អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការគូដណ្តឹង(K1 & K2)

ទិដ្ឋាការគូដណ្តឹង(K1 & K2)

លើទំព័រនេះ


ព័ត៌មានទូទៅ

បេក្ខជនទិដ្ឋាការគូដណ្ដឹង K1

ទិដ្ឋាការគូដណ្ដឹងK-1គឺសម្រាប់គូដណ្តឹងដែលជាពលរដ្ឋបរទេសរបស់ពលរដ្ឋអាមេរិក។ ទិដ្ឋាការប្រភេទK-1អនុញ្ញាតឱ្យគូដណ្តឹងដែលជាពលរដ្ឋបរទេសធ្វើដំណើរទៅសហរដ្ឋអាមេរិកនិងរៀបការជាមួយអ្នកធានាសញ្ជាតិអាមេរិករបស់ខ្លួនក្នុងរយៈពេល៩០ថ្ងៃនៃការមកដល់សហរដ្ឋអាមេរិក។ បន្ទាប់មកជនបរទេសនេះនឹងដាក់ពាក្យសុំសិទ្ធិរស់នៅស្របច្បាប់អចិន្រ្តៃយ៍ជាមួយស្ថាប័នសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក(USCIS) របស់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក(DHS)។ ដោយសារតែទិដ្ឋាការគូដណ្តឹងផ្តល់ឱ្យអ្នកកាន់ធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកនិងរៀបការជាមួយពលរដ្ឋអាមេរិកភ្លាមៗក្រោយពេលមកដល់សហរដ្ឋអាមេរិក គូដណ្តឹងនេះត្រូវតែបំពេញនូវតម្រូវការមួយចំនួនសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍។  

កូនរបស់គូដណ្ដឹង K2

ប្រសិនបើកូនរបស់គូដណ្តឹងមានបំណងធ្វើដំណើរជាមួយគូដណ្តឹងទៅសហរដ្ឋអាមេរិក​ គេត្រូវចូលសម្ភាសន៍ទិដ្ឋាការដូចគ្នានឹងគូដណ្តឹង ហើយដាក់ពាក្យសុំទិដ្ឋាការK-2។ គេត្រូវតែអនុវត្តតាមនីតិវិធីដូចគ្នានឹងការដាក់ពាក្យសុំទិដ្ឋាការK-1 រួមទាំងការបង់ថ្លៃដំណើរការពាក្យសុំទិដ្ឋាការ ការរៀបចំឯកសារចាំបាច់ទាំងអស់ និងចូលសម្ភាសន៍សុំទិដ្ឋាការ។ សូមកត់សម្គាល់ថាកូនអាចនឹងត្រូវបានចេញទិដ្ឋាការK-2ក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានចេញទិដ្ឋាការK-1ទៅឪពុកម្តាយ។ កូនរបស់គូដណ្ដឹងមិនស្ថិតនៅក្រោមច្បាប់ Child Status Protection Act (CSPA) នោះទេ ។ ដូច្នេះ ប្រសិនបើគេមានអាយុ២១ឆ្នាំ គេមិនមានសិទ្ធិធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកនិងមិនគួរណាត់សម្ភាសន៍ឡើយ។

អ្នកធានាសញ្ជាតិអាមេរិកត្រូវតែដាក់ពាក្យ Form I-129F ជាឯកសារធានាគូដណ្តឹងជាមួយស្ថាប័ន USCIS។ ទម្រង់I-129F មិនអាចដាក់នៅស្ថានទូតអាមេរិក ស្ថានកុងស៊ុល ឬការិយាល័យ USCIS នៅក្រៅសហរដ្ឋអាមេរិកបានទេ។  ព័ត៌មានបន្ថែមមាននៅលើទំព័រ​Fiancé(e) Visas​នៅលើគេហទំព័ររបស់USCIS។ 

បន្ទាប់ពី USCIS បានអនុម័តលើឯកសារធានា នោះសំណុំឯកសារធានាត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលទិដ្ឋការជាតិ(NVC)ដើម្បីដំណើរការបន្ត។ បន្ទាប់មកNVCនឹងបញ្ជូនសំណុំឯកសារធានានោះទៅស្ថានទូតសហរដ្ឋអាមេរិកដែលគូដណ្តឹងរបស់អ្នកនឹងដាក់ពាក្យសុំទិដ្ឋាការ K-1 ។

