អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / បន្តទិដ្ឋាការរបស់ខ្ញុំជាថ្មី

ការសុំទិដ្ឋាការសាឡើងវិញ

លើទំព័រនេះ


សង្ខេប៖

ប្រសិនបើលោកអ្នកកំពុងស្នើសុំបន្តទិដ្ឋាការប្រភេទ B1/B2, F, M, ឬ J លោកអ្នកអាច​នឹងមានសិទ្ធិធ្វើការដាក់ពាក្យសុំទិដ្ឋាការដោយមិនបាច់សម្ភាស ហើយលោកអ្នកអាចណាត់ពេលដើម្បីដាក់ពាក្យសុំបន្តទិដ្ឋាការរបស់លោកអ្នកដោយមិនបាច់សម្ភាស មកកាន់ការិយាល័យកុងស៊ុលប្រចាំស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ប្រសិនបើលោកអ្នកមានលក្ខណសម្បត្តិសមស្របទៅតាមល័ក្ខខ័ណ្ឌខាងក្រោមនេះ។ ប្រសិនបើលោកអ្នកពុំមានលក្ខណៈសមស្របទៅតាមល័ក្ខខ័ណ្ឌតម្រូវទេ សូមចុចទីនេះដើម្បីស្នើសុំការសម្ភាសន៍ដោយផ្ទាល់។

ព័ត៌មានថ្មីសំខាន់ៗ៖

ប្រសិនបើលោកអ្នកកំពុងដាក់ពាក្យសុំទិដ្ឋាការប្រភេទ F, M, ឬ “ផ្នែកសិក្សា” J ហើយលោកអ្នកជា (ក) អ្នកកាន់លិខិតឆ្លងដែនពីប្រទេសដែលជាសមាជិកប្រទេសលើកលែងទិដ្ឋាការ ឬ (ខ) ជាអ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសដែលមិនមែនជាសមាជិកប្រទេសលើកលែងទិដ្ឋាការតែធ្លាប់ទទួលបានទិដ្ឋាការសហរដ្ឋអាមេរិកពីមុន សូមអានព័ត៌មានស្ដីពីការផ្លាស់ប្ដូរលក្ខណសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទ F, M, និង J ដែលមានលើគេហទំព័រនេះ

លក្ខណៈសម្យត្តិ៖

  • លោកអ្នកមានសញ្ជាតិឬជាអ្នកតាំងលំនៅនៅប្រទេសកម្ពុជា ហើយលោកអ្នកត្រូវតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
  • លោកអ្នកកំពុងសុំបន្តទិដ្ឋាការប្រភេទដដែល (ដូចជា B1/B2, F, M, ឬ J) ដែលនៅមានសុពលភាពឬដែលបានផុតសុពលភាពតិចជាង ៤៨ ខែកន្លងមក។
  • លោកអ្នកមិនដែលធ្លាប់ត្រូវបដិសេធមិនឱ្យចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកពីមុនមក។
  • លោកអ្នកមិនដែលធ្លាប់រងការបដិសេធន៍ទិដ្ឋាការអាមេរិកណាមួយពីមុនមក ឬបើធ្លាប់រងការបដិសេធន៍ក៏ពិតមែន តែក្រោយមកទទួលបានទិដ្ឋាការប្រភេទដដែលនោះវិញ។
  • ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងសញ្ជាតិនៅលើលិខិតឆ្លងដែនរបស់លោកអ្នកដូចគ្នាទៅនឹងទិដ្ឋាការរបស់លោកអ្នកពីមុន។
  • ទិដ្ឋាការដែលលោកអ្នកទទួលបានលើកមុនបានចេញក្រោយពេលដែលលោកអ្នកមានអាយុ១៤ឆ្នាំ។ ពុំនោះទេ លោកអ្នកអាចនឹងតម្រូវឱ្យផ្ដិតម្រាមដៃហើយនិង/ឬមកសម្ភាស។

ចំណាំ៖

សម្រាប់អ្នកបន្តទិដ្ឋាការប្រភេទ F និង M បេក្ខជនត្រូវតែមានលក្ខណៈណាមួយខាងក្រោមនេះ៖

       (ក)  បន្តកម្មវិធីដដែលបើទោះបីជានៅស្ថាប័នផ្សេងក៏ដោយ ឬ

       (ខ)  ទៅស្ថាប័នដដែលបើទោះបីជាកម្មវិធីផ្សេងក៏ដោយ។

សម្រាប់អ្នកបន្តទិដ្ឋាការប្រភេទ J លេខ SEVIS ត្រូវតែដូចគ្នាទៅនឹងលេខនៅលើទម្រង់ DS-2019 លើកមុន។

