អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការអាជីវកម្ម ឬទេសចរណ៍

ទិដ្ឋាការសម្រាប់ការងារផ្លូវការ ឬទេសចរណ៍

លើទំព័រនេះ


សំណួរដែលសួរញឹកញាប់ (FAQ) 

ព័ត៌មានទូទៅ

ទិដ្ឋាការប្រភេទទេសចរណ៍ B-1/B-2 គឺសម្រាប់អ្នកដែលធ្វើដំណើរទៅស្នាក់នៅសហរដ្ឋអាមេរិកជាបណ្តោះអាសន្នសម្រាប់ការងារផ្លូវការ (B-1) ហើយសម្រាប់អ្នកធ្វើដំណើរជាលក្ខណៈកំសាន្ត ឬសម្រាប់ការព្យាបាលជំងឺ (B-2)។ ជាទូទៅទិដ្ឋាការប្រភេទ B-1 គឺសម្រាប់អ្នកធ្វើដំណើរទៅពិភាក្សាការងារផ្លូវការជាមួយភាគីដៃគូ ទៅចូលរួមសន្និសីទ ឬសិក្ខាសាលាអំពីវិស័យវិទ្យាសាស្រ្ត វិស័យអប់រំ ឬវិស័យមុខជំនួញ ទៅរៀបចំករណីអចលនទ្រព្យ ឬចរចារអំពីកិច្ចសន្យាណាមួយ។ ទិដ្ឋាការប្រភេទ B-2 គឺសម្រាប់ការធ្វើដំណើរជាលក្ខណៈកំសាន្ត ដូចជាដំណើរទេសចរណ៍ ទៅលេងសួរសុខទុក្ខមិត្តភក្តិ ឬសាច់ញាតិ ទៅព្យាបាលជំងឺ ឬក៏ទៅចូលរួមសកម្មភាពផ្សេងៗក្នុងន័យភាតរ ក្នុងការងារសង្គម ឬក្នុងនាមសេវាកម្មអ្វីមួយ។ ជាញឹកញាប់ទិដ្ឋាការប្រភេទ B-1 និង B-2 តែងត្រូវបានគេដាក់បញ្ចូលគ្នា ហើយចេញទិដ្ឋាការរួមគ្នាតែមួយគឺប្រភេទ B-1/B-2។

លក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការ

ប្រសិនបើអ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទ B-1/B-2 អ្នកត្រូវតែបញ្ជាក់បង្ហាញឱ្យមន្រ្តីកុងស៊ុលជឿជាក់ថាអ្នកពិតជាមានលក្ខណៈសម្បត្តិសមស្របសម្រាប់ទិដ្ឋាការប្រភេទនេះស្របទៅតាមលក្ខខណ្ឌតម្រូវរបស់ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) សហរដ្ឋអាមេរិក។ មាត្រា 214(b) នៃច្បាប់ INA ដាក់បន្ទុកថាគ្រប់បេក្ខជនទាំងអស់ដែលសុំទិដ្ឋាការប្រភេទ B-1/B-2 គឺសុទ្ធតែជាជនដែលមានបំណងធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិក។ ដូច្នេះអ្នកត្រូវតែធ្វើការបកស្រាយពន្យល់ចំពោះការចោទប្រកាន់នេះ ដោយសារ៖

 • គោលបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិកគឺគ្រាន់តែទៅស្នាក់នៅជាលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ដូចជាសម្រាប់ការងារផ្លូវការ ការធ្វើដំណើរជាលក្ខណៈកំសាន្ត ឬក៏ទៅព្យាបាលជំងឺជាដើម។
 • អ្នកមានគម្រោងទៅស្នាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលកំណត់ជាក់លាក់មួយតែប៉ុណ្ណោះ។
 • ភស្តុតាងបញ្ជាក់ពីថវិការបស់អ្នកសម្រាប់ចំណាយក្នុងអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិក។
 • អ្នកមានទីលំនៅពិតប្រាកដនៅប្រទេសណាមួយក្រៅពីសហរដ្ឋអាមេរិក ឬក៏អ្នកមានចំណងស្ថានភាពសង្គមឬចំណងសេដ្ឋកិច្ច ដែលជាហេតុផលធានាដល់ការចាកចេញរបស់អ្នក ក្រោយពេលបញ្ចប់ការស្នាក់នៅសហរដ្ឋអាមេរិក។