សម្គាល់៖ 

១.​ ទម្រង់ I-129F មានសុពលភាពរយៈពេលបួនខែគិតចាប់ពីថ្ងៃដែលបានអនុម័តពី USCIS សុពលភាពនៃទម្រង់I-129F នឹងមិនប៉ះពាល់ដល់សិទ្ធិរបស់អ្នកសម្រាប់ទិដ្ឋាការK-1ទេពីព្រោះសុពលភាពគឺត្រូវបានពន្យារជាប្រចាំដោយមន្រ្តីកុងស៊ុលដើម្បីធានាថាអ្នកដាក់ពាក្យសុំទិដ្ឋាការមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញដំណើរការករណីរបស់ពួកគេ។

.​ កូនដែលបានកើតនៅបរទេសហើយមានឪពុកម្តាយសញ្ជាតិអាមេរិកអាចទទួលបានសញ្ជាតិអាមេរិកនៅពេលកើតប្រសិនបើលក្ខខណ្ឌតម្រូវតាមច្បាប់ជាក់លាក់ត្រូវបានបំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័ររបស់ស្ថានទូតអាមេរិកនៅកម្ពុជាតាមរយៈ៖ https://kh.usembassy.gov/u-s-citizen-services/child-family-matters/birth/

ការទទួលនិងការអនុវត្តតាមការណែនាំពីស្ថានទូតអាមេរិកនៅកម្ពុជា

បេក្ខជនទិដ្ឋាការគូដណ្ដឹងអាចសម្ភាសន៍ទិដ្ឋាការK-1បានតែនៅស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា។ ពេលដែលស្ថានទូតសហរដ្ឋអាមេរិកបានទទួលសំណុំឯកសារធានាដែលបានអនុម័តរួចពីNVC ការិយាល័យទិដ្ឋាការអន្តោប្រវេសន៍នឹងផ្ញើលិខិតមួយច្បាប់ដោយមានការណែនាំជាក់លាក់មួយលើការរៀបចំសម្រាប់ដំណើរការពាក្យសុំទិដ្ឋាការK-1របស់អ្នក។ ប្រសិនបើអ្នកមិនបានទទួលការណែនាំពីស្ថានទូតអាមេរិកក្នុងរយៈពេលបួនសប្តាហ៍នៃការជូនដំណឹងរបស់NVCអំពីការផ្ញើករណីរបស់អ្នកទៅស្ថានទូត អ្នកអាចផ្ញើអ៊ីម៉ែលទៅផ្នែកកុងស៊ុលដោយផ្ទាល់តាម IVPhnomPenh@state.gov​​។

បំពេញពាក្យសុំDS-160តាមប្រព័ន្ធអនឡាញ

បេក្ខជននីមួយៗដែលបានចុះឈ្មោះជាអ្នកមានសិទ្ធិធ្វើដំណើរ ត្រូវតែបំពេញពាក្យសុំDS-160រៀងៗខ្លួន។ សូមចូលទៅគេហទំព័រ https://ceac.state.gov/genniv/ និងធ្វើតាមការណែនាំនៅលើគេហទំព័រនេះ។

ពាក្យសុំDS-160 មិនអាចបន្ថែមព័ត៌មានឬកែតម្រូវបានទេនៅពេលបានដាក់(submitted)ហើយ។ ដើម្បីកែតម្រូវព័ត៌មានលើពាក្យសុំDS-160 សូមបំពេញពាក្យសុំDS-160ថ្មី ហើយដាក់ពាក្យ(submit)ម្ដងទៀតជាមួយព័ត៌មានដែលត្រឹមត្រូវ។ 

ព័ត៌មានបន្ថែមអំពីពាក្យសុំDS-160 អាចរកបាននៅ https://www.ustraveldocs.com/kh/kh-niv-ds160complete.asp.

សម្គាល់៖ 
សូមកត់សម្គាល់ថាពាក្យសុំរបស់អ្នកអាចនឹងត្រូវបានបញ្ចប់ប្រសិនបើអ្នកខកខានមិនបានបន្តពាក្យសុំក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលសេចក្តីណែនាំដំបូងត្រូវបានផ្ញើទៅអ្នក។

ការណាត់សម្ភាសន៍តាមប្រព័ន្ធអនឡាញ

សូមកុំំណាត់សម្ភាសន៍រហូតដល់អ្នកបានទទួលលិខិតណែនាំពីស្ថានទូតសហរដ្ឋអាមេរិក។ ខាងក្រោមនេះជានីតិវិធីដើម្បីចាប់ផ្តើមដំណើរការនៃការណាត់សម្ភាសន៍តាមប្រព័ន្ធអនឡាញ៖ 