របៀបដាក់ពាក្យ៖

ចំណុចសំខាន់៖

  • បង្កាន់ដៃបង់ថ្លៃមួយអនុញ្ញាតឱ្យបេក្ខជនណាត់ពេលវេលាដើម្បីមកដាក់ពាក្យសុំបន្តទិដ្ឋាការដោយមិនបាច់សម្ភាសបានតែម្ដងប៉ុណ្ណោះ
  • ការដាក់ពាក្យសុំបន្តទិដ្ឋាការដោយមិនបាច់សម្ភាសពុំធានាថាត្រូវតែទទួលបានទិដ្ឋាការនោះទេ។ មានករណីខ្លះ បេក្ខជននៅតែត្រូវបានស្នើសុំអោយចូលមកសម្ភាសដោយផ្ទាល់នៅ​ឯការិយាល័យកុងស៊ុល។
  • រយៈពេលទូទៅដើម្បីប្រតិបត្តិការការសុំបន្តទិដ្ឋាការដោយមិនបាច់សម្ភាសអាចចាប់ពី ៥ ទៅ ៧ថ្ងៃ (ថ្ងៃធ្វើការ)។ ប្រសិនបើលោកអ្នកប្រញាប់ធ្វើដំណើរជាបន្ទាន់ លោកអ្នកអាចដាក់ពាក្យណាត់តាមប្រព័ន្ធអនឡាញដើម្បីសម្ភាសដោយផ្ទាល់វិញក៏បាន។

ជំហានទី១៖

បំពេញពាក្យសុំទិដ្ឋាការ DS-160។ សូមប្រើប្រាស់លេខបាកូដ DS-160 ដែលថ្មីបំផុត។

សូមអាន សេចក្ដីណែនាំអំពីរបៀបបំពេញពាក្យ DS-160 ដោយយកចិត្តទុកដាក់។ ព័ត៌មានទាំងអស់ត្រូវតែសុក្រឹត។

ជំហានទី២៖

សូមអានសេចក្ដីណែនាំនៅ ទីនេះ ហើយ បង់ថ្លៃពាក្យសុំទិដ្ឋាការ។ សូមរក្សាលេខបង្កាន់ដៃ ១២ ខ្ទង់ដែលទទួលបានបន្ទាប់ពីបង់ប្រាក់ហើយ។ ប្រសិនបើលោកអ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទ F, J, ឬ M លោកអ្នកត្រូវបង់ថ្លៃបន្ថែមទៅលើ I-901 SEVIS fee ហើយភ្ជាប់ទម្រង់បង្កាន់ដៃបង់ប្រាក់នេះមកដែរ។

ជំហានទី៣៖

ពេលលោកអ្នកបញ្ជូនទម្រង់ពាក្យសុំ DS-160 ហើយបង់ថ្លៃពាក្យសុំទិដ្ឋាការរួច សូម  log in ចូលទៅកាន់គណនីរបស់លោកអ្នក ហើយចុចលើពាក្យ “New Application / Schedule Appointment” រួចចុចលើពាក្យ “Submission of visa applications for B1/B2, F, M, or J visa without interview” ហើយឆ្លើយសំណួរដើម្បីអាចវិនិច្ឆ័យបានថាលោកអ្នកមានលក្ខណសម្បត្តិសមស្របដើម្បីណាត់ពេលវេលាដាក់ពាក្យសុំបន្តទិដ្ឋាការដោយមិនបាច់សម្ភាសបានដែរឬអត់។ សូមរៀបចំឯកសារនិងព័ត៌មានទាំងនេះមុននឹងលោកអ្នកផ្ដើមដំណើរការណាត់៖

  • លេខលិខិតឆ្លងដែនរបស់អ្នក
  • លេខបង្កាន់ដៃពីការបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការបស់អ្នក។ (សូមចុចទីនេះប្រសិនបើអ្នកត្រូវការជំនួយដើម្បីស្វែងរកលេខនេះ)។
  • លេខបាកូដ ១០ ខ្ទង់មកពីទំព័របញ្ជាក់ DS-160។

ឯកសារតម្រូវសម្រាប់យកមកដាក់នៅការិយាល័យកុងស៊ុល៖

  1. លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ៦ ខែរាប់ពីថ្ងៃចុងក្រោយដែលអ្នកគម្រោងស្នាក់នៅសហរដ្ឋអាមេរិក។
  2. ទំព័របញ្ជាក់ពាក្យសុំ DS-160 ដែលមានលេខបាកូដ។
  3. រូបថតមួយសន្លឹក ទំហំ ៥ ស.ម. x ៥ ស.ម. (២ x ២ អ៊ិញ) ផ្ទៃក្រោយព៌ណស ថតក្នុងរយៈពេល ៦ ខែចុងក្រោយ (សូមមើលលក្ខខណ្ឌរូបថតនៅទីនេះ)។ *សូមចំណាំថារូបដែលថតទាំងពាក់វែនតាមិនអាចទទួលយកបានទេ។
  4. បង្កាន់ដៃបង់ថ្លៃពាក្យសុំទិដ្ឋាការពី ធនាគារ Cathay United Bank ឬ VFS Global។
  5. ទំព័របញ្ជាក់ការណាត់។ 

* ឯកសារតម្រូវផ្សេងៗសម្រាប់សិស្ស-និសិ្សត៖

  • ទម្រង់ I-20 ច្បាប់ដើម ឬ ទម្រង់ DS-2019 ច្បាប់ដើម។
  • ប្រតិបត្តិពិន្ទុរបស់សិស្ស-និសិ្សតដែលចេញជាផ្លូវការដោយស្ថាប័នសិក្សា។