និយោជិតធ្វើការងារផ្ទះ និង សមាជិកកងនាវិក ដែលធ្វើការនៅលើកប៉ាល់ក្រៅបូរណភាពដែនដី (Outer Continental Shelf) អាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទិដ្ឋាការប្រភេទ B-1 នេះដែរក្នុងស្ថានភាពមួយចំនួន។
ជនបរទេសមួយចំនួនអាចនឹងបាត់បង់សិទ្ធិមិនអាចទទួលបានទិដ្ឋាការអាស្រ័យទៅតាមការកំហិតរបស់ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។ អ្នកអាចអានព័ត៌មានបន្ថែមអំពីលក្ខខណ្ឌតម្រូវរបស់ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (The Immigration and Nationality Act) និងមូលហេតុដែលនាំឱ្យបាត់បង់សិទ្ធិមិនអាចទទួលបានទិដ្ឋាការ (Visa Ineligibility)
នៅទីនេះ

សំណុំឯកសារនៃពាក្យសុំ

ប្រសិនបើអ្នកដាក់ពាក្យសុំទិដ្ឋាការសម្រាប់ការងារផ្លូវការ ឬទេសចរណ៍អ្នកត្រូវមានឯកសារដូចខាងក្រោមនេះ៖

 • ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធវេបសាយ ទម្រង់ DS-160 ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះសម្រាប់ព័ត៌មានបន្ថែមអំពីទម្រង់ DS-160 ។
 • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយនៅមានសុពលភាពយ៉ាងតិចបំផុតប្រាំមួយខែក្រោយពីរយៈពេលដែលអ្នកគ្រោងទៅស្នាក់នៅសហរដ្ឋអាមេរិក (លើកលែងតែក្នុងករណីដែលមានកិច្ចព្រមព្រៀងពីបណ្តាប្រទេសទាំងនោះយល់ព្រមផ្ដល់នូវការលើកលែងនេះ)។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមានឈ្មោះបុគ្គលណាផ្សេងទៀត បុគ្គលម្នាក់ៗដែលត្រូវការទិដ្ឋាការសហរដ្ឋអាមេរិក ត្រូវតែដាក់ពាក្យសុំសម្រាប់ខ្លួនគេផ្ទាល់ដែរ។ 
 • រូបថតមួយសន្លឹកទំហំ 2"x2" (5សម x 5សម) ដែលទើបថតក្នុងរយៈពេល៦ខែចុងក្រោយ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះអំពីលក្ខខណ្ឌតម្រូវរបស់រូបថត។
 • វិក្កយបត្របង់ប្រាក់ ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ហើយដែលទឹកប្រាក់នេះមិនអាចបង្វិលសងទៅបេក្ខជនវិញបានទេ។ ការបង់ប្រាក់នេះត្រូវបង់ជាដុល្លារសហរដ្ឋអាមេរិក ឬរូបិយប័ណ្ណក្នុងស្រុកក៏បានដែរ។ គេហទំព័រនេះ មានព័ត៌មានបន្ថែមអំពីការបង់ប្រាក់។ ប្រសិនបើគេសម្រេចផ្តល់ទិដ្ឋាការជូន ក្នុងករណីមួយចំនួន អ្នកអាចនឹងត្រូវបង់ប្រាក់ថ្លៃបដិភាព (Visa Issuance Reciprocity Fee) បន្ថែមខ្លះទៀត អាស្រ័យទៅតាមសញ្ជាតិរបស់អ្នក។ សូមអានគេហទំព័រ របស់ក្រសួងការបរទេស ដើម្បីឱ្យដឹងថាតើអ្នកត្រូវបង់ប្រាក់ថ្លៃបដិភាពបន្ថែមនេះដែរឬទេ ហើយតើមានតម្លៃប៉ុន្មានដែរ។

ក្រៅពីសំណុំឯកសារខាងលើនេះ អ្នកក៏ត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ (Appointment Confirmation Letter) ដែលបញ្ជាក់ថាអ្នកបានណាត់ពេលវេលាតាមប្រព័ន្ធអ៊ិនធើណិតរួចហើយ។ ម៉្យាងទៀតអ្នកអាចយកមកជាមួយនូវឯកសារយោងផ្សេងៗ ដែលអ្នកគិតថាអាចជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ជូនទៅមន្រ្តីកុងស៊ុល។ 