១. ចូលទៅ here ហើយអនុវត្តតាមការណែនាំជាជំហានៗ ដើម្បីបង្កើតគណនីនិងព្រីនសក្ខីប័ត្រដាក់ប្រាក់(deposit slip)នៅធនាគារផ្ទាល់ខ្លួន។

២.យកសក្ខីប័ត្រដាក់ប្រាក់ទៅសាខាណាមួយរបស់ធនាគារកាថេយូណៃធីត ឬ VFS Global នៅកម្ពុជាដើម្បីបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ ការណែនាំនិងជម្រើសនៃការបង់ប្រាក់ថ្លៃដាក់ពាក្សសុំទិដ្ឋាការអាចរកបាននៅ https://www.ustraveldocs.com/kh/kh-niv-paymentinfo.asp.

៣. ណាត់សម្ភាសន៍ទិដ្ឋាការតាមប្រព័ន្ធអនឡាញ here ឬទូរស័ព្ទទៅមជ្ឈមណ្ឌលព័ត៌មាន(call center)តាមលេខ +៨៥៥២៣៩៦២៥៣០ ប្រសិនបើអ្នកនៅកម្ពុជា ឬលេខ+១៧០៣៦៦៥៧៣៤៦ ប្រសិនបើអ្នកនៅអាមេរិក។ 

សម្គាល់៖ 

I.ទោះបីជាទិដ្ឋាការK-1 ជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍ក៏ដោយ ពាក្យសុំរបស់អ្នកនឹងត្រូវបានដំណើរការជាទិដ្ឋាការអន្តោប្រវេសន៍។ សូមប្រាកដថាបានជ្រើសរើស Immigrant Visa” នៅពេលណាត់សម្ភាសន៍តាមប្រព័ន្ធអនឡាញ។

II.អ្នកត្រូវតែបញ្ចូលលេខបញ្ជាក់នៃពាក្យសុំ DS-160 ដែលត្រឹមត្រូវសម្រាប់ពាក្យសុំទិដ្ឋាការរបស់អ្នក។ ពាក្យសុំទិដ្ឋាការរបស់អ្នកនឹងត្រូវដំណើរការផ្អែកលើលេខបញ្ជាក់នៃពាក្យសុំ DS-160នេះ។​ ការខកខានមិនបានផ្តល់លេខបញ្ជាក់ត្រឹមត្រូវអាចបណ្តាលឱ្យការដាក់ពាក្យសុំទិដ្ឋាការរបស់អ្នកនឹងត្រូវបដិសេធ និង /ឬការណាត់សម្ភាសន៍ទិដ្ឋាការរបស់អ្នកនឹងត្រូវលុបចោល។ ព័ត៌មាននៅក្នុងពាក្យសុំ DS-160 របស់អ្នកត្រូវតែមានសុពលភាពនិងត្រឹមត្រូវបំផុតតាមដែលអ្នកដឹង។ ប្រសិនបើអ្នកបំពេញពាក្យសុំ DS-160 ថ្មីបន្ទាប់ពីការណាត់សម្ភាសន៍តាមប្រព័ន្ធអនឡាញ សូមចាំថាអ្នកត្រូវចូលទៅក្នុងគណនីរបស់អ្នក (ustraveldocs account)ដើម្បីបញ្ចូលលេខបញ្ជាក់នៃពាក្យសុំ DS-160 ថ្មីនៅលើការណាត់សម្ភាសន៍របស់អ្នក និងព្រីនសន្លឹកបញ្ជាក់ការណាត់សម្ភាសន៍ថ្មី។ 

III.ប្រសិនបើអ្នកមានសំណួរឬត្រូវការជំនួយទាក់ទងនឹងការបង្កើតគណនី ការបង់ថ្លៃពាក្យសុំទិដ្ឋាការ និងការណាត់សម្ភាសន៍តាមប្រព័ន្ធអនឡាញ អ្នកអាចមើល https://www.ustraveldocs.com/kh ឬទាក់ទងមកមជ្ឈមណ្ឌលព័ត៌មានតាមលេខ +៨៥៥២៣៩៦២៥៣០ ប្រសិនបើអ្នកនៅកម្ពុជា ឬលេខ +១៧០៣៦៦៥៧៣៤៦ ប្រសិនបើអ្នកនៅអាមេរិក។

