នើរសុំអោយផ្តល់​ព័ត៌មានបន្ថែម មន្ត្រីកុងស៊ុលនឹងពន្យល់ពីនិតិវិធីដើម្បីផ្តល់ព័ត៌មានបន្ថែមនោះ។ នៅពេលអ្នកត្រូវបានបដិសេធទិដ្ឋាការតាមមាត្រា ២២១(g) អ្នកនឹងទទួលបានសំបុត្រមួយដែលពន្យល់អំពីការបដិសេធ ហើយក៏មានការរៀបរាប់បញ្ជាក់ពី​ឯកសារដែលត្រូវយកមកបន្ថែមដែរ (ប្រសិនបើតម្រូវ)។ 

ប្រសិនបើស្ថានទូតសហរដ្ឋអាមេរិកស្នើរសុំអោយអ្នកផ្តល់ព័ត៌មាន ឬឯកសារបន្ថែម អ្នកត្រូវផ្ដល់ឯកសារទាំងនោះតាមការណែនាំនៅលើសំបុត្របដិសេធ ២២១(g) ដែលស្ថានទូតជូនទៅអ្នក។

ដំណើរការផ្នែករដ្ឋបាល

ការបដិសេធពាក្យសុំទិដ្ឋាការមួយចំនួនអាចនឹងត្រូវគេបដិសេធតាមមាត្រា ២២១(g) ដោយតម្រូវឲ្យបេក្ខជនរង់ចាំនូវដំណើរការផ្នែករដ្ឋបាល។​​ មន្ត្រីកុងស៊ុលដែលសម្ភាសអ្នកនឹងជម្រាបនៅពេលសម្ភាសចប់ប្រសិនបើករណីទិដ្ឋាការរបស់អ្នកត្រូវបានគេបដិសេធតាមមាត្រា ២២១(g) ដោយតម្រូវឲ្យរង់ចាំដំណើរការផ្នែករដ្ឋបាល។ ពេលវេលានៃការរង់ចាំដំណើរការផ្នែករដ្ឋបាលអាចនឹងខុសប្លែកពីគ្នាអាស្រ័យទៅតាមស្ថានភាពនៃករណីទិដ្ឋាការនីមួយៗ។ មុននឹងធ្វើការសាកសួរតាមដានពីលទ្ធផលនៃដំណើរការផ្នែករដ្ឋបាល យ៉ាងហោចណាស់បេក្ខជនត្រូវរង់ចាំឲ្យបាន១៨០ថ្ងៃសិន​​​ គិតចាប់ពីថ្ងៃសម្ភាសន៍ ឬចាប់ពីថ្ងៃដែលបានផ្ដល់ឯកសារបន្ថែម ដោយចាប់ផ្តើមរាប់ពីថ្ងៃក្រោយគេបង្អស់លើកលែងតែក្នុងករណីដែលអ្នកត្រូវធ្វើដំណើរជាបន្ទាន់ប៉ុណ្ណោះ (ឧ. មានជំងឺធ្ងន់ធ្ងរ រងរបួស ឬមានសមាជិកគ្រួសារជិតដិតណាម្នាក់ស្លាប់ជាដើម)។ 

ប្រសិនបើអ្នកជាបេក្ខជនសុំទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ អ្នកអាចតាមដានពាក្យសុំទិដ្ឋាការទម្រង់ DS-១៦០និងស្ថានភាពនៃពាក្យសុំរបស់អ្នកនៅត្រង់នេះ ដោយគ្រាន់តែវាយបញ្ជូលនូវឈ្មោះទីតាំងដែលអ្នកបានទៅសម្ភាសន៍ និងលេខបាកូដទម្រង់ DS-១៦០ របស់អ្នកប៉ុណ្ណោះ។ សូមចំណាំដែរថាករណីទិដ្ឋាការរបស់អ្នកនឹងបន្តស្ថិតក្នុងស្ថានភាពបដិសេធ​ រហូតទាល់តែមន្ត្រីកុងស៊ុលអាចធ្វើការសម្រេចបានថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានទិដ្ឋាការដែរឬអត់។