របៀបដាក់ពាក្យសុំ

ជំហានទី 1៖

បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តាមប្រព័ន្ធវេបសាយ DS-160។

ជំហានទី 2៖

បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ

ជំហានទី 3៖

ណាត់ពេលវេលាតាមប្រព័ន្ធវិបសាយសម្រាប់សម្ភាសន៍។ ដើម្បីអាចណាត់ពេលវេលាសម្ភាសន៍បាន អ្នកត្រូវមានព័ត៌មានខាងក្រោមនេះ៖

 • លេខលិខិតឆ្លងដែន
 • លេខវិក្កយបត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ សូមចុចទីនេះ ប្រសិនបើអ្នកត្រូវការរកលេខវិក្កយបត្រ។
 • លេខដប់ខ្ទង់នៃបារកូដរបស់ទំព័របញ្ជាក់ទម្រង់ DS-160។

ជំហានទី 4៖

អញ្ជើញទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់។ អ្នកត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ ទំពរ័បញ្ជាក់របស់ទម្រង់ DS-160 រូបថតចំនួនមួយសន្លឹកដែលទើបតែថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ និងច្បាប់ដើមនៃវិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការផង។ ពាក្យសុំទិដ្ឋាការដែលមិនមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់កន្លងមកនេះនឹងមិនអាចអនុញ្ញាតិអោយសម្ភាសន៍បានទេ។ 

ឯកសារយោងនានា

ឯកសារយោងគឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗជាច្រើនទៀតដែលមន្រ្តីកុងស៊ុលនឹងពិចារណានាពេលសម្ភាសន៍។ មន្រ្តីកុងស៊ុលពិនិត្យមើលពាក្យសុំនីមួយៗដាច់ដោយឡែកពីគ្នា ហើយនឹងពិចារណាចំពោះស្ថានភាពការងារវិជ្ជាជីវៈ ស្ថានភាពសង្គម វប្បធម៌ និងស្ថានភាពផ្សេងៗទៀតដែរ។ មន្រ្តីកុងស៊ុលក៏អាចនឹងពិចារណាអំពីគោលបំណងជាក់លាក់របស់អ្នក ស្ថានភាពគ្រួសារ រួមទាំងគម្រោងផែនការ និងទស្សនវិស័យរយៈពេលវែងរបស់អ្នកនៅក្នុងប្រទេសដែលអ្នកកំពុងស្នាក់នៅ។ ករណីទិដ្ឋាការនីមួយៗនឹងត្រូវបានគេពិនិត្យពិចារណាជាលក្ខណៈដាច់ដោយឡែកពីគ្នា ហើយរាល់ការសម្រចចិត្តចំពោះពាក្យសុំទិដ្ឋាការត្រូវតែសមស្របទៅនឹងតម្រូវការរបស់ច្បាប់។

សូមប្រុងប្រយ័ត្ន៖ អ្នកមិនត្រូវប្រើប្រាស់ឯកសារក្លែងក្លាយនោះទេ។ ការក្លែងបន្លំ និងការប្រើប្រាស់ឯកសារ និងព័ត៌មានមិនពិតប្រាកដណាមួយអាចបណ្តាលឱ្យអ្នកបាត់បង់សិទ្ធិមិនអាចទទួលបានទិដ្ឋាការជាអចិន្រ្តៃយ៍តែម្តង។ ប្រសិនបើអ្នកព្រួយបារម្ភពីការរក្សាភាពសម្ងាត់ អ្នកគួរតែយកឯកសារទាំងនេះទៅដាក់នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដោយដាក់នៅក្នុងស្រោមសំបុត្រដែលបិទជិត។ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យបែកធ្លាយ ឬលេចឮព័ត៌មាននេះ ដល់បុគ្គលណាផ្សេងទៀតឡើយ ហើយយើងនឹងគោរពដល់ការសម្ងាត់នៃព័ត៌មានទាំងនេះ។

អ្នកត្រូវយកឯកសារខាងក្រោមនេះទៅជាមួយនៅពេលទៅសម្ភាសន៍។ ជាទូទៅគេតែងតែចង់បានឯកសារច្បាប់ដើមជាជាងច្បាប់ចម្លង ហើយអ្នកត្រូវតែកាន់យកឯកសារទាំងនេះទៅជាមួយនៅពេលទៅសម្ភាសន៍។ សូមចៀសវាងកុំផ្ញើឯកសារយោងទាំងនេះតាមប្រព័ន្ធទូរសារ អ៊ីម៉ែល ឬផ្ញើតាមសំបុត្រទៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។

 • ភស្តុតាងបញ្ជាក់ពីប្រាក់ចំណូលបច្ចុប្បន្ន សៀវភៅធនាគារ ឬលិខិតបញ្ជាក់ពីធនាគារ របាយការណ៍បង់ពន្ធ ប័ណ្ណសំគាល់អចលនទ្រព្យ ឬប័ណ្ណសំគាល់អាជីវកម្មនានា រួមទាំងទ្រព្យសម្បត្តិផ្សេងៗទៀត។
 • ផែនការធ្វើដំណើរ និងការពន្យល់បកស្រាយអំពីគម្រោងជាក់លាក់របស់អ្នក។
 • លិខិតបញ្ជាក់ពីនិយោជកដែលរៀបរាប់អំពីតួនាទីការងាររបស់អ្នក ប្រាក់បៀវត្សរ៍ រយៈពេលដែលអ្នកបានធ្វើការងារនៅទីនោះ រួមទាំងរយៈពេលវិស្សមកាលដែលបានអនុញ្ញាតិឱ្យ ឬការរៀបរាប់បញ្ជាក់ពីគោលបំណងនៃការធ្វើដំណើររបស់អ្នកប្រសិនបើក្នុងនាមការងារជាផ្លូវការ។

លើសពីនេះទៀត អាស្រ័យទៅតាមគោលបំណងនៃការធ្វើដំណើរ អ្នកគួរតែពិចារណាយកឯកសារខាងក្រោមនេះមកជាមួយដែរ៖

សិស្ស-និស្សិត
គួរយកលទ្ធផលសិក្សាចុងក្រោយបំផុត ព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្រផ្សេងៗរួមទាំងភស្តុតាងបញ្ជាក់អំពីថវិកា ដូចជារបាយការណ៍ប្រាក់ចំណូលប្រចាំខែ ប័ណ្ណដាក់ប្រាក់បញ្ញើនៅធនាគារ និងភស្តុតាងផ្សេងៗទៀតដែលមាន។

មនុស្សពេញវ័យដែលកំពុងបម្រើការងារ
គួរយកលិខិតបញ្ជាក់ការងារពីនិយោជករបស់អ្នក និងតារាងប្រាក់បៀវត្សរ៍ក្នុងរយៈពេលពីរបីខែចុងក្រោយ។

អ្នកជំនួញ និងនាយកក្រុមហ៊ុន
គួរយកភស្តុតាងបញ្ជាក់អំពីតួនាទីមុខតំណែង និងប្រាក់ចំណូលរបស់អ្នកក្នុងក្រុមហ៊ុន។

ទៅលេងបងប្អូនសាច់ញាតិ
គួរយកច្បាប់ចម្លងនៃភស្តុតាងដែលបញ្ជាក់ពីស្ថានភាពរបស់សាច់ញាតិទាំងនោះ ឧទាហរណ៍ដូចជាប័ណ្ណដែលទទួលបានសិទ្ធរស់នៅស្របច្បាប់ (Green Card) វិញ្ញាបនបត្រចូលសញ្ជាតិ (Naturalization Certificate) ឬច្បាប់ថតចម្លងនៃទិដ្ឋាការដែលនៅមានសុពលភាពជាដើម។ល។

សម្រាប់បេក្ខជនដែលធ្លាប់បានទៅសហរដ្ឋអាមេរិកពីមុន
ប្រសិនបើអ្នកធ្លាប់បានទៅសហរដ្ឋអាមេរិក សូមយកឯកសារទាំងឡាយណាដែលបញ្ជាក់ពីស្ថានភាពអន្តោប្រវេសន៍ ឬស្ថានភាពទិដ្ឋាការរបស់អ្នក។ 

ឯកសារយោងសម្រាប់បេក្ខជនទៅព្យាបាលជំងឺ

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទៅព្យាបាលជំងឺ អ្នកគួរតែត្រៀមរៀបចំឯកសារដូចខាងក្រោមបន្ថែមទៅលើឯកសារផ្សេងៗដែលបានរៀបរាប់ខាងលើ ហើយឯកសារទាំងនេះអាចជាឯកសារដែលមន្រ្តីកុងស៊ុលតម្រូវឱ្យមាន៖

 • របាយការណ៍បញ្ជាក់រោគវិនិច្ឆ័យពីវេជ្ជបណ្ឌិតក្នុងស្រុករៀបរាប់អំពីស្ថានភាពជម្ងឺរបស់អ្នក និងហេតុផលដែលតម្រូវឱ្យអ្នកទៅព្យាបាលនៅសហរដ្ឋអាមេរិក។

 • លិខិតបញ្ជាក់ពីវេជ្ជបណ្ឌិត ឬមណ្ឌលវេជ្ជសាស្រ្តនៅសហរដ្ឋអាមេរិក ដែលបង្ហាញពីឆន្ទៈរបស់គេក្នុងការព្យាបាលជំងឺនេះ និងការរៀបរាប់លម្អិតពីរយៈពេល និងតម្លៃដែលត្រូវចំណាយសម្រាប់ការព្យាបាលនេះ (រួមទាំងថ្លៃវេជ្ជបណ្ឌិត ថ្លៃចំណាយនៅមន្ទីរពេទ្យ និងចំណាយផ្សេងៗដែលពាក់ព័ន្ធនឹងការព្យាបាលនេះ)។

 • លិខិតបញ្ជាក់ពីការយល់ព្រមទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុពីបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយដែលជាអ្នកបង់ប្រាក់ថ្លៃចំណាយសម្រាប់ការធ្វើដំណើរ ថ្លៃពេទ្យ និងថ្លៃស្នាក់នៅ។ បុគ្គលដែលធានាបង់ប្រាក់នេះត្រូវផ្តល់ភស្តុតាងបញ្ជាក់ពីលទ្ធភាពរបស់ពួកគេ ជារឿយៗគេអាចយកលិខិតបញ្ជាក់ពីធនាគារ ឬរបាយការណ៍ប្រាក់ចំណូល ឬប្រាក់សន្សំ ឬក៏អាចយកច្បាប់ចម្លងនៃរបាយការណ៍បង់ពន្ធលើប្រាក់ចំណូលដោយមានប្រថាប់ត្រាសារការីបញ្ជាក់ផង។

ការធ្វើបច្ចុប្បន្នភាពទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (EVUS)

យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងការពន្យារសុពលភាពទិដ្ឋាការ ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦​ ពលរដ្ឋចិនទាំងអស់ដែលមានទិដ្ឋាការប្រភេទ B1 ប្រភេទ B2 ឬប្រភេទ B1/B2 ដែលមានសុពលភាព១០ឆ្នាំនៅក្នុងលិខិតឆ្លងដែនសាធារណរដ្ឋប្រជាមានិតចិននឹងតម្រូវឲ្យធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីប្រវត្តិរូប និងព័ត៌មានផ្សេងទៀតពីពាក្យសុំទិដ្ឋាការរបស់ពួកគេ តាមរយៈគេហទំព័ររៀងរាល់ពីរឆ្នាំម្តង ឬនៅពេលដែលគេទទួលបានលិខិតឆ្លងដែនថ្មី ឬទិដ្ឋាការប្រភេទ B1​ ប្រភេទ B2 ​ឬប្រភេទ B1/B2 អាស្រ័យលើមួយណាដែលគេទទួលបានមុន។ ប្រព័ន្ធនេះមានឈ្មោះថា EVUS ពោលគឺការធ្វើបច្ចុប្បន្នភាពទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច។ 

គេហទំព័រ EVUS នាពេលនេះបានបើកជាសាធារណៈទទួលការចុះឈ្មោះតាមរយៈ www.evus.gov ។ ស្ថាប័នគយ និងសន្តិសុខព្រំដែន (CBP) លែងយកថ្លៃសេវាចុះឈ្មោះ EVUS ហើយនៅពេលនេះ។ ស្ថាប័នគយ និងសន្តិសុខព្រំដែន (CBP) អាចនឹងយកថ្លៃចុះឈ្មោះ​ EVUS នៅថ្ងៃអនាគត ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយ។ ទម្រាំដល់ពេលចាប់ផ្តើមអនុវត្តយកថ្លៃសេវា អ្នកទេសចរណ៍ទាំងអស់អាចចុះឈ្មោះ EVUS ដោយមិនគិតថ្លៃ។ ស្ថាប័នគយ និងសន្តិសុខព្រំដែន (CBP) នៃក្រសួងសន្តិសុខមាតុភូមិ នឹងជូនដំណឹងដល់អ្នកកាន់ទិដ្ឋាការអំពីព័ត៌មានថ្មីៗ​ជាប្រចាំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ www.cbp.gov/EVUS ។

ព័ត៌មានផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែមអំពីទិដ្ឋាការជំនួញ ឬទេសចរណ៍ សូមចូលមើលគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។