រៀបចំសម្រាប់ការសម្ភាសន៍ទិដ្ឋាការ

បន្ទាប់ពីអ្នកបានណាត់សម្ភាសន៍តាមប្រព័ន្ធអនឡាញហើយមានសន្លឹកបញ្ជាក់ការណាត់សម្ភាសន៍ សូមអាន this instruction package យ៉ាងហ្មត់ចត់និងធ្វើតាមការណែនាំទាំងអស់ដើម្បីត្រៀមខ្លួនឱ្យបានល្អសម្រាប់ការសម្ភាសន៍របស់អ្នកនៅស្ថានទូតអាមេរិក។ សូមប្រាកដថាអ្នកមកសំភាសន៍ជាមួយនឹងសន្លឹកបញ្ជាក់ការណាត់សម្ភាសន៍ដែលមានលេខបញ្ជាក់នៃពាក្យសុំDS-160ត្រឹមត្រូវនិងថ្មីបំផុត និងឯកសារតម្រូវផ្សេងទៀតដូចមានបញ្ជាក់នៅក្នុងសេចក្ដីណែនាំ។ នៅពេលអ្នកទៅជួបគ្រូពេទ្យជំនាញដែលទទួលស្គាល់ពីស្ថានទូតសម្រាប់ពិនិត្យសុខភាពរបស់អ្នក អ្នកត្រូវតែយកសន្លឹកបញ្ជាក់ការណាត់សម្ភាសន៍ និងលិខិតសេចក្ដីណែនាំ (Packet 3) ដែលអ្នកបានទទួលពីស្ថានទូតដែលរួមមានលេខករណី ព្រមទាំងលិខិតឆ្លងដែន និងថ្លៃសេវាពិនិត្យសុខភាពរបស់អ្នក។ 

សម្គាល់៖ អ្នកមិនគួររៀបចំការធ្វើដំណើរ ឬទិញសំបុត្រយន្តហោះទេរហូតដល់អ្នកទទួលបានលិខិតឆ្លងដែនរបស់អ្នកដែលមានទិដ្ឋាការK-1 មិនមានការធានាថាទិដ្ឋាការនឹងត្រូវបានចេញនៅពេលសម្ភាសន៍នោះទេ។ 

ការណាត់សម្ភាសន៍ឡើងវិញឬលុបចោលការណាត់សម្ភាសន៍របស់អ្នក

ប្រសិនបើអ្នកមិនអាចមកសម្ភាសន៍តាមការណាត់ អ្នកអាចណាត់សម្ភាសន៍ឡើងវិញ ឬលុបចោលការណាត់សម្ភាសន៍តាមប្រព័ន្ធអនឡាញ។ សូមចូលទៅក្នុងគណនីរបស់អ្នក here ។ នៅលើគេហទំព័រនោះ ជ្រើសរើស “Reschedule Appointment” ឬ “Cancel Appointment” នៅខាងឆ្វេងទំព័រ។

ថ្លៃសេវាទិដ្ឋាការដែលអាចអានបានដោយម៉ាស៊ីន(MRV)​ដែលបង់ហើយ មិនអាចប្រគល់ជូនវិញ ​ឬ ផ្ទេរអោយអ្នកផ្សេងបានទេ ហើយត្រូវប្រើសំរាប់ការណាត់ជួបបានមួយដងក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃនៃការទូទាត់​ ​ឬ យោងតាមសេចក្ដីណែនាំដែលចូលជាធរមានអំពីការបន្តសុពលភាពនៃថ្លៃសេវាទិដ្ឋាការ បើការណាត់ជួបរបស់អ្នកត្រូវបានលុបចោលដោយសារតែការផ្អាកសេវាកម្ម។អ្នកដាក់ពាក្យសុំអាចប្រើថ្លៃដាក់ពាក្យសុំនេះដើម្បីណាត់សម្ភាសន៍ឡើងវិញខណៈពេលដែលវានៅមានសុពលភាព ប៉ុន្តែត្រូវមកសម្ភាសន៍ទិដ្ឋាការក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីបានបង់ថ្លៃដាក់ពាក្យសុំរួច។ បន្ទាប់ពីមួយឆ្នាំ ការបង់ថ្លៃដាក់ពាក្យនឹងផុតកំណត់ហើយអ្នកដាក់ពាក្យសុំត្រូវបង់ថ្លៃដាក់ពាក្យម្តងទៀត។

ព័ត៌មានបន្ថែម

សម្រាប់ព័ត៌មានបន្ថែមអំពីទិដ្ឋាការK-1 សូមចូលទៅគេហទំព័រ Department of State ឬ the U.S. Embassy in Cambodia។ ប្រសិនបើអ្នកមានសំណួរបន្ថែមទៀត អ្នកអាចផ្ញើអ៊ីម៉ែលដោយផ្ទាល់មកផ្នែកកុងស៊ុលតាម IVPhnomPenh@state